នៅថ្ងៃទី២២ ខែកក្កដា នេះ Netflix បានប្រកាសចាប់ផ្ដើមបើកកាមេរ៉ា ថតរឿង All of Us Are Dead រដូវកាលទី២ ដោយមានការចូលរួមសម្ដែងពីតួចាស់កាលពីរដូវកាលមុន និងតួថ្មីបន្ថែមទៀត។

កាលពីរដូវកាលមុនភាពយន្តប្រភេទ K-zombie ដែលផ្អែកលើរឿង Webtoon មួយចំណងជើងនេះ បាននិទានពីជីវិតរបស់សិស្សមួយក្រុមដែលបានជាប់គាំងនៅក្នុងវិទ្យាល័យ Hyosan នៅពេលដែលមេរោគ Zombie បានរីករាលដាល រហូតនាំឱ្យសិស្សទាំងនោះត្រូវតស៊ូប្រយុទ្ធដើម្បីយកជីវិតរស់។
ផ្អែកលើភាពជោគជ័យកាលពីរដូវកាលទី១ ក្នុងលំដាប់ប្រជាប្រិយភាពលេខ ១០ នៅលើ Netflix ផ្នែកភាពយន្តមិនមានភាសាដើមជាភាសាអង់គ្លេស និងទទួលបានការចូលទស្សនារហូតដល់ទៅ ៥៦០.៧៨ លានម៉ោងក្នុងមួយខែដំបូង ពេលនេះ Netflix បានចាប់ផ្ដើមប្រកាសពីការចាប់ផ្ដើមថតរដូវកាលថ្មី អមនឹងតារាងឈ្មោះរបស់តួសម្ដែងជាផ្លូវការ។
ក្នុងសាច់រឿងដែលពិភពលោកហាក់ត្រឡប់មកមានភាពស្ងប់សុខដូចមុនហើយ សុខៗមេរោគ Zoombie ថ្មីក៏បានផ្ទុះឡើង នាំឱ្យ On Jo សម្ដែងដោយ Park Ji hu ដែលឥឡូវនេះបានក្លាយជានិស្សិតទៅហើយ ត្រូវត្រឡប់មកជួបនឹងសុបិនអាក្រក់ជាថ្មី ខណៈ Yoon Chan Young ក៏ត្រឡប់មកវិញដើម្បីសម្ដែងជាតួអង្គ Cheong San, Cho Yi Hyun ជាតួអង្គ Nam Ra និង Lomon ដើរតួជា Su Hyeok ដូចដើម។


សម្រាប់តួអង្គថ្មី ដែលនឹងចូលរួមប្រយុទ្ធជាមួយនឹង Zoombie នៅក្នុងរដូវកាលទី២ នេះ ក៏សុទ្ធសឹងតែជាតារាដែលធ្លាប់មានស្នាដៃក្នុងភាពយន្តល្បីៗពីមុនមកដែរ រួមមាន Lee Min Jae នឹងដើរតួជា Maru , Kim Si Eun នឹងដើរតួជា Ju Ran, Roh Jae Won នឹងសម្ដែងជា Han Du Seok ស្របពេលដែល Yoon Gai នឹងបង្ហាញខ្លួនក្នុងនាមជា Jong Ah។
ភាពយន្តភាគបែបរន្ធត់នេះ នៅតែជាស្នាដៃដឹកនាំរបស់ Lee JQ និង Kim Nam-su ស្របពេលដែលថ្ងៃចាក់ផ្សាយនៅមិនទាន់បានកំណត់នៅឡើយទេ៕

























Account
Security
Favourite Content