ចាក់បញ្ចាំងជាលើកដំបូងក្នុងរាត្រីថ្ងៃទី៤ ខែធ្នូ រឿងភាគ “Light Shop” ដែលនិពន្ធដោយអ្នកនិពន្ធរឿង Moving លោក Kang Full និងអ្នកដឹកនាំរឿង Kim Hee Won បានទទួលការគាំទ្រយ៉ាងសន្ធឹកនឹកស្មានមិនដល់។ នៅក្នុងខ្សែភាពយន្ដមួយនេះមានការចូលរួមសម្ដែងតារាសម្ដែងល្បីៗច្រើនរូបរួមមាន Ju Ji Hoon, Park Bo Young និង Kim Seol Hyun ដែលជំរុញឱ្យអ្នកទស្សនាកាន់តែចង់ដឹង ចង់ឃើញបន្ថែមទៀត។

នៅក្នុងភាគដំបូងនៃរឿង “Light Shop” បានបង្ហាញទស្សនិកជននូវអារម្មណ៍ស្រពេចស្រពិល អាថ៌កំបាំងលាយបញ្ចូលគ្នានឹងធាតុអរូបីដោយតួអង្គ Won Young សម្ដែងដោយតារាសម្ដែងប្រុស Ju Ji Hoon បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាម្ចាស់ហាងចម្លែកមួយ។ ភាពតានតឹងនៃសាច់រឿងបានកើនឡើងកាន់ខ្លាំងបន្ទាប់ពីតួអង្គ Yeong Ji សម្ដែងដោយ Park Bo Young និង Hyun Min សម្ដែងដោយ Uhm Tae Goo បានបង្ហាញខ្លួនឡើងនៅក្នុងព្រឹត្តិការណ៍មួយដែលមិនអាចពន្យល់បាន។ ជាមួយនឹងការបញ្ចេញទឹកដមសំឡេងគួរឱ្យអស់សំណើច បូករួមនឹងការបញ្ចូលអារម្មណ៍បានធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តឡើងថែមមួយកម្រិតទៀត។



ជាពិសេសអ្នកទស្សនារឹតតែរន្ថើនអារម្មណ៍ត្រង់ឈុតមួយក្នុងភាគទី ៤ ខណៈពេលដែល Yeong Ji បានជាប់ក្នុងជណ្ដើរយន្ដជាមួយនឹងបុរសអាថ៌កំបាំង Seung Won សម្ដែងដោយ Park Hyuk Kwon ចាប់ផ្ដើមបញ្ចេញទឹកអ្វីម្យ៉ាងមកដែលបង្កើតឱ្យបរិយាកាសកាន់តែព្រឺព្រួច។
បន្ទាប់ពីចាក់ផ្សាយលើកដំបូង ខ្សែភាពយន្ដ “Light Shop” ទទួលបានប្រតិកម្មវិជ្ជមានជាច្រើនជាពិសេសទស្សនិកជននាំគ្នាសរសើរមិនដាច់ពីមាត់ឡើយថាស្នាដៃរបស់អ្នកនិពន្ធ Kang Full ពិតជារន្ធត់ ព្រឺព្រួច និងមានលាយឡំជាមួយនឹងមនោសញ្ចេតនា។ បើប្រៀបធៀបនឹងស្នាដៃមុនរបស់លោក រឿងភាគមួយនេះបានសង្កត់ធ្ងន់ទៅសាច់រឿងដែលនាំឱ្យមានអារម្មណ៍រំជើបរំជួលរឹតតែខ្លាំង។

គួរបញ្ជាក់ផងដែរថា “Light Shop” ជាស៊េរីរឿងភាគកូរ៉េថ្មីដែលពណ៌នាអំពីមនុស្សចម្លែកមួយក្រុមដែលមានបញ្ហាលំបាករៀងៗខ្លួនបន្ទាប់ពីឆ្លងកាត់បទពិសោធន៍ជីវិតដ៏អាក្រក់ត្រូវបានទាញចូលទៅក្នុងហាងចម្លែកនោះ។ ជាងនេះទៅទៀតម្ចាស់ហាងគឺជាមនុស្សអាថ៌កំបាំងដែលមើលហាក់មានការប្រយ័ត្នប្រយែង និងមានវិធីម្យ៉ាងដែលអាចដឹង ឬឆ្លងទៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់មនុស្សចម្លែកទាំងនោះ៕


























Account
Security
Favourite Content