Taylor Swift បានប្រកាសបញ្ចេញអាល់ប៊ុមថ្មី ទី ១២ គឺ “The Life of a Showgirl” ដោយទទួលបើកកក់ចាប់តាំងពីថ្ងៃទី១២ ម៉ោង ១២៖១២ នាទីព្រឹកនេះ តែនៅមិនទាន់បង្ហើបថ្ងៃចេញផ្សាយជាផ្លូវការនៅឡើយទេ។
ជាក់ស្ដែង Taylor Swift បានបង្ហើបដំណឹងល្អសម្រាប់អ្នកគាំទ្រនេះ នៅលើវីដេអូខ្លីពីកម្មវធីផតខាស New Height Show ដែលមានមិត្តប្រុសរបស់នាង គឺ Travis Kelce និង Jason ធ្វើជាពិធីករ ដោយតារាចម្រៀងវ័យ ៣៥ឆ្នាំ បានបើកបង្ហាញក្របអាល់ប៊ុមពេញខ្នាតទី១២ របស់ខ្លួន ជាមួយនឹងឈ្មោះថា The Life of a Showgirl។
ដូចគ្នាដែរ នៅថ្ងៃទី១២ ម៉ោង ១២៖១២ នាទី នេះ Taylor Swift ក៏បានចាប់ផ្ដើមបើកការកក់អាល់ប៊ុមរបស់ខ្លួនជាផ្លូវការតាមរយៈគេហទំព័រផ្ទាល់ខ្លួន ដោយមាន ៣ ជម្រើសឱ្យជ្រើសរើស រួមមានទម្រង់ជាថាសចម្រៀង កាសែត និងស៊ីឌី ដោយសន្យាថា នឹងដឹកជញ្ចូនជូនអតិថិជនមុនថ្ងៃទី១៣ ខែតុលា។

ដ្បិតមានការសន្យាបែបនេះក្ដី តែខាងគេហទំព័រផ្ទាល់ក៏បានបញ្ជាក់ផងដែរថា កាលបរិច្ឆេទនេះមិនមែនជាថ្ងៃដែលអាល់ប៊ុមចេញផ្សាយជាផ្លូវការនោះទេ ឯថ្ងៃចេញផ្សាយពិតប្រាកដនោះ ក៏នៅមិនទាន់បង្ហើបឱ្យសាធារណជនដឹងនៅឡើយដែរ។
គួរឱ្យដឹងផងដែរថា មុននឹងឈានដល់អាល់ប៊ុមទី១២ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ អ្នកចម្រៀងមានងារជាសេដ្ឋីនីរូបនេះ បានបញ្ចេញអាល់ប៊ុមទី១១ របស់ខ្លួន ដែលមានឈ្មោះថា The Tortured Poets Departments។ ក៏ប៉ុន្តែក្រោយរយៈពេល ២ម៉ោងនៃការចេញផ្សាយ នាងបានសម្រេចចិត្តបន្ថែមចម្រៀងមួយឈុតទៀតគឺ The Anthology ចូលទៅកាន់អាល់ប៊ុមដដែលនេះ ក្លាយទៅជា Double Album ដែលមានចម្រៀង ២ឈុតផ្សេងគ្នា ស្ថិតនៅក្រោមអាល់ប៊ុមទី ១១ តែមួយ៕


























Account
Security
Favourite Content