ភ្លើងស្នេហ៍ដែលកើតឡើងនៅក្នុង Office ឬកន្លែងធ្វើការនេះ ជាប្រធានបទមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងមិនធម្មតា ព្រោះភាគច្រើននៃរឿងរ៉ាវស្នេហាបែបនេះ តែងលួចបង្កប់នៃសាច់រឿងកំប្លុកបំប្លែង និងមនោសញ្ចេតនា កើតឡើងដោយសារតែតួអង្គទាំងពីរ ព្យាយាមលាក់បាំងពីមិត្តរួមការងារឯទៀត។ ភាពយន្តពី K-drama មិនតិចទេ ដែលបានលើកយកប្រធានបទតែមួយនេះ មកធ្វើផលិតជាដំណើររឿងយ៉ាងល្អជក់ចិត្ត។ ដូច្នេះហើយ ថ្ងៃនេះ AMS សូមណែនាំរឿងភាគកូរ៉េ ៨ ចំណងជើង ដែលនិទានពីរឿងស្នេហាក្នុងការិយាល័យយ៉ាងផ្អែមល្ហែម។
១. Love Scout
ផ្ដើមដោយរឿងថ្មីប្រជាប្រិយភាពខ្លាំង Love Scout សាច់រឿងផ្ដោតលើ Kang Ji-yoon សម្ដែងដោយ Han Ji-min ដែលជាស្រ្តីដ៏ជោគជ័យម្នាក់ក្នុងតួនាទីការងារ តែនាងបែរជាមានបញ្ហាក្នុងការបែងចែករវាងការងារ និងជីវិតផ្ទាល់ខ្លួន។ ជីវិតដែលមានឧបសគ្គរបស់នាង ក៏បានទៅជួបនឹង Yoo Eun-ho ជាលេខាមួយរូប ដែលអាចគ្រប់គ្រងជីវិតរបស់ខ្លួនបានយ៉ាងល្អ។ នៅពេលរួមការងារជាមួយគ្នា Kang Ji-yoon បានសិក្សាមេរៀនជីវិតសំខាន់ៗពី Yoo Eun-ho ហើយអ្នកទាំងពីរក៏ចាប់ផ្ដើមមានមនោសញ្ចេតនាស៊ីជម្រៅឱ្យគ្នាទៅវិញទៅមក។
២. What’s Wrong with Secretary Kim?
Lee Young-joon សម្ដែងដោយ Park Seo-joon គឺជាអនុប្រធាននៃក្រុមហ៊ុន និងរស់នៅក្នុងជីវិតដ៏សុខស្រួលមួយ ក៏ប៉ុន្តែជីវិតរបស់គាត់ក៏ស្រាប់តែប្រែប្រួលមួយរំពេច នៅពេលលេខាស្រីខ្លួន Kim Mi-so លួចស្រឡាញ់ ដែលសម្ដែងដោយ Park Min-young បានសម្រេចចិត្តលាលែងពីតំណែងក្រោយរួមការងារជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ។ ហេតុដូចនេះហើយ Young-joon សម្រេចចិត្តធ្វើគ្រប់យ៉ាងអាចធ្វើទៅបាន ដើម្បីបញ្ចុះបញ្ចូល Mi-so ឲ្យផ្លាស់ប្តូរចិត្តវិញ។
៣. Suspicious Partner
Suspicious Partner ជាសាច់រឿងពីអារម្មណ៍មនោសញ្ចេតនារបស់ Noh Ji Wook សម្ដែងដោយ Ji Chang-wook ដែលជារដ្ឋអាជ្ញា និង Eun Bong Hee សម្ដែងដោយ Nham Ji-hyun ដែលជាអ្នកហ្វឹកហាត់ការងារ។ ជាអកុសល Eun Bong Hee បានធ្លាក់ខ្លួនជាជនសង្ស័យក្នុងរឿងក្ដីឃាតកម្មរបស់អតីតមិត្ត សង្សាររបស់នាងទៅវិញ តែក៏ជាសំណាងល្អដែរ នៅពេលនោះ Noh Ji Wook បានសម្រេចចិត្តជួយដល់នាងរហូតដល់លោកបាត់បង់តំណែង និងកេរ្តិ៍ឈ្មោះ។
៤. Touch Your Heart
Touch Your Heart ជាសាច់រឿងរបស់តារាសម្តែងស្រីល្បីឈ្មោះ Oh Jin-shim សម្ដែងដោយYoo In-na ដែលជីវិតការងារក្នុងវិស័យសិល្បៈរបស់នាងត្រូវបានបំផ្លិចបំផ្លាញ និងលែងមានការងារអស់ពេលជាង ២ឆ្នាំ ដោយសារតែរឿងអាស្រូវក្នុងគ្រាអតីត។ ជាសំណាងល្អ នាងក៏ទទួលបានការងារសម្ដែងក្នុងរឿងភាគថ្មី តែដើម្បីអាចលុបរឿងអាស្រូវចាស់ និងអាចទទួលបានជោគជ័យម្ដងទៀត នាងត្រូវទទួលការងារជាលេខារបស់មេធាវីម្នាក់ឈ្មោះ Kwon Jung-rok សម្ដែងដោយ Lee Dong-wook មុននឹងអ្នកទាំងពីរចាប់ផ្ដើមមានចិត្តឱ្យគ្នា។
