“No Other Choice” ខ្សែភាពយន្តរបស់កូរ៉េខាងត្បូងដឹកនាំដោយផលិតករជើងចាស់ Park Chan Wook ត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្តទីក្រុង Venice ប្រទេសអ៊ីតាលី និងទទួលបានការទះដៃរយៈពេល ៨ នាទី ៣០ វិនាទី រួមជាមួយការវាយតម្លៃយ៉ាងវិជ្ជមានពីទស្សនិកជន។

កំលុងពេល ទស្សនិកជនបានអបអរសាទរចំពោះក្រុមការងារភាពយន្ត “No Other Choice” តារាសម្ដែងក្នុងរឿងនេះដូចជាតួឯកស្រី Son Ye Jin និងតារាប្រុស Park Hee Soon ក៏រំភើបរំជួលចិត្តទប់ទឹកភ្នេកសឹងមិនបាន។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានសរសើរខ្សែភាពយន្តនេះ ដោយក្នុងនោះសារព័ត៌មាន Deadline បានសរសើរថានេះជាស្នាដៃដែលពោរពេញដោយភាពភ្ញាក់ផ្អើល និងរីករាយពិតប្រាកដសម្រាប់ទស្សនិកជន។ រីឯសារព័ត៌មាន Variety បានសរសើរអ្នកដឹកនាំរឿង Park Chan Wook ដោយនិយាយថា៖ “នេះជាភស្តុតាងបន្ថែមទៀតដែលថា Park អាចនឹងក្លាយជាអ្នកផលិតភាពយន្តដែលឆើតឆាយបំផុតនាពេលបច្ចុប្បន្ននេះ”។ កាសែត The Guardian ក៏បានពណ៌នាអំពីខ្សែភាពយន្តនេះថា “ជារឿងកំប្លែងបែបខ្មៅងងឹត ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាតិបានយ៉ាងអស្ចារ្យ”។

“No Other Choice” គឺជាភាពយន្តដែលថតឡើងដោយផ្អែកសាច់រឿងតាមប្រលោមលោកអាមេរិកឆ្នាំ ១៩៩៧ “The Ax” របស់អ្នកនិពន្ធ Donald E. Westlake ។ ភាពយន្តបែបឧក្រិដ្ឋកម្មនេះនិយាយពីរឿងរ៉ាវរបស់ Mansu (សម្ដែងដោយ Lee Byung Hun) ជាបុរសទ័លច្រកដោយទើបតែត្រូវបានគេបញ្ឈប់ពីការងារ ហើយក៏បង្ខំចិត្តប្រឡូកក្នុងសកម្មភាពខ្មៅងងឹត។
គួរបញ្ជាក់ដែរថា “No Other Choice” គឺជាភាពយន្តកូរ៉េដំបូងគេដែលត្រូវបានជ្រើសរើសជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់ Golden Lion របស់មហោស្រពភាពយន្ត Venice ផងដែរ គិតចាប់តាំងពីភាពយន្ត “Pieta” បានចូលរួមប្រកួតក្នុងឆ្នាំ ២០១២ ៕






























Account
Security
Favourite Content