រឿងភាគល្បីឈ្មោះ Squid Game រដូវកាលទី ២ បានឈរឈ្មោះត្រៀមដណ្ដើមពានរង្វាន់ Best Television Series នៅក្នុងក្មមវិធី Golden Globe Awards លើកទី ៨២។ នេះជាប្រវត្តិសាស្រ្តថ្មីមួយក្នុងនាមជាភាពយន្តកម្រដែលមានឱកាសចូលរួមដណ្ដើមពានរង្វាន់តាំងតែមិនទាន់ចាក់ផ្សាយជាផ្លូវការ។
យោងតាមតារាងបេក្ខភាពដែលបានបញ្ចេញកាលពីថ្ងៃចន្ទ ភាពយន្តភាគបែបរន្ធត់របស់ Netflix នឹងត្រូវចូលរួមប្រកួតជាមួយនឹងរឿងភាគទូរទស្សន៍អន្តរជាតិប្រភេទស៊េរីដទៃទៀត ដូចជា The Day of the Jackal, The Diplomat, Mr. & Mrs. Smith, Shogun និង Slow Horses ដោយលទ្ធផលនឹងប្រកាសក្នុងកម្មវិធី នៅឯថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។
ត្បិតមិនទាន់បានចាក់ផ្សាយក៏ពិតមែន តែ Netflix បានឆ្លៀតក្ដោបឱកាសនេះ ដោយបញ្ជូនសាច់រឿងរបស់ខ្លួនទៅកាន់វេទិកានេះតាមពេលពេលកំណត់ និងតាមលក្ខខណ្ឌរបស់កម្មវិធី។ ជាក់ស្ដែង Golden Globe តម្រូវឱ្យអ្នកដាក់ភាពយន្តប្រកួតទាំងអស់ បញ្ជូនសាច់រឿងមកកាន់គណៈកម្មការវាយតម្លៃនៅត្រឹមថ្ងៃទី៤ វិច្ឆិកា និងត្រូវតែភាពយន្តដែលចាក់ផ្សាយនៅក្នុងឆ្នាំនេះ សមស្របទៅនឹងគម្រោងរបស់ Netflix ដែលត្រៀមបញ្ចេញរឿងភាគរបស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ។
ជាក់ស្ដែង គម្រោងចេញផ្សាយនៅចុងឆ្នាំនេះ ក៏ជាចំណុចមួយដែលពិភពលោកកំពុងតែរង់ចាំសង្កេតមើល ពីសន្ទុះគាំទ្ររបស់រឿង Squid Game វគ្គថ្មីនេះដែរ។ ជាធម្មតា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកច្រើនជៀសវាងការចេញផ្សាយមាតិកាថ្មីរបស់ខ្លួននៅចុងឆ្នាំ ព្រោះវាអាចនឹងមិនសូវទទួលបានជោគជ័យខ្លាំងនៅគ្រាដំបូង ដោយសារតែទស្សនិកជនភាគច្រើនអាចនឹងជាប់រវល់នឹងកម្មវិធីធំៗ ដូចជា បុណ្យណូអែល និងបុណ្យឆ្លងឆ្នាំជាដើម។
គួរបញ្ជាក់ដែរថា កាលពីរដូវកាលទី១ Squid Game បានទទួលជោគជ័យម្ដងរួចហើយនៅក្នុងកម្មវិធី Golden Globe លើកទី៧៩ ដោយគ្រានោះរឿងភាគមួយនេះបានឈរឈ្មោះដណ្ដើមពាន Best TV Drama, Best Actor សម្រាប់តួសម្ដែង Lee Jung-Jae និង Best Supporting actor សម្រាប់លោក O Yeong Su។
ជាលទ្ធផល O Yeong Su ដែលសម្ដែងជាបេក្ខភាព០០១ លោកតា Oh Il-nam បានក្លាយជាតារាសម្ដែងកូរ៉េខាងត្បូងដំបូងបង្អស់ដែលឈ្នះពានរង្វាន់ពីកម្មវិធី Golden Globe ៕