បើនិយាយអំពីស្ថានភាពភាពយន្តថៃនៅដើមឆ្នាំ ២០២៣ សំណួរមួយដែលអ្នកស្ថិតក្នុងវិស័យនេះនាំគ្នាចោទសួរច្រើនបំផុតនោះគឺ តើពួកគេនឹងអាចឆ្លងផុតឆ្នាំនេះដោយរបៀបណា ខណៈដែលភាពយន្តថៃដែលចេញក្នុងឆមាសទីមួយនៃឆ្នាំនេះ សុទ្ធតែទទួលបានប្រាក់ចំណូលតិចខ្លាំង ដូចជារឿង “និស្ស័យស្នេហ៍អាប” វគ្គ២ ដែលរកចំណូលបានតិចជាង ១០ លានបាត (៣សែនដុល្លារ) ទូទាំងប្រទេស ឬសូម្បីតែភាពយន្ត “Home for Rent” ដែលត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ចំណេញច្រើន នៅតែរកចំណូលមិនដល់ ១០០ លានបាត (២,៩ លានដុល្លារ)។ មានតែភាពយន្ត “ឃុនផាន់” វគ្គ៣ មួយប៉ុណ្ណោះដែលអាចរកចំណូលបានជាង ១០០ លានបាតទូទាំងប្រទេស។

ស្ថានភាពនេះផ្ទុយស្រឡះពីអ្វីដែលកើតឡើងនៅប្រទេសវៀតណាម ដោយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ប្រាក់ចំណូល Box Office នៃខ្សែភាពយន្តទាំងអស់ដែលបានចាក់បញ្ចាំងនៅក្នុងប្រទេសវៀតណាមមានចំនួនសរុប ៤៦ លានដុល្លារ ខណៈច្រើនជាងពាក់កណ្ដាលគឺជាប្រាក់ចំណូលបានមកពីការបញ្ចាំងភាពយន្តវៀតណាមចំនួន ៨ រឿង។ ក្នុងនោះភាពយន្តដែលរកចំណូលបានច្រើនជាងគេប្រចាំឆ្នាំគឺរឿង “The House of No Man” ដែលអាចរកបាន ១៩លានដុល្លារម្នាក់ឯង ខណៈចំណាត់ថ្នាក់ទី២ រឿង “Face Off 6: The Ticket of Destiny” អាចរកបាន ១១លានដុល្លារ។


ក្រឡេកមកមើលប្រទេសថៃវិញ ស្ថានភាពនៃចំណូលភាពយន្តថៃធ្លាក់ចុះក្នុងឆមាសទីមួយនៃឆ្នាំនេះ បានបង្កើតក្តីបារម្ភសម្រាប់អ្នកធ្វើការក្នុងឧស្សាហកម្មភាពយន្តថៃមិនតិចនោះទេ។ ស្ទូឌីយោជាច្រើនបានចាប់ផ្តើមបង្កើតផែនការផលិតកម្មតឹងរ៉ឹង ខណៈបុគ្គលិកនៅក្នុងខ្សែសង្វាក់ផលិតកម្មតាំងពីអ្នកដឹកនាំរឿងរហូតដល់ក្រុមបច្ចេកទេស ចាប់ផ្ដើមចោទសួរពីស្ថិរភាពនៃអាជីពរបស់ខ្លួនឯង។ សំណួរសួរថា “តើភាពយន្តថៃនឹងស្លាប់ឬអត់?” ត្រូវបានគេចោទសួរកាន់ច្រើនឡើងៗ ដូចគ្នានឹងសំនួរសួរថា តើការចាក់ផ្សាយអនឡាញ (Streaming) នឹងក្លាយជាខ្នងបង្អែកចុងក្រោយសម្រាប់ផលិតករភាពយន្តថៃមែនទេ?

យ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរដ៏សំខាន់មួយបានកើតឡើងនៅក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ នៅពេលដែលភាពយន្តរន្ធត់អំពីមន្តអាគមផ្លូវងងឹតមូស្លីម “The Djinn’s Curse (ของแขก)” បានបង្កភាពភ្ញាក់ផ្អើលដោយរកចំណូលបានជាង ៥០ លានបាតទូទាំងប្រទេសនៅចុងខែតុលា។

