តារាចម្រៀងខេប៉ុបនារី Rosé នឹងចូលរួមដណ្ដើមពានរង្វាន់ចំនួន ២ គឺ តារាខេប៉ុបសម្បូរអ្នកចូលចិត្តបំផុត និង ការសហការឆ្នើមប្រចាំឆ្នាំ ពីកម្មវិធី American Music Awards ដែលត្រៀមរៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភានេះ។

បើគិតចាប់តាំងពីបទ APT. ចេញដំបូងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ស្នាដៃរួមគ្នារវាង Rosé និង Bruno Mars មួយនេះបានបញ្ចេញជូនមហាជនស្ដាប់អស់រយៈពេល ៦ខែទៅហើយ តែចម្រៀងដែលមានការទស្សនាជាង ១.៥ ពាន់លានដងនៅលើយូធូបនេះ នៅតែមានប្រជាប្រិយភាពខ្លាំងមកទល់នឹងពេលសព្វថ្ងៃនេះ។
ជាក់ស្ដែង APT. ត្រូវបានកម្មវិធី American Music Awards ស្នើឈ្មោះឱ្យជាបេក្ខភាពសម្រាប់ពានរង្វាន់ ការសហការឆ្នើមប្រចាំឆ្នាំ ជាមួយបទចម្រៀងពីសហរដ្ឋអាមេរិកជាច្រើនចំណងជើងទៀត ដូចជា បទ Luther របស់ Kendrick Lamar និង SZA, Miles on It របស់ Marshmello និង Kane Brown, I Had Some Sleep របស់ Post Malone និង Morgan Wallen, Fortnight របស់ Taylor Swift និង Post Malone និងបទ Die With A Smile របស់ Lady Gaga រួមគ្នាជាមួយ Bruno Mars។

ពានរង្វាន់មួយទៀត ដែលតារាស្រីវ័យ ២៨ឆ្នាំរូបនេះ មានឱកាសបានចូលរួមដណ្ដើមដូចគ្នានោះ គឺពានរង្វាន់តារាខេប៉ុបសម្បូរអ្នកចូលចិត្តបំផុត ដោយនាងនឹងត្រូវប្រកួតប្រជែងជាមួយនឹង ATEEZ, Jimin, RM និង Stray Kids។ គួរឱ្យដឹងដែរថា BLACKPINK ដោយផ្ទាល់ ក៏ធ្លាប់បានឈរឈ្មោះជាបេក្ខភាពសម្រាប់ពានរង្វាន់តែមួយនេះ កាលពីឆ្នាំ២០២២ ម្ដងរួចមកហើយ តែគ្រានោះ BTS ជាម្ចាស់ពានរង្វាន់នេះ។
សូមបញ្ជាក់ថា កម្មវិធី American Music Awards ២០២៥ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ដោយមាន Jennifer Lopez ជាពិធីការិនី។ ទន្ទឹមគ្នានេះ តារារ៉េបអាមេរិក Kendrick Lamar ជាសិល្បករដែលលេចធ្លោបំផុត ដោយមានឈ្មោះដណ្ដើមពានរង្វាន់រហូតដល់ទៅ ៨ពាន។

ទាក់ទងនឹងការសម្រេចថាតារារូបណានឹងក្លាយជាម្ចាស់ពាន គឺស្ថិតនៅលើសំឡេងបោះឆ្នោតរបស់សាធារណជន ដែលកម្មវិធីនឹងចាប់ផ្ដើមបើឱ្យបោះឆ្នោតនៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះតទៅ៕























Account
Security
Favourite Content