Rosé សមាជិក BLACKPINK ចុះកុងត្រាសម្រាប់ការងារទោលក្នុងទីផ្សារអន្តរជាតិជាមួយនឹងផលិតកម្មចម្រៀងលំដាប់ជួរមុខអាមេរិក Atlantic Records និងត្រៀមបញ្ចេញបទថ្មីក្នុងពេលឆាប់ៗនេះ។ ទន្ទឹមគ្នានោះ Jennie ក៏កំពុងតែបង្កការសង្ស័យពីការចេញបទចម្រៀងថ្មីដែរ។

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ Rosé បាននាំយកដំណឹងល្អជូនដល់អ្នកគាំទ្ររបស់នាង តាមរយៈការបង្ហោះមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ផ្ទាល់ខ្លួនរបស់នាង។ រូបថតមិនប៉ុន្មានសន្លឹក ភ្ជាប់ជាមួយនឹងសារខ្លីនៅពីក្រោមរូបថតនោះ តារាស្រីវ័យ ២៧ឆ្នាំរូបនេះបានរៀបរាប់ពីការសហការគ្នារបស់ខ្លួននឹងផលិតកម្មអាមេរិកមួយនេះ។
“ខ្ញុំពិតជារីករាយណាស់ក្នុងការប្រកាសប្រាប់អ្នកពីការចុះកិច្ចសន្យារបស់ខ្ញុំជាមួយនឹង Atlantic Records!!! ខ្ញុំដឹងថាអ្នកទំាងអស់គ្នារង់ចាំយូរណាស់មកហើយ ក៏ប៉ុន្តែខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នានឹងត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងក្នុងពេលប៉ុន្មានខែទៀត!!” Rosé រៀបរាប់បែបនេះ។


បន្ថែមពីការបង្ហោះពីអ្នកចម្រៀងរបស់ខ្លួន Atlantic Records ក៏បានប្រកាសពីដំណឹងនេះទៅកាន់សាធារណជនដូចគ្នាដែរ ដោយផលិតកម្មបានបង្ហាញរូបថតរបស់ Rosé កាន់ផ្កាកុលាបក្រហមមួយថូធំនៅលើគណនី Instagram ភ្ជាប់ជាមួយនឹងសំណេរខ្លីតែកក់ក្ដៅថា៖ “ស្វាគមន៍មកកាន់គ្រួសារ”។
គួរបញ្ជាក់ថា Atlantic Records គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយស្ថិតនៅក្រោម Warner Music Group និងជាក្រុមហ៊ុនផលិតចម្រៀងដ៏ល្បីមួយលើពិភពលោកដោយមានការសហការជាមួយសិល្បករជាច្រើនរួមមាន Bruno Mars, Coldplay, Ed Sheeran និង Cardi B ជាដើម។
គួររំឭកដែរថា Rosé បានចុះហត្ថលេខាជាមួយ THEBLACKLABEL កាលពីខែមិថុនា សម្រាប់ការងារទោលក្នុងប្រទេសកូរ៉េ បន្ទាប់ YG Entertainment ប្រកាសថាសមាជិក BLACKPINK នឹងបន្តកុងត្រាជាមួយខ្លួនសម្រាប់តែការងារក្រុម ហើយមិនបន្តកិច្ចសន្យាសម្រាប់សកម្មភាពទោល ។

ដោយឡែក សម្រាប់មិត្តរួមក្រុមវិញ Jennie ក៏បានបង្ហាញតម្រុយពីការចេញបទថ្មីរបស់ខ្លួនដែរ។ កាលពីថ្ងែ២៦ ខែកញ្ញានេះ អ្នកគាំទ្ររបស់នាងជាច្រើនរូបបានប្រទះឃើញបំណែករូបផ្គុំជាច្រើន ដែលក្រោយពីផ្គុំបំណែករូបទាំងអស់នោះចូលគ្នា លទ្ធផលគឺជារូបភាពពេញលេញដូចខាងលើ។
ជាមួយនឹងរូបភាពមួយនេះ អ្នកគាំទ្ររបស់តារាស្រីសមាជិកក្រុម BLACKPINK រូបនេះបានសង្កេតឃើញលេខ “1011” នៅលើផ្លូវ ដែលនាំឱ្យមានការសង្ស័យថា នេះជាលេខនៃថ្ងៃខែដែល Jennie គ្រោងនឹងចេញចម្រៀងរបស់ខ្លួន។
គួរបញ្ជាក់ផងដែរ កាលពីពេលថ្មីៗនេះ Jennie ទើបតែប្រកាសថាខ្លួនបានចុះកុងត្រាជាមួយនឹង Columbia Records សម្រាប់ការងារជាសិល្បករទោល។
























Account
Security
Favourite Content