គ្រាន់តែចេញឈុតខ្លីៗមកក៏បង្កើតកំណត់ត្រាដ៏អស្ចារ្យបាត់ទៅហើយសម្រាប់ខ្សែភាពយន្តជីវប្រវត្តិស្ដេចចម្រៀងប៉ុប Michael Jackson មានចំណងជើងថា “Michael” ខណៈទទួលបានការចូលទស្សនាសរុបពីគ្រប់ Platform រហូតដល់ ១១៦.២ លានដងក្នុងរយៈពេល ២៤ ម៉ោងដំបូង។
ផ្អែកតាមទិន្នន័យពី WaveMetrix ឈុតខ្លីៗរឿងនេះបានក្លាយជាឈុតខ្លីៗសម្រាប់ភាពយន្តបែបជីវប្រវត្តិដែលមានអ្នកចូលទស្សនាថ្ងៃដំបូងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ និងជាការបង្ហាញខ្លួនលើកដំបូងដ៏ធំបំផុតសម្រាប់ភាពយន្តពីស្ទូឌីយោ Lionsgate។ ទិន្នន័យ WaveMetrix ក៏បង្ហាញផងដែរថា ឈុតខ្លីៗនេះបានវ៉ាដាច់កំណត់ត្រាខ្សែភាពយន្តជីវប្រវត្តិសិល្បករមុនៗ រួមទាំង Taylor Swift: The Eras Tour ដែលមានអ្នកទស្សនា ៩៦.១ លានដង និងភាពយន្ត Bob Marley: One Love ដែលមានអ្នកទស្សនា ៦០.១ លានដង ក្នុងរយៈពេល ២៤ ម៉ោងដំបូងដូចគ្នា។
ចំណាយដើមទុនផលិតអស់ ១៥៥ លានដុល្លារ ភាពយន្ត Michael ត្រូវបានចូលរួមសម្តែងដោយ Jaafar Jackson ជាក្មួយប្រុសបង្កើតរបស់ Michael Jackson ដោយមានសាច់រឿងរៀបរាប់ពីខ្សែជីវិតរបស់តារាចម្រៀងដ៏ល្បីល្បាញរូបនេះចាប់តាំងពីវ័យកុមារក្នុងនាមជាសមាជិកក្រុមចម្រៀងបងប្អូន the Jackson 5 រហូតក្លាយជាកំពូលតារាចម្រៀងលំដាប់ពិភពលោក និងជីវិតឯកជនរបស់លោកដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងពីមុនមក។
ខ្សែភាពយន្តដែលគ្រោងនឹងចេញបញ្ចាំងនៅខែមេសា ឆ្នាំ ២០២៦ នេះមានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនទៀតដូចជា Colman Domingo, Nia Long, Laura Harrier, Miles Teller និងតារាវ័យក្មេង Juliano Krue Valdi ដែលដើរតួជា Michael Jackson ពេលនៅតូច ៕


























Account
Security
Favourite Content