នៅដើមខែធ្នូនេះ CUBE Entertainment បានប្រកាសដំណឹងល្អដល់អ្នកគាំទ្ររបស់សមាជិកសញ្ជាតិថៃនៃក្រុម (G)I-DLE គឺ Minnie ថានាងនឹងចាប់ផ្ដើមចេញអាល់ប៊ុមទោលទី ១ នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២៥។
ក្រុមហ៊ុនដែលជាអ្នកមើលថែការងារឱ្យសិល្បកររូបនេះបានរៀបរាប់ថា៖ “បច្ចុប្បន្ន Minnie កំពុងតែជាប់ដៃធ្វើការលើអាល់ប៊ុមទោលដំបូងរបស់ខ្លួន ដោយតាំងចិត្តថានឹងចេញផ្សាយនៅពាក់កណ្ដាលខែមករា ឆ្នាំក្រោយនេះ”។
សេចក្ដីប្រកាសដដែលនេះក៏បានបង្ហើបបន្ថែមថា Minnie បានតាំងចិត្តជាខ្លាំងចំពោះការងារមួយនេះ មិនថាការជ្រើសរើសចម្រៀងនីមួយៗ ហើយនាងក៏បានរួមចំណែកក្នុងការផលិតស្នាដៃចម្រៀងទាំងអស់នៅក្នុងអាល់ប៊ុមថ្មីនេះដែរ។ ត្បិតរៀបរាប់ថា អាល់ប៊ុមទោលដំបូងនេះ តារាស្រី ២៧ឆ្នាំមានគោលបំណងបង្ហាញភាពប្លែកខុសថ្មីពីអ្វីដែលអ្នកគាំទ្រតែងឃើញពីខ្លួនក្នុងរូបភាពជា Minnie សមាជិកក្រុម (G)I-DLE តែព័ត៌មានជាក់លាក់ពីថ្ងៃចេញផ្សាយ ចំនួនបទ និងទម្រង់បទចម្រៀងនៅមិនទាន់លេចឮក្នុងចំណោមសាធារណជននៅឡើយទេ។
គួររំឭកថា តារាស្រីដែលមានឈ្មោះដើមថា Nicha Yontararak ជាសមាជិកទី៤ ដែលនឹងបញ្ចេញស្នាដៃទោល បន្តពីមិត្តរួមក្រុម SOYEON ជាមួយនឹងអាល់ប៊ុម Windy កាលពីឆ្នាំ ២០២១, MIYEON អាល់ប៊ុម My នៅឆ្នាំ ២០២២ និង YUQI ដែលបានចេញអាល់ប៊ុម YUQ1 កាលពីខែមេសា ឆ្នាំ២០២៤។
នេះជាដំណឹងល្អមួយទៀតសម្រាប់អ្នកគាំទ្រក្រុមចម្រៀង (G)I-DLE ក្រោយមេក្រុម Soyeon ទើបតែប្រកាសនៅក្នុងកម្មវិធី Melon Music Awards 2024 នៅពេលឡើងទទួលរង្វាន់ Record of The Year ថា ពួកគេទាំង៥នាក់សម្រេចចិត្តបន្តកុងត្រាទាំងអស់គ្នា ហើយនឹងនៅតែរួមដៃគ្នាកសាងស្នាដៃក្នុងនាមជាសិល្បករក្រុមបន្តទៀតនៅឆ្នាំក្រោយៗ។