សារព័ត៌មានតន្ត្រីអាមេរិក Billboard បានដាក់ឈ្មោះ Taylor Swift ជាសិល្បករស្រីដ៏អស្ចារ្យបំផុតប្រចាំសតវត្សទី ២១ បន្ទាប់ពីតារាស្រីរូបនេះបានជាប់ចំណាត់ថ្នាក់កំពូលច្រើនជាងគេលើតារាង Billboard 200 និង Billboard Hot 100 ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៤។


Billboard បានឱ្យដឹងថា Taylor Swift បានចេញអាល់ប៊ុមចំនួន ១៤ រួមទាំងអាល់ប៊ុមថ្មីដែលនាងបានថតឡើងវិញជា Taylor’s Version ហើយអាល់ប៊ុមទាំងអស់សុទ្ធតែបានជាប់ក្នុងតារាង Billboard 200 ធ្វើឱ្យនាងក្លាយជាសិល្បករស្រីដែលបានជាប់ចំណាត់ថ្នាក់លេខ១ ច្រើនដងជាងគេក្នុងប្រវត្តិសាស្ត្រ។
ទន្ទឹមនោះ តារាចម្រៀងស្រីវ័យ ៣៥រូបនេះក៏មានបទចម្រៀងរហូតដល់ ១២ បទបានជាប់លេខ១ លើតារាង Billboard Hot 100 រួមមានបទ Cruel Summer, Anti-Hero, Shake If Off, Blank Space, Bad Blood, We Are Never Getting Back Together, Is It Over Now? (Taylor’s Version), Look What You Made Me Do, Willow, Fortnight, All too Well (Taylor’s Version) និងបទ Cardigan។
ក្រៅពីនេះ អាល់ប៊ុម Midnights បានធ្វើឱ្យនាងក្លាយជាសិល្បករដំបូងគេដែលមានបទចម្រៀងជាប់នៅចំណាត់ថ្នាក់កំពូលទាំង ១០ នៅលើតារាង Billboard Hot 100 ហើយអាល់ប៊ុម The Tortured Poets Department បានធ្វើឱ្យនាងទទួលបានជោគជ័យម្តងទៀតដោយបានជាប់ចំណាត់ថ្នាក់កំពូលជាប់ៗគ្នាពីលេខ១ ដល់លេខ ១៤។
គួរបញ្ជាក់ថា Taylor Swift បានជាប់ឈ្មោះជា “កំពូលសិល្បករ” នៅលើ Billboard រហូតដល់ ៤ ដង គឺនៅឆ្នាំ២០០៩, ២០១៥, ២០២៣ និង ២០២៤ ដែលជាការជាប់ច្រើនជាងគេ គិតចាប់តាំងពីការចាត់ថ្នាក់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១។
បន្ទាប់ពី Taylor Swift អ្នកដែលជាប់ចំណាត់ថ្នាក់បន្តក្នុងបញ្ជីនេះរួមមានតារាចម្រៀង Rihanna, Beyoncé, Adele, Katy Perry, Lady Gaga, P!nk, Ariana Grande, Miley Cyrus និង Alicia Keys ដែលជាប់ចំណាត់ថ្នាក់រៀងគ្នាពីលេខ២ដល់លេខ១០។
បន្ថែមពីលើការទទួលបានតំណែងជាសិល្បករស្រីដ៏អស្ចារ្យបំផុតនៃសតវត្សទី ២១ នេះ កាលពីឆ្នាំ ២០១៩ Billboard ក៏ធ្លាប់បានដាក់ឈ្មោះនាងថាជាស្ត្រីប្រចាំទសវត្សរ៍ ឬ Woman of the Decade ផងដែរ ដែលឆ្លុះបង្ហាញពីតំណែងដ៏រឹងមាំរបស់នាងនៅក្នុងឧស្សាហកម្មតន្ត្រី ៕


























Account
Security
Favourite Content