កំពូលតារាចម្រៀងអាមេរិក Taylor Swift បានបំបែកកំណត់ត្រាជាច្រើនក្នុងវិស័យតន្ត្រីឆ្នាំនេះ ជាមួយអាល់ប៊ុមទី១០របស់នាង ទាំងតួលេខនៃការលក់អាល់ប៊ុម ចំណាត់ថ្នាក់លើតារាងចម្រៀង និងការចូលស្ដាប់លើអ៊ិនធើណិត។
ផលិតកម្ម Universal Music Group បានប្រកាសកាលពីថ្ងៃទី២២ ខែធ្នូ ថា អាល់ប៊ុម “Midnights” របស់តារាចម្រៀងប៉ុប Taylor Swift បានលក់ដាច់ជាង ៦លានឈុតនៅទូទាំងពិភពលោកក្នុងរយៈពេល ៨សប្តាហ៍ចាប់តាំងពីការចេញលក់នៅថ្ងៃទី ២១ ខែតុលា។
ក្នុងនោះ អាល់ប៊ុមចំនួន ១,៦លានឈុតត្រូវបានលក់ដាច់ក្នុងសប្ដាហ៍ដំបូង ដែលធ្វើឱ្យTaylor Swift ក្លាយជាសិល្បករដំបូងគេដែលមាន “អាល់ប៊ុមចំនួន ៥ អាចលក់ដាច់ច្រើនជាងមួយលានឈុតក្នុងអំឡុងពេលចេញលក់សប្តាហ៍ដំបូង”។

បច្ចុប្បន្ន “Midnights” គឺជាអាល់ប៊ុមដែលលក់ដាច់បំផុតរបស់ Swift ហើយនាងគឺជាសិល្បករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៅលើតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិកជាមួយនឹងបទចម្រៀងក្នុងអាល់ប៊ុមខាងលើកាលពីចុងខែតុលា។
អាល់ប៊ុមដដែលនេះក៏បានបំបែកកំណត់ត្រានៅលើសេវា Streaming Spotify ផងដែរដោយបានក្លាយជាអាល់ប៊ុមដែលមានការចូលស្ដាប់នៅថ្ងៃដំបូងច្រើនបំផុត។
ភ្ជាប់ជាមួយភាពជោគជ័យនៃអាល់ប៊ុមនេះ តារាចម្រៀងម្ចាស់ពាន Grammy ចំនួន ១១ពានរូបនេះក៏បានប្រកាសពីការប្រគំតន្ត្រីទេសចរណ៍នៅអាមេរិកលើកដំបូងក្នុងរយៈពេល៥ឆ្នាំចុងក្រោយផងដែរ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Glendale ហើយនិងបញ្ចប់នៅទីក្រុង Los Angeles នៅដើមខែសីហា ៕



























Account
Security
Favourite Content