បន្ទាប់ពីរឿងនេះក៏មានភាពយន្តកាន់តែខ្លាំងៗថែមទៀតដូចជាភាពយន្តរន្ធត់ “The Undertaker (สัปเหร่อ)” ដែលស្ថិតក្នុងសែស្រឡាយ “Thibaan The Movies” អាចរកចំណូលបាន ៧២០ លានបាត (២១លានដុល្លារ) ទូទាំងប្រទេស ខណៈដើមទុនផលិតអស់ត្រឹម ៣សែនដុល្លារ និងបានក្លាយជាភាពយន្តថៃដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំនេះ។

មិនទាន់អស់ទេ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការចេញបញ្ចាំងរឿង “The Undertaker” ភាពយន្តភ័យរន្ធត់មួយទៀតគឺ “Death Whisperer (ទំនួញព្រាយ)” ក៏បានពង្រឹងភាពជោគជ័យក្នុងវិស័យភាពយន្តថៃដោយរកចំណូលបានជាង ៤៨០ លានបាត (១៤លានដុល្លារ) មុនពេលភាពយន្តចុងក្រោយប្រចាំឆ្នាំគឺ “4KINGS 2” ដែលជារឿងភាគបន្តពីភាពយន្តរកចំណូលបានខ្ពស់បំផុតរបស់ថៃក្នុងឆ្នាំ ២០២១ អាចរកចំណូលបានជាង ២០០ លានបាត (៥,៨ លានដុល្លារ) ថែមទៀត។
ដូច្នេះមានន័យថា ត្រឹមតែក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ភាពយន្តថៃទាំង ៤ នេះរកចំណូលបានសរុបជិត ១៥០០ លានបាត (៤៤លានដុល្លារ) ហើយប្រសិនបើរាប់បញ្ចូលប្រាក់ចំណូលក្នុង ៣ត្រីមាសមុនដែរ ចំណូលភាពយន្តថៃនៅឆ្នាំនេះគឺប្រមាណ ១៨០០លានបាត និងត្រូវបានចាត់ទុកថាជាកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។
សំណួរសំខាន់គឺ តើមានអ្វីកើតឡើងចំពោះភាពយន្តថៃក្នុងត្រីមាសចុងក្រោយ ដែលអាចផ្លាស់ប្តូរស្ថានភាពពីការប្រឈមមុខនឹងការធ្លាក់ទឹកចិត្តទៅជាការឱបក្រសោបនូវក្តីសង្ឃឹមដ៏ភ្លឺស្វាងសម្រាប់អ្នកនិពន្ធ? លទ្ធភាពនៃការផ្លាស់ប្តូរភ្លាមៗបែបនេះអាចបណ្តាលមកពីកត្តាដូចខាងក្រោម៖
១. ភាពប្លែកថ្មីនៃមាតិកា
ដោយមិនរាប់បញ្ចូល “4KINGS 2” ភាពយន្តដែលរកចំណូលបានច្រើនជាងគេទាំង ៣ សុទ្ធតែជាភាពយន្តបែបភ័យរន្ធត់ រួមមាន រឿង “The Djinn’s Curse” រឿង “The Undertaker” និង “ទំនួញព្រាយ” ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ទោះបីជាភាពយន្តរន្ធត់ដូចគ្នា ប៉ុន្តែទម្រង់នៃការតំណាលរឿងនីមួយៗគឺខុសគ្នាទាំងស្រុង ដោយរឿង “The Djinn’s Curse” បង្ហាញអំពីវេទមន្តផ្លូវងងឹតបែបមូស្លីមដែលជារឿងប្លែកថ្មីសម្រាប់ប្រជាជនថៃ ចំណែករឿង “The Undertaker” វិញ ទោះបីជាប្រភេទរឿងខ្មោចកំប្លែងៗដែលប្រជាជនថៃធ្លាប់ទស្សនាច្រើនហើយក៏ដោយ ប៉ុន្តែចំណុចដែលធ្វើឱ្យភាពយន្តទទួលការគាំទ្រខ្លាំងជាងនេះនោះគឺការបង្ហាញទស្សនវិជ្ជាអំពីសេចក្ដីស្លាប់ដែលងាយយល់ ប៉ុន្តែមុតស្រួច។ រីឯរឿង “ទំនួញព្រាយ” គឺជាភាពយន្តខ្មោចដែលរួមបញ្ចូលគ្នានូវការលងបន្លាចផ្អែកលើរឿងពិតកើតឡើងអតីតកាល ជាមួយនឹងឈុតឆាកបែប Action ដែលគេមិនសូវបានឃើញក្នុងរឿងខ្មោចថៃ។ ភាពចម្រុះ និងវិធីសាស្ត្រតំណាលរឿងសម្បូរបែប បែបនេះហើយដែលធ្វើឲ្យអ្នកទស្សនារំភើប ចង់ដឹងចង់ឃើញ និងមានការរំពឹងខ្ពស់នៅពេលបានឃើញការផ្សព្វផ្សាយពីខ្សែភាពយន្តទាំងនេះ តាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗ រួមទាំងការនិយាយពីមាត់មួយទៅមាត់មួយ។
២. គុណភាពផលិតកម្ម
កាលពីមុន ភាពយន្តថៃច្រើនតែត្រូវបានគេវាយតម្លៃថាមានគុណភាពផលិតមិនល្អ ព្រោះដើមទុនទាបជាងភាពយន្តបរទេស ជាពិសេសធៀបនឹងកុនហូលីវូដ ឬកូរ៉េខាងត្បូង។ ប៉ុន្តែនាពេលថ្មីៗនេះ ជាពិសេសក្នុងរយៈពេល ៤-៥ ឆ្នាំចុងក្រោយ គុណភាពនៃការផលិតភាពយន្តថៃមានភាពប្រសើរឡើងខ្លាំង ដោយសារតែចំនួនបុគ្គលិកមានជំនាញក្នុងការផលិតភាពយន្តបច្ចុប្បន្នមានកាន់តែច្រើន ទាំងអ្នកដឹកនាំរឿង អ្នកថត អ្នកកាត់តរូបភាព និងសំឡេង។ ការសន្សែសន្សំទំនុកចិត្តលើគុណភាពផលិតកម្មជាបន្តបន្ទាប់នេះ ធ្វើឲ្យអ្នកទស្សនាចាប់ផ្ដើមជឿជាក់លើភាពយន្តថៃដោយមិនដឹងខ្លួន។ អាចសង្កេតបានថាភាពយន្តថៃចំនួន ៤រឿងដែលចេញក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ស្ទើរតែគ្មានរឿងមួយណាដែលរងការរិះគន់ចំពោះគុណភាពផលិតកម្មឡើយ លើកលែងតែស្គ្រីបរឿងមួយចំនួនដែលអាចត្រូវបានរិះគន់ថាមានភាពទន់ខ្សោយបន្តិច។ លើសពីនេះ ភាពយន្ត “ទំនួញព្រាយ” បានបង្កើតកំណត់ត្រាថ្មីដោយបានដាក់បញ្ចាំងក្នុងរោងភាពយន្ត IMAX ដែលពីមុនរោងនេះគឺសម្រាប់តែភាពយន្តហូលីវូដប៉ុណ្ណោះ។

