បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្ររំជើបរំជួលពេញមួយសប្ដាហ៍សម្រាប់ការធ្វើដំណើរមកថតរឿងថ្មី “San Xian Mi Hui” ក្នុងទឹកដីខេត្តសៀមរាបប្រទេសកម្ពុជា នៅពេលនេះតារាចិនទាំង ៣ រូបរួមមាន Wang Hongyi, Meng Zi Yi និង Kido Ma បានវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញហើយ ខណៈម្នាក់ៗសុទ្ធតែបានបន្សល់ទុករូបភាពអនុស្សាវរីយ៍ដ៏ស្រស់ស្អាតអំពីទឹកដីអង្គរនៅលើគណនីបណ្ដាញសង្គមរៀងៗខ្លួន។






យ៉ាងណាមិញ ក្នុងខណៈពេលរឿងភាគថ្មីនេះមិនទាន់មានការកំណត់ថានឹងចេញផ្សាយនៅពេលណា ថ្ងៃនេះ AMS សូមនាំប្រិយមិត្តមកស្គាល់ Wang Hong Yi ដែលជាតួឯកប្រុសនៃរឿងនេះឱ្យកាន់តែច្បាស់តាមរយៈស្នាដៃលេចធ្លោកន្លងមកដែលនាំឱ្យលោកមានឈ្មោះល្បីរន្ទឺដល់បច្ចុប្បន្នរួមទាំងជីវប្រវត្តិខ្លះៗផងដែរ។


Wang Hongyi កើតនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៩៩ នៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Zhejiang University of Technology។ ក្នុងអំឡុងពេលសិក្សានៅសកលវិទ្យាល័យ Wang Hongyi បានចូលរួមក្នុងការហ្វឹកហ្វឺនយោធា ហើយមិត្តភក្តិមួយចំនួនបានថតលោក និងបង្ហោះវីដេអូនៅលើប្រព័ន្ធអនឡាញ ដែលធ្វើបានធ្វើឱ្យលោកចាប់ផ្ដើមត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងទទួលបានការចាប់អារម្មណ៍ពីអ្នកនៅក្នុងឧស្សាហកម្មកម្សាន្ត។ ក្រោយមកលោកបានបង្ហាញមុខជាលើកដំបូង នៅឆ្នាំ ២០២១ តាមរយៈរឿង Moonlight ។ ទោះបីជាមិនបានទទួលតំណែងតួឯកក្នុងរឿងដំបូងនេះក៏ដោយ ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី Hongyi ក៏បានទទួលភាពល្បីល្បាញភ្លាមៗ និងបានសម្ដែងជាតួឯកដំបូងក្នុងរឿង Fairyland Romance ឆ្នាំ២០២៣។ ស្នាដៃលេចធ្លោខ្លាំងរបស់គេរួមមាន៖
១. Moonlight

ក្នុងរឿងភាគដំបូងរបស់ Wang Hongyi បានដើរតួជា Xiao Bai។ ទោះបីជាទទួលបានឱកាសត្រឹមតួរង និងមិនសូវបានលេចមុខច្រើននឹងគេក៏ដោយ ប៉ុន្តែគ្រប់ពេលដែលបង្ហាញមុខមកម្ដងៗ Hongyi អាចបញ្ចេញអារម្មណ៍តាមរយៈខ្សែភ្នែក ទឹកមុខ និងទឹកដមសំឡេងបានយ៉ាងល្អលើសពីការរំពឹងទុកសម្រាប់តួសម្ដែងថ្មី ដែលធ្វើឱ្យឈ្មោះរបស់គេទទួលបានការចាប់អារម្មណ៍ច្រើនភ្លាមៗ។
រឿងភាគនេះសម្តែងតួឯកដោយ Ding Yu Xi និង Yu Shu Xin មានសាច់រឿងនិយាយពីរឿងរ៉ាវស្នេហារបស់អ្នកនិពន្ធវ័យក្មេង និងតួឯកស្រីដែលសុបិនចង់ធ្វើការនៅក្នុងរោងពុម្ព ដូច្នេះហើយ នាងត្រូវតែជម្នះឧបសគ្គជាច្រើនក្នុងវិថីអាជីព។ អាចនិយាយបានថារឿងនេះគឺជារឿងភាគបែបកំប្លែងនិងមនោសញ្ចេតនាដែលគ្រប់រសជាតិ ដោយបង្ហាញទិដ្ឋភាពនៃជីវិតបន្ទាប់ពីបញ្ចប់ការសិក្សា និងការប្រឈមការផ្លាស់ប្តូរក្នុងអាជីវកម្ម គោលដៅ និងក្តីសុបិនក្នុងវិថីអាជីពដែលខ្លួនឯងបានកំណត់។

