តារាសម្តែងដ៏មានប្រជាប្រិយភាព ព្រីន កំពុងតែជោគជ័យក្នុងវិស័យចម្រៀង បន្ទាប់ពីលោកបានទម្លាក់ស្នាដៃចម្រៀងថ្មីៗបន្តបន្ទាប់ ដែលក្នុងនោះមានទាំងចម្រៀងផលិតថ្មី និងចម្រៀង remake ឡើងវិញផងដែរ។
ទន្ទឹមការគាំទ្រយ៉ាងខ្លាំងក្លា ក៏មានមតិរិះគន់មួយចំនួនបានកើតឡើងលើការនិយម remake ចម្រៀងចាស់ៗឡើងវិញរបស់ ព្រីន ផងដែរ។ ប៉ុន្តែ ដៃគូសម្តែងដ៏ស្និទ្ធស្នាលរបស់ រចនា រ៉ាវ៉ាឌី ហាក់គ្មានប្រតិកម្មអ្វីចំពោះមតិរិះគន់ទាំងនោះឡើយ ផ្ទុយទៅវិញលោកបែរជាលើកឡើងថា មែនទែនទៅលោកបានផលិតស្នាដៃចម្រៀងថ្មីៗជាច្រើន ដែលមានទាំងស្នាដៃចម្រៀងផលិតថ្មី និងការ remake ចម្រៀងចាស់ៗឡើងវិញ។

កំលោះសង្ហាមានមន្តស្នេហ៍រូបនេះថា ចម្រៀងជាចំនូលចិត្តរបស់លោក ហើយការនិយម remake ចម្រៀងចាស់ៗឡើងវិញ ជាចំណូលចិត្តផ្ទាល់ខ្លួន ដែលចង់គាស់កកាយមរតកស្នាដៃចម្រៀងចាស់ៗឡើងមកដើម្បីកុំឱ្យកប់បាត់ទៅ។ ភាគច្រើនចម្រៀងដែលលោកជ្រើសមកផលិតឡើងវិញ គឺជាបទដែលលោកចូលចិត្តស្តាប់ ឬជាចង្វាក់ភ្លេងដែលលោកចូលចិត្ត ទើបលោកលើកយកបទនោះមកច្របាច់បញ្ជូលការរ៉េប និងហ៊ិបហបបែបសម័យថ្មី បង្កើតជារសជាតិថ្មីប្លែកមួយទៀត ដែលគ្រប់គ្នាអាចទទួលស្តាប់បានទាំងក្មេង-ចាស់ ព្រោះលោកបានប្រើប្រាស់ប្រយោគឃ្លាយ៉ាងសមរម្យបំផុតដែលអាចឱ្យមនុស្សក្មេង-ចាស់ទទួលស្តាប់បានដោយរីករាយបំផុត។
ព្រីន ថា អ្វីដែលចំណេញពីការ remake ចម្រៀងចាស់ៗឡើងវិញនោះគឺ យុវវ័យសម័យបានស្តាប់ទាំងចម្រៀងរសជាតិថ្មី ហើយពួកគេក៏បានចូលទៅស្តាប់មរតកសំនៀងចាស់របស់វីរៈសិល្បករខ្មែរយើងផងដែរ។


ជាក់ស្តែង ថ្មីៗនេះ តារាសម្តែង ព្រីន ទើបទម្លាក់ចម្រៀង remake ថ្មីមួយបទចំណងជើងថា «នារីសមសួន» ជាការច្របាច់បញ្ចូលចង្វាក់សារ៉ាវ៉ាន់ ជាមួយភ្លេច remix ថ្មី ធ្វើឱ្យស្តាប់ទៅពីរោះប្លែកម៉្យាងដែរ។
ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងកាលពីពេលថ្មីៗ ព្រីន ថា លោកចូលចិត្តចង្វាក់ភ្លេងសារ៉ាវ៉ាន់ ហើយវាធ្វើឱ្យលោកនឹកឃើញដល់វ័យកុមារភាពរបស់ខ្លួនផងដែរ។ ម៉្យាង លោកយល់ថា ចង្វាក់នេះនឹងធ្វើឱ្យពុកម៉ែបងប្អូនចាស់ៗនឹកឃើញដល់អតីតកាលជំនាន់ធ្លាប់រាំលេងសប្បាយជួបជុំគ្នា ក៏ដូចជាបង្ហាញឱ្យចាស់ៗជំនាន់មុនមើលឃើញថា ក្មេងជំនាន់ក្រោយនៅរក្សាបានបទប្រពៃណីចូលឆ្នាំ ដោយប្រើប្រាស់ពាក្យពេចន៍សមសួន។


ក្នុងស្នាដៃបទ «នារីសមសួន» បានឆ្លុះបញ្ចាំងឱ្យឃើញប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ ជាពិសេសឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរបែបសមសួន ការសំពះសុំនារីឡើងរាំ និងឆ្លុះបញ្ចាំងពីការទៅវត្តធ្វើបុណ្យក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ជាទំនៀមទម្លាប់ប្រពៃណីខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយ។
តារាសម្តែង និងជាតារាចម្រៀងមានមន្តស្នេហ៍នេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងចូលចិត្តស្នាដៃចម្រៀង remake ថ្មីនេះ ដែលត្រូវបរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗនេះតែម្តង ៕


























Account
Security
Favourite Content