អ្នកនិពន្ធ និងដឹកនាំរឿង Hwang Dong Hyuk បាននិយាយថា បច្ចុប្បន្ននេះ លោកនៅមិនទាន់ទទួលបានការស្នើសុំទិញសិទ្ធិផលិតរឿងនេះឡើងវិញនោះទេ។ យ៉ាងណាមិញអាចនឹងមានរឿងផ្សេងគ្នាដាច់ដោយឡែក ដែលមានគំនិតផ្អែកតាមគ្រោងរឿងរបស់ Squid Game។

នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយនឹងសារព័ត៌មាន Xports News លោក Hwang Dong Hyuk បានឱ្យដឹងពីសាច់រឿងផ្សេងៗជុំវិញរឿង Squid Game រដូវកាលចុងក្រោយនេះ ព្រមគ្នានឹងសុខភាពរបស់លោក ក្រោយចំណាយពេលផលិតរឿងនេះអស់ពេលជាង ៦ឆ្នាំ។
ប្រធានបទមួយទៀត ដែលលោកបានចែករំលែកនៅក្នុងកិច្ចសម្ភាសន៍នេះ គឺទាក់ទងនឹងពាក្យចចាមអារ៉ាមដែលថា ហូលីវូដបានទិញសិទ្ធិទៅផលិតឡើងវិញ។ ជាក់ស្ដែង មុននឹងរដូវកាលទី ២បានចាក់ផ្សាយ មានព័ត៌មានលេចឮម្ដងហើយថា អ្នកដឹកនាំរឿង David Fincher នឹងផលិតរឿងនេះឡើងវិញ ក៏ប៉ុន្តែ Netflix បានច្រានចោលការលើកឡើងនេះ។

យ៉ាងណាមិញ នៅឈុតឆាកចុងក្រោយនៃរដូវកាលទី ៣នេះ Netflix បែរជាមានបញ្ចូលនូវឈុតឆាកមួយ នាំឱ្យអ្នកគាំទ្រយល់ថា អាចជាតម្រុយនៃការផលិតរឿងនេះឡើងវិញលើទឹកដីអាមេរិក ដោយឈុតនោះមានតារាស្រី Cate Blanchett បានបង្ហាញខ្លួនក្នុងនាមជា Ttakji Woman។
ឆ្លើយតាមជុំវិញរឿងខាងលើ អ្នកដឹកនាំរឿងវ័យ ៥៤ឆ្នាំ បានឆ្លើយតបវិញថា៖ “ខ្ញុំមិនបានឮអ្វីជាផ្លូវការទេ។ ខ្ញុំក៏មិនទាន់ដឹងព័ត៌មានច្បាស់លាស់ដែរ។ បើខ្ញុំទទួលបានសំណើនេះ ខ្ញុំនឹងពិចារណាវាយ៉ាងហ្មត់ចត់”។
យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិកនៅគ្រាមុន លោកក៏ធ្លាប់បង្ហាញដែលថា អាចនឹងមានឱកាសផលិតរឿងថ្មីផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធគ្នានឹងរឿង Squid Game ក៏ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា វាមិនប្រាកដនឹងអាចកើតឡើងទេ តែបើឱកាសមកដល់ លោកនឹងសាកល្បងធ្វើវា។

គួរឱ្យដឹងផងដែរថា ភាពជោគជ័យនៅក្នុងរឿងភាគទាំង ៣រដូវកាលនេះ Hwang Dong Hyuk អាចនឹងទទួលបានឱកាសច្រើនពីទឹកដីហូលីវូដ ក៏ប៉ុន្តែលោកបានឱ្យដឹងវិញថា ពេលនេះលោកចង់សម្រាកព្យាបាលរាងកាយសិន និងត្រឡប់មកប្រើជីវិតដូចមុន ដោយមិនទាន់គិតគូរដល់ឱកាសទាំងនោះទេ ៕


























Account
Security
Favourite Content