អមគ្នានឹងភាពយន្ត Ne Zha 2 កំពុងតែទទួលបានប្រជាប្រិយខ្លាំង នៅពេលនេះសន្ទុះនៃការគាំទ្រទៅលើវត្ថុអនុស្សាវរីយ៍ដែលទាក់ទងនឹងរឿងមួយនេះក៏មានការហក់ឡើងដូចគ្នា ដោយការលក់ចេញនៅលើកម្មវិធី Alibaba មានតម្លៃសរុបរហូតដល់ទៅ ៣០០លានយន់ ឬប្រមាណ ៤១.៣២ លានដុល្លារអាមេរិក។

យោងតាមទិន្នន័យដោយផ្ទាល់ពីក្រុមហ៊ុនលក់ទំនិញមួយនេះ តួលេខដ៏ខ្ពស់មហាសាលនៃចំនួនការលក់វត្ថុអនុស្សាវរីយ៍ពីរឿង Ne Zha 2 បានបំបែកកំណត់ត្រាក្លាយជាភាពយន្តក្នុងស្រុកដែលអាចរកចំណូលបានច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់កម្មវិធីលក់ទំនិញអនឡាញដ៏ធំបំផុតចំនួន ២របស់ចិន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Alibaba គឺ Taobao និង Tmall។
ទិន្នន័យដដែលនេះ បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះមានអតិថិជនជាង ២លានបានដាក់ការបញ្ជាទិញវត្ថុអនុស្សាវរីយ៍ទាំងនោះនៅលើ Taobao រួមមាន ប្រភេទប្រអប់អាថ៌កំបាំង រូបតាំង និងរបស់របរផ្សេងៗទៀតដែលទាក់ទងនឹងគំនូជីវចលរឿងនេះ។ ដូចគ្នាដែរ Ne Zha 2: Born Bonded ដែលជាប្រភេទប្រអប់អាថ៌កំបាំងសហការណ៍គ្នាជាមួយនឹង Pop Mart ក៏បានទទួលការកក់ទុកមុខជាង ១សែនប្រអប់នៅលើកម្មវិធី Tmall ផងដែរ។


ប្រជាប្រិយភាពនៃវត្ថុអនុស្សាវរីយ៍ទាំងនេះ ក៏កាន់តែទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនដទៃទៀតឱ្យទិញសំបុត្រចូលទស្សនារឿងតុក្កតាមួយនេះដែរ។ ជាក់ស្ដែង កម្មវិធី Maoyan បានរាយការណ៍ថា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ ភាពយន្តរឿង Ne Zha 2 អាចរកចំណូលពីទស្សនិកជនជុំវិញពិភពលោកសរុបចំនួន ១៣.៩៧ ពាន់ឡានយន់ ឬប្រមាណ ១.៩២ ពាន់លានដុល្លារអាមេរិក ក្លាយជាភាពយន្តគំនូរជីវចលដែលរកចំណូលបានច្រើនបំផុតនៅលើពិភពលោក និងជាភាពយន្តទី ៧ ដែលអាចរកចំណូលបានខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្ត៕


























Account
Security
Favourite Content