២. Fairyland Romance ទឹកដីអច្ឆរិយជំពាក់ស្នេហ៍

Wang Hongyi បានក្លាយជាតួឯកលើកដំបូងក្នុងរឿងភាគ “Fairyland Romance” ដែលក្នុងរឿងនេះគេបានបញ្ចេញស្នាដៃសម្ដែងពេញទំហឹងមិនថាបែបកំប្លែង មនោសញ្ចេតនា ឬឈុតឆាកកម្សត់នោះទេ គឺសុទ្ធតែអាចឆក់យកបេះដូងទស្សនិកជនបានដោយងាយ។ ក្នុងរឿងនេះលោកបានសម្ដែងជាតួ Zuo Jing Lun ជារាជបុត្រាមួយអង្គដែលត្រូវបានចាត់តាំងឱ្យធ្វើដំណើរទៅ Yaozhou ដើម្បីទទួលតំណែងជាមេបញ្ជាការ ប៉ុន្តែក៏បានវង្វេងផ្លូវចូលទៅដល់ទឹកដីភូមិផ្កាប៉េស និងបានជួបនឹងតួឯកស្រីឈ្មោះ Liu Qing Qing (សម្ដែងដោយ Huang Yi)។

៣. Lost You Forever Season 1-2 គូកម្មទេពធីតា

ស្នាដៃមួយទៀតរបស់តួឯកប្រុស Wang Hongyi ដែលឆក់យកបេះដូងអ្នកគាំទ្រយ៉ាងច្រើនលើសលប់គឺការសម្ដែងតួ Shui Fenglong ដែលបន្ទាប់ពីការចាក់ផ្សាយរឿង Lost You Forever ក្នុងឆ្នាំ ២០២៣ ក៏ទទួលបានភាពល្បីល្បាញខ្លាំងរហូតនាំឱ្យមានការផលិតរដូវកាលទី ២ ក្នុងឆ្នាំ ២០២៤។ ក្នុងរដូវកាលថ្មីតួអង្គ Wang Hongyi កាន់តែមានភាពប្រកួតប្រជែងខ្ពស់ព្រោះត្រូវសម្ដែងជាតួអង្គមានលក្ខណៈស្ងប់ស្ងាត់ មានអំណាចគ្រប់គ្រងទាហាន តែក៏នៅមានភាពកក់ក្ដៅ និងជឿជាក់ក្នុងសេចក្ដីស្នេហាជាមួយតួស្រី Xiao Yao (សម្តែងដោយ Yang Zi) ដែលអាចនិយាយបានថាអ្នកទាំងពីរសុទ្ធសឹងជាតារាសម្ដែងវ័យក្មេងមានទេពកោសល្យឈានមុខក្នុងវិស័យភាពយន្តចិន។

៤. The Legend of Heroes ឥន្ទ្រីទេព សេនាក្លាហាន

ការដែលបានចូលសម្ដែងជាតួអង្គ Yang Kang ក្នុងរឿង The Legend of Heroes ស៊េរីឆ្នាំ២០២៤ ធ្វើឱ្យឈ្មោះ Wang Hongyi ត្រូវបានគេលើកមកនិយាយកាន់តែច្រើនទៀតលើប្រព័ន្ធអនឡាញ ខណៈតួអង្គនេះមិនត្រឹមតែជាតួសំខាន់តែក៏មានអត្តចរិតស៊ីជម្រៅនិងស្មុគស្មាញខ្លាំងមួយដែរ ប៉ុន្តែការសម្ដែងរបស់ Hongyi បានបង្ហាញច្បាស់ថារូបលោកពិតជាស័ក្ដិសមនឹងតួអង្គនេះមែន។ ក្នុងរឿងនេះលោកបានត្រលប់មកសម្ដែងគូនឹងតារាស្រី Huang Yi ដែលធ្លាប់សម្ដែងក្នុងរឿង “Fairyland Romance” ជាមួយគ្នាម្ដងទៀត។ សាច់រឿងសម្រាប់ “ឥន្ទ្រីទេព សេនាក្លាហាន” Version នេះមានលក្ខណៈសង្ខេបបន្តិច ដោយត្រូវកាត់ឱ្យសល់នៅត្រឹម ៣០ ភាគ ប៉ុន្តែឈុតឆាកសម្ដែងក្បាច់គុន និងការតស៊ូដណ្ដើមអំណាចនៅតែមានភាពជក់ចិត្តគ្រប់គ្រាន់ឱ្យទស្សនិកជនចង់តាមដានពីដើមដល់ចប់។

ក្រៅពីរឿងភាគដែលបានរៀបរាប់ខាងលើ ក្នុងឆ្នាំ២០២៥នេះ Wang Hongyi នៅដើមឆ្នាំ២០២៥នេះ ក៏បានលេចមុខក្នុងរឿងភាគជាច្រើនទៀតដូចជា Love Beyond the Grave, Fox Spirit Matchmaker: Sword and Beloved និង A Moment but Forever ក្នុងតំណែងជាតួរង ៕
























Account
Security
Favourite Content