តារាសម្ដែងពីប្រទេសថៃ Mai Davika បានចូលរួមសម្ដែងនៅក្នុងភាពយន្តភាគ Princess Agents 2: Rebirth from the Ice Lake ដែលជារដូវកាលថ្មី បន្តពីរឿងភាគល្បីឈ្មោះរបស់ប្រទេសចិនដែលចេញតាំងតែពីឆ្នាំ២០១៧។

នៅថ្ងៃទី២១ ខែមេសានេះ សារព័ត៌មាន Sanook បានរាយការណ៍ថា រឿងភាគបុរាណខាងលើនេះ បានបញ្ចប់ការថតរួចរាល់ហើយ និងកំពុងស្ថិតនៅក្នុងដំណាក់កាលកាត់ត។ ទន្ទឹមគ្នានេះ នៅក្នុងវីដេអូជប់លៀងក្រោយការថតចប់ បានធ្វើឱ្យអ្នកនិយមទស្សនាភាពយន្តចិនជាច្រើនរូបមានការភ្ញាក់ផ្អើល ក្រោយពីបានប្រទះឃើញវត្តមានរបស់តារាស្រី Mai Davika ចូលរួមនៅក្នុងកម្មវិធីជប់លៀងនេះដូចគ្នា។


ដ្បិតមានការលើកឡើងថា ឈុតដែលតារាស្រីវ័យ ៣២ឆ្នាំរូបនេះគ្រង ជាឈុតរបស់កុលសម្ព័ន្ធសមុទ្រខ្សាច់ក្ដី ក៏ប៉ុន្តែនៅមិនទាន់មានព័ត៌មានលម្អិតថា នាងទទួលបានការងារ សម្ដែងជាតួអង្គណាមួយនៅក្នុងភាពយន្តភាគនេះឡើយ។ ដោយឡែក តំណែងតួឯកប្រចាំរឿង បានធ្លាក់ទៅលើតារាសម្ដែងចិនជំនាន់ថ្មី គឺ Huang Yang Dian Tian ដែលធ្លាប់សម្ដែងជាតួ Chu Diao វ័យក្មេងកាលពីរដូវកាលមុន ជាមួយនឹងតួប្រុស Li Yunrui។
សូមបញ្ជាក់ថា កាលពីរដូវកាលទី១ Princess Agents មាន Zhao Li Ying និង Lin Geng Xin ជាគូតួឯក ដោយភាពយន្តដែលមានសរុបចំនួន ៥៨ភាគនេះ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន។

គួររំឭកផងដែរថា Mai Davika បានឈានចូលក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិនដំបូង តាមរយៈការចូលរួមនៅក្នុងកម្មវិធី Sisters Make Waves រដូវកាលទី៥ កាលពីឆ្នាំ ២០២៤ បន្តដោយការងារក្នុងវិស័យបង្ហាញម៉ូដជាច្រើន មុននឹងអាចចាប់ឱកាសក្នុងវិស័យភាពយន្តដូចគ្រានេះ៕




























Account
Security
Favourite Content