វីដេអូរៀបរាប់គម្រោងរបស់សិល្បករសម្រាប់ឆ្នាំថ្មីពីផលិតកម្ម YG កំពុងទទួលរងការរិះគន់ពីសាធារណជន ដោយមានអ្នកគាំទ្រខ្លះខឹងសម្បាររហូតស្នើសុំឱ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំក្រុមហ៊ុនថ្មីទៀតផង។
កាលពីថ្ងៃទី២ ខែធ្នូនេះ YG Entertainment បានបញ្ចេញនូវវីដេអូដែលមានចំណងជើងថា “TREASURE NEWS & YG 2025 PLAN” ដោយមានសហស្ថាបនិក Yang Hyun Suk ជាអ្នកអត្ថាធិប្បាយនូវគម្រោងថ្មីៗរបស់សិល្បកររបស់ខ្លួន ជាពិសេសគឺក្រុម TREASURE តែម្ដង។
រយៈពេលជាង ២នាទីដំបូង លោក Yang Hyun Suk បានរៀបរាប់ពីសកម្មភាពរបស់ក្រុមចម្រៀងបុរស TREASURE សម្រាប់ឆ្នាំថ្មីដែលកំពុងតែឈានចូលមកដល់ ដោយក្រុមការងារបានគ្រោងបញ្ចេញនូវបទចម្រៀងដំណើរប្រគំតន្ត្រី ក៏ដូចជាការផ្លាស់ប្ដូរមេក្រុមថ្មី ២រូបផងដែរ។
ជាក់ស្ដែង បច្ចុប្បន្ននេះ TREASURE មាន Jihoon និង Hyunsuk ជាមេក្រុមដែលបានកាន់តំណែងមួយនេះតាំងពីចាប់ផ្ដើមកម៉្លេះ។ សហស្ថាបនិករូបនេះ បានរៀបរាប់ថា កន្លងមកធ្លាប់មានការស្នើសុំឱ្យធ្វើការផ្លាស់ប្ដូរមេក្រុមថ្មីរៀងរាល់ ២ទៅ៣ឆ្នាំម្ដង ហេតុនេះហើយ ទើបនៅដើមឆ្នាំនេះ គឺថ្ងៃទី១ ខែមករា Kim Junkyu នឹងសហការគ្នាជាមួយ Asahi ឡើងកាន់តំណែងជាអ្នកដឹកនាំសមាជិកទាំង ១០រូប។

ជាមួយនឹងការផ្លាស់ប្ដូរថ្មីនេះ ត្បិតមានអ្នកខ្លះនៅអាឡោះអាល័យអតីតមេក្រុមទាំងពីនៅឡើយ តែក្រុមអ្នកគាំទ្រ Treasure Maker ជាច្រើនរូបបានចូលរួមអបរអរសាទរដល់អនាគតមេក្រុមទាំងពីររូប។ តួយ៉ាង ម្ចាស់គណនី @luaynabila4293 បានសរសេរថា៖ “ស្វាគមន៍មេក្រុម Junkyu & Asahi។ អរគុណមេក្រុម Hyunsuk និង Jihoon”។
ទន្ទឹមគ្នានោះ មានអ្នកគាំទ្រជាច្រើនរូបនេះទៀតបានសម្ដែងការពេញចិត្តចំពោះការសម្រេចចិត្តរបស់ YG ដោយពួកគេយល់ថា នេះជាការផ្តល់ឱកាសដល់សមាជិកក្រុមឯទៀតក្នុងការបង្ហាញសមត្ថភាព និងអាចអភិវឌ្ឍក្រុមឱ្យកាន់តែល្អប្រសើរជាងមុន។


បន្តពីនេះ នៅក្នុងវីដេអូ “TREASURE NEWS & YG 2025 PLAN” ដដែល លោក Yang Hyun Suk បានរៀបរាប់ត្រួសៗពីសិល្បករដទៃទៀតក្នុងរយៈពេលប្រមាណ ៣០វិនាទីតែប៉ុណ្ណោះ ដោយលោកនិយាយថា ក្រុម BABYMONSTER និងក្រុមចម្រៀងបងប្អូន AKMU គ្រោងនឹងមានសកម្មភាពជាច្រើននៅក្នុងឆ្នាំថ្មី។ ឯក្រុមចម្រៀង WINNER ក៏ដូចជាក្រុម BLACKPINK ក៏នឹងមានដំណើរប្រគំតន្រ្តីផងដែរ។ បន្ថែមគម្រោងខាងលើ ស្ថាបនិករូបនេះបាននិយាយថា ឆ្នាំ ២០២៥ ជាឆ្នាំដ៏ធំមួយរបស់ YG ព្រោះក្រុមហ៊ុនកំពុងតែមានគម្រោងបង្ហាញវត្តមាន trainees ជាច្រើនរូបជូនដល់ទស្សនិកជន។
ឆ្លើយតបនឹងគម្រោងត្រួសៗនេះ អ្នកគាំទ្រមួយចំនួនធំបានបង្ហាញអារម្មណ៍មិនពេញចិត្ត ដោយសារតែលោក Yang Hyun Suk មិនបានផ្ដល់ព័ត៌មានច្បាស់លាស់ពីសិល្បករឯទៀត ឱ្យដូចក្រុម TREASURE ក៏ដូចជាបញ្ចេញមតិទៅលើគ្រប់គ្រងតារាក្រោមទ្រនំខ្លួនផងដែរ។ តាមរយៈការបកប្រែរបស់ Koreaboo អ្នកគាំទ្រម្នាក់បាននិយាយថា៖ “ WINNER ត្រៀមធ្វើកម្មវិធីប្រគំតន្រ្តី ទាំងមិនទាន់ចេញអាល់ប៊ុមពេញ? សូមចេញអាល់ប៊ុមពេញសិនមក ចាំធ្វើគម្រោងបន្ត”។

“BABYMONSTER, សូមមេត្តាចេញបទពីរោះៗឱ្យពួកយើងច្រើនជាងនេះបន្តិចមក។ មិនមែនលេងសើចទេ តែសុំឱ្យមានអ្វីដែលប្រសើរជាងនេះផង។ ពួកគេមានសមត្ថភាពណាស់ តែគុណភាពចម្រៀងនៅមានកម្រិតនៅឡើយ” អ្នកគាំទ្រម្នាក់ទៀតលើកឡើងបែបនេះ។
ដោយឡែក មានអ្នកខ្លះទៀតបានរិះគន់ចំៗទៅកាន់ក្រុមហ៊ុនជារួមតែម្ដង ដោយមានអ្នកគាំទ្រម្នាក់និយាយថា YG ចូលចិត្តឃោសនាពន្លើសដើម្បីទាក់ទាញចំណាប់អារម្មណ៍ ទន្ទឹមគ្នានឹងអ្នកគាំទ្រម្នាក់ទៀតលើកឡើងថា គម្រោងដែលលោក Yang Hyun Suk លើកឡើង នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ កាន់តែធ្ងន់ធ្ងរជាងនេះទៀត អ្នកគាំទ្រម្នាក់បានស្នើសុំឱ្យ YG ដូរអ្នកដឹកនាំថ្មីចេញតែម្ដង៕
























Account
Security
Favourite Content