៥. The Business Proposal
The Business Proposal និយាយពីការណាត់ជួបដោយចៃដន្យមួយរបស់ Shin Ha Ri សម្ដែងដោយ Kim Se Jeong និងមនុស្សប្រុសដែលខ្លួនមិនដែលនឹកស្មានដល់។ ដំបូងឡើយ Shin Ha Ri បានយល់ព្រមនឹងមិត្តម្នាក់ក្នុងការណាត់ជួបជំនួស ដោយសារតែនាងងចង់បានលុយជាថ្នូរ ទាំងមិនបានរំពឹងអ្វី។ ក៏ប៉ុន្តែនៅពេលទៅដល់ទីតាំង ទើបនាងដឹងថា មនុស្សដែលខ្លួនបានណាត់ជួបនោះ គឺជា Kang Tae Moo សម្ដែងដោយAhn Hyo Seop ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនរបស់នាង។
៦. Cinderella at 2AM
Cinderella at 2AM ជារឿងរ៉ាវរបស់ Ha Yun Seo សម្ដែងដោយ Shin Hyun Been ជាមេក្រុមស្រីពេញដោយសមត្ថភាពម្នាក់ ដែលធ្វើការនៅក្រុមហ៊ុនតែមួយជាមួយនឹងមិត្តប្រុសឈ្មោះ Seo Ju Won សម្ដែងដោយ Moon Sang Min។ ដោយឡែក Ha Yun Seo មិនបានដឹងទេថាមិត្តប្រុសរបស់ខ្លួនគឺជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនដែលខ្លួនកំពុងតែធ្វើការ ហើយនៅពេលដែលការពិតបានលាតត្រដាង ម្ដាយរបស់ Seo Ju Won បានស្នើរឱ្យនាងបញ្ចប់ទំនាក់ទំនងនឹងកូនប្រុសខ្លួន ដោយមានលុយជាថ្នូរ។
៧. She Would Never Know
She Would Never Know មានដំណើររឿងផ្ដោតលើ Yoon Song Ah ដែលជាបុគ្គលិកផ្នែកទីផ្សារ នៅក្រុមហ៊ុនលក់គ្រឿងសម្អាងមួយកន្លែង ដោយនាងមានក្ដីសុបិនចង់ បើកម៉ាកយីហោផ្ទាល់ខ្លួនមួយនៅថ្ងៃអនាគត។ ក៏ប៉ុន្តែជីវិតសាមញ្ញរបស់នាងក៏ស្រាប់តែប្រែប្រួល នៅពេលដែលត្រូវប្រឈមមុខនឹងក្ដីស្រឡាញ់របស់ Chae Hyun Seung តែនាងបែរជាបដិសេធព្រោះតែ Chae Hyun Seung មានវ័យក្មេងជាងខ្លួន។
៨. Start-Up
Start-Up ជាភាពយន្តពីយុវនារីមានមហិច្ចតាខ្ពស់ Seo Dal-mi សម្ដែងដោយ Bae Suzy ដែលមានគោលបំណងចង់ជោគជ័យក្នុងអាជីវកម្ម និងក្លាយជា Steve Jobs ប្រចាំប្រទេសកូរ៉េខាងត្បូង។ ដោយមានចិត្តប៉ងបែបនេះ Seo Dal-mi បានសម្រេចចិត្តឈប់រៀនពីសាកលវិទ្យាល័យ ហើយចូលធ្វើការក្រៅម៉ោង ដើម្បីអាចសន្សំលុយបើកអាជីវកម្មតាមអ្វីដែលខ្លួនគ្រោងទុក។ ជារឿងចៃដន្យ ថ្ងៃមួយនាងបានជួបនឹង Nam Do-san សម្ដែងដោយ Nam Joo-hyuk គឺជាស្ថាបនិកក្រុមហ៊ុន Samsan Tech តែអស់ពេល ២ ឆ្នាំហើយដែលក្រុមហ៊ុននេះមិនទាន់បានផលិតសមិទ្ធផលអ្វីសោះ ។ ការជួបគ្នារបស់អ្នកទាំងពីរ មិនមែនគ្រាន់តែជាផលប្រយោជន៍សម្រាប់ក្ដីប្រាថ្នារៀងខ្លួនប៉ុណ្ណោះទេ តែទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែសន្សឹមៗមានភាពស៊ីជម្រៅទៅមុខ៕


























Account
Security
Favourite Content