កាលពីថ្ងៃទី១៦ ខែធ្នូនេះ ក្រុមហ៊ុន Pledis Entertainment បាននិយាយថាក្រុមចម្រៀងបុរស Seventeen អាចលក់អាល់ប៊ុមបានជិតគ្រប់ ១០ លានបន្ទះហើយនៅឆ្នាំ២០២៤។

ផ្អែកតាមទិន្នន័យពី Circle Chart បានបង្ហាញថាក្រុមចម្រៀង Seventeen អាចលក់អាល់ប៊ុមបានខ្ទង់ ៩,៧ លានច្បាប់ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ។ ផលិតកម្ម Pledis Entertainment ដែលជាទីភ្នាក់ងាររបស់ក្រុមចម្រៀងមានសមាជិក ១៣នាក់មួយនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ពួកគេរំពឹងថាការលក់អាល់ប៊ុមសម្រាប់ខែធ្នូ នឹងជួយឱ្យពួកគេឈានដល់គ្រប់ ១០ លានបន្ទះ បន្ទាប់ពីកាលពីឆ្នាំ២០២៣ ពួកគេធ្លាប់សម្រេចបានការលក់អាល់ប៊ុមដល់ ១០ លានបន្ទះរួចមកហើយ។
ទន្ទឹមនឹងតួលេខលក់អាល់ប៊ុមបានយ៉ាងច្រើនលើសលប់ ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករយៈពេលពេញមួយឆ្នាំរបស់ក្រុមចម្រៀងនេះមានឈ្មោះថា “Seventeen in Carat Land” និង “Right Here” ក៏អាចលក់សំបុត្រដាច់អស់ៗគ្រប់ការសម្ដែងដែរ។
ភាពលេចធ្លោផ្សេងទៀតសម្រាប់ Seventeen ក្នុងឆ្នាំនេះគឺពួកគេបានក្លាយជាសិល្បករ K-pop ដំបូងដែលអាចរៀបចំការប្រគំតន្ត្រីទោលនៅពហុកីឡាដ្ឋាន Olympic Sports Center ក្នុងទីក្រុងម៉ាកាវ ហើយក៏បានឈ្នះពានរង្វាន់នៅក្នុងកម្មវិធី MTV Video Music Awards និងពានរង្វាន់ Billboard Music Awards របស់អាមេរិកថែមទៀត។ មិនតែប៉ុណ្ណោះ កាលពីខែមិថុនា ពួកគេត្រូវបានអង្គការយូណេស្កូតែងតាំងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈដំបូងបំផុតសម្រាប់យុវជន។
សម្រាប់ឆ្នាំក្រោយ ២០២៥ ដែលជាខួបទី ១០ នៃការបង្ហាញខ្លួនដំបូងរបស់ពួកគេផងដែរ Seventeen មានគម្រោងចេញសម្តែងនៅទីក្រុងមួយចំនួននៅអាស៊ីសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ “Right Here” ក្នុងខែមករា ហើយក្នុងខែមេសានឹងបន្តទៅសម្ដែងក្នុងមហោស្រពតន្ត្រីប្រចាំឆ្នាំ Tecate Pa’l Norte របស់ប្រទេសម៉ិកស៊ិក ៕


























Account
Security
Favourite Content