Rosé សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួនជាលើកដំបូងនៅលើកម្រាលព្រំក្រហមនៃកម្មវិធីពានរង្វាន់ Grammy ខណៈមានការរំពឹងជុំវិញលទ្ធភាពនៃការឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្ររបស់នាង ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy លើកទី ៦៨ ដែលកំពុងរៀបចំឡើងនៅព្រឹកថ្ងៃច័ន្ទនេះ នៅឯ Crypto.com Arena ក្នុងទីក្រុង Los Angeles។

មុនពេលកម្មវិធីប្រកាសជយលាភីពានរង្វាន់ចាប់ផ្ដើម តារាស្រីសក់ពណ៌ទង់ដែងរូបនេះបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម ដោយស្លៀករ៉ូបខ្លីពណ៌ខ្មៅ រួមជាមួយក្រណាត់ពណ៌សវែងអូសដី ដោយបង្ហាញនូវភាពថ្លៃថ្នូរអមដោយភាពទាក់ទាញ នៅចំពោះមុខពន្លឺកាមេរ៉ារាប់មិនអស់។
យ៉ាងណាមិញ Rosé និង Bruno Mars មិនបានឈ្នះពានរង្វាន់ផ្នែក “ការសម្ដែងចម្រៀង Pop ជាក្រុម ឬជាគូឆ្នើមបំផុត” (Best Pop Duo/Group Performance) សម្រាប់បទ “APT.” នោះទេ។ ពានរង្វាន់ក្នុងផ្នែកនេះ បានធ្លាក់ទៅលើ Cynthia Erivo និង Ariana Grande តាមរយៈបទ “Defying Gravity” ពីភាពយន្តតន្ត្រី Wicked។ អាចនិយាយបានថាពានរង្វាន់ផ្នែកនេះ តាមប្រវត្តិសាស្ត្រតែងតែជាបញ្ហាប្រឈមសម្រាប់សិល្បករ K-pop រួមទាំងក្រុម BTS ផងដែរ ដែលធ្លាប់ត្រូវបានស្នើឈ្មោះឱ្យជាប់ជម្រើស ប៉ុន្តែមិនដែលបានឈ្នះឡើយ។
ទោះបីជាមានការខកចិត្តសម្រាប់ពានដំបូងក៏ដោយ ក៏ Rosé នៅតែជាបេក្ខភាពខ្លាំងម្នាក់នៅក្នុងផ្នែកពានរង្វាន់ធំ ដោយបទ “APT.” បានជាប់បេក្ខភាពក្នុងជម្រើសពានរង្វាន់ធំៗរួមមានពានរង្វាន់ “បទចម្រៀងឆ្នើមប្រចាំឆ្នាំ” (Song of the Year) និងពានរង្វាន់ “បទចម្រៀងគុណភាពប្រចាំឆ្នាំ” (Record of the Year) ដែលធ្វើឱ្យ Rosé ក្លាយជាសិល្បករលំដាប់កំពូលប្រចាំរាត្រីនោះ។ សារព័ត៌មានល្បីៗដូចជា Associated Press, Pitchfork និង Rolling Stone សុទ្ធតែបានចង្អុលបង្ហាញថា “APT.” គឺជាគូប្រជែងដ៏មានសក្ដានុពលសម្រាប់ពានរង្វាន់ Record of the Year។
Rosé ក៏ត្រូវបានកំណត់ថានឹងឡើងសម្ដែងនៅលើឆាក Grammy ផងដែរ ដោយមានការរំពឹងទុកយ៉ាងខ្ពស់ថា នាងនិង Bruno Mars នឹងសម្ដែងបទ “APT.” ក្នុងអំឡុងពេលពិធីនេះ។

ទន្ទឹមនឹងនោះ វិស័យ K-pop បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅក្នុងកម្មវិធី Grammy ដោយសារភាពយន្តរបស់ Netflix រឿង “KPop Demon Hunters” បានឈ្នះពានរង្វាន់តាមរយៈបទចម្រៀង OST មានចំណងជើងថា “Golden”។ បទនេះបានឈ្នះពានរង្វាន់ “បទចម្រៀងឆ្នើមដែលនិពន្ធសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរូបភាព” (Best Song Written for Visual Media) ដែលជាពានរង្វាន់ផ្ដល់ជូនអ្នកនិពន្ធបទចម្រៀងនៅពីក្រោយស្នាដៃនេះ។
សិល្បករពីក្រោយពានរង្វាន់នេះ រួមមាន EJAE, Teddy, 24 និង IDO ដែលជាការកត់សម្គាល់នូវការឈ្នះពានរង្វាន់ Grammy ជាលើកដំបូងបំផុតសម្រាប់គម្រោងសិល្បៈ K-pop។ បទ “Golden” ដែលសម្ដែងដោយក្រុមចម្រៀងនារីក្នុងសាច់រឿងមានឈ្មោះថា Huntrix បានក្លាយជាបទល្បីជាសកល និងបានជាប់ចំណាត់ថ្នាក់ក្នុងតារាង Billboard Hot 100 រហូតដល់ ៨ សប្តាហ៍ជាប់ៗគ្នា។
បទចម្រៀងនេះក៏បានស្ថិតក្នុងបេក្ខភាពពានធំៗផ្សេងទៀតផងដែរ រួមមាន Song of the Year, Best Remixed Recording និង Best Compilation Soundtrack for Visual Media ដែលជួយពង្រឹងឱ្យបទ “Golden” ក្លាយជាបទចម្រៀង K-pop ដ៏ជោគជ័យបំផុតមួយដែលត្រូវបានទទួលស្គាល់ដោយ Recording Academy ៕























Account
Security
Favourite Content