បទ APT. ស្នាដៃរួមគ្នារវាង Rosé និង Bruno Mars បង្កើតប្រវត្តិសាស្រ្តថ្មី ជាចម្រៀងដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S បានយូរជាងគេ វ៉ាដាច់បទ All I Want for Christmas is You របស់ Mariah Carey។

យោងតាមអត្ថបទរបស់ Billboard ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ បានឱ្យដឹងថា បទ APT. របស់សមាជិកក្រុមចម្រៀងនារី BLACKPINK បានឈរឈ្មោះនៅក្នុងចំណាត់ថ្នាក់លេខ១ លើតារាង Billboard Global Excl. U.S អស់រយៈពេល ១៥សប្ដាហ៍ជាប់គ្នា។ ជាក់ស្ដែង ចំនួននេះជាការបំបែកកំណត់ត្រាថ្មីមួយទៀត ព្រោះម្ចាស់កំណត់ត្រាចាស់ ដែលជាបទ All I Want for Christmas is You របស់ Mariah Carey ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ នៅលើតារាងដដែលនេះត្រឹមរយៈពេល ១៤សប្ដាហ៍ប៉ុណ្ណោះ។
បន្ថែមពីនេះទៀត បទចម្រៀងដែលបានចេញផ្សាយតាំងតែពីថ្ងៃទី១៨ ខែតុលាមួយនេះ ក៏ទទួលបានចំណាត់ថ្នាក់លេខ២ នៅលើតារាង Billboard Global 200 chart ផងដែរ ក្រោយពីទទួលបានចំណាត់ថ្នាក់លេខ១ ជាប់គ្នាអស់ពេល ១២សប្ដាហ៍។
ទន្ទឹមគ្នានេះ សន្ទុះនៃការគាំទ្របទ APT. ក៏ហាក់មិនទាន់មាននិន្នាការថមថយនៅឡើយទេ។ ជាក់ស្ដែង នៅថ្ងៃទី១១ ខែកុម្ភៈនេះ ដែលត្រូវជាថ្ងៃកំណើតរបស់តារាស្រីវ័យ ២៨ឆ្នាំរូបនេះតែម្ដង បទចម្រៀងពីល្បែងកម្សានល្បីឈ្មោះរបស់កូរ៉េខាងត្បូងមួយចំណងជើងនេះ នៅតែជាប់ឈ្មោះជា #1 Global top music video ជាមួយនឹងចំនួនអ្នកទស្សនាមិនតិចជាង ១ពាន់លានដង នៅលើយូធូប។
គួរបញ្ជាក់ផងដែរថា ដ្បិតសមាជិក BLACKPINK ម្នាក់ៗ មិនថា Rosé, Jennie, Jisoo និង Lisa កំពុងតែទទួលបានជោគជ័យលើវិថីទោលរៀងៗខ្លួនក្ដី ក៏ប៉ុន្តែអ្នកទាំង៤ ក៏កំពុងតែត្រៀមបញ្ចេញកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មី នៅក្នុងឆ្នាំ ២០២៥នេះដែរ៕























Account
Security
Favourite Content