ផ្អែកតាម Rolling Stone តារាចម្រៀង Rosé, Ed Sheeran, RAYE និងសិល្បករអន្តរជាតិជាច្រើនរូបទៀត បានសហការគ្នាបញ្ចេញស្នាដៃ “F1: The Album” ដែលជាអាល់ប៊ុមចម្រៀងប្រកបខ្សែភាពយន្ត F1 សម្តែងដោយតារាប្រុស Brad Pitt ។

នេះគឺជាលើកដំបូងរបស់ Rosé ដែលបានរួមស្នាដៃនៅក្នុងវិស័យភាពយន្តហូលីវូដ ដែលតារាខេប៉ុបរូបនេះ នឹងបង្ហើរសំនៀងនៅក្នុងបទ Messy។ ដោយឡែក សម្រាប់តារាចម្រៀងសញ្ជាតិអង់គ្លេស Ed Sheeran វិញ លោកនឹងមានបទចម្រៀងមួយបទដែរនៅក្នុងអាល់ប៊ុមនោះ គឺបទ Drive ស្របពេលដែលតារាស្រី RAYE ក៏នឹងចេញចម្រៀងចំណងជើងថា Grandma Calls the Boys Bad News។
បន្ថែមពីសិល្បករទាំងបីដែលបានរៀបរាប់ខាងលើ អាល់ប៊ុមនេះក៏មានការចូលរួមពីសិល្បករមួយចំនួនទៀតផងដែរ រួមមាន Tate McRae, Burna Boy, Roddy Rich, Chris Stapleton, Dom Dolla, Tiësto, Sexyy Red, Myke Towers និង Madison Beer ជាដើម។

ស្នាដៃរួមសិល្បករជាច្រើនរូបនេះ នឹងមានចម្រៀងសរុបចំនួន ១៧បទ ដែលមានផលិតករដៃឯកម្ចាស់ពានរង្វាន់ GRAMMY គឺលោក Kevin Weaver ជាផលិតករគោល។ ជាក់ស្ដែង ផលិតករពីផលិតកម្ម Atlantic Records រូបនេះ ក៏ធ្លាប់មានស្នាដៃប្រកបភាពយន្តរឿង Barbie និង Twisters ផងដែរ។
គួរឱ្យដឹងដូចគ្នាថា F1: The Album នឹងចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ ជាថ្ងៃតែមួយដែលភាពយន្តរឿង F1 ដាក់សម្ពោធជាផ្លូវការ។ យ៉ាងណាមិញ ថ្មីៗនេះខ្សែភាពយន្តពីកម្មវិធីប្រណាំងឡានមួយនេះ ក៏ទើបតែបញ្ចេញបទ Lose My Mind របស់ Don Toliver និង Doja Cat ផងដែរ៕























Account
Security
Favourite Content