៣. អាចទាក់ចិត្តអ្នកមិនចូលចិត្តមើលកុន
ជាធម្មតា មូលដ្ឋានទស្សនិកជនសំខាន់សម្រាប់ភាពយន្តថៃគឺជាយុវវ័យដែលមានអាយុមិនលើសពី ២៥ ឆ្នាំ។ ប៉ុន្តែសូចនាករដែលអាចកំណត់ថាភាពយន្តណាមួយអាចទទួលបានជោគជ័យខ្លាំងនោះគឺ ដោយសារការចូលរួមពីក្រុមទស្សនិកជនថ្មីៗ (Hidden Audiences) ដោយទស្សនិកជននេះគឺជាក្រុមអ្នកទស្សនាដែលកម្រនឹងចេញមកមើលរឿងថៃណាស់ អាចមកពីការខកចិត្តនឹងរឿងថៃ ឬមកពីកត្តាសេដ្ឋកិច្ច។ ប៉ុន្តែនៅពេលណាដែលទស្សនិកជនក្រុមនេះត្រូវបានដាស់ឱ្យភ្ញាក់ លទ្ធផលតាមមកគឺប្រាកដជាជោគជ័យភ្លូកទឹកភ្លូកដីសម្រាប់ភាពយន្តមិនខានឡើយ។ តួយ៉ាងក្នុងករណី “The Djinn’s Curse” មូលដ្ឋានទស្សនិកជនថ្មីដែលគួរឲ្យចាប់អារម្មណ៍គឺក្រុមអ្នកទស្សនានៅខេត្តភាគខាងត្បូង ជាពិសេសនៅតំបន់ដែលមានជនជាតិមូស្លីមរស់នៅច្រើន ឬតំបន់បាងកក នៅប៉ែកខាងកើត។ គុណភាពនៃរឿងដែលនាំឱ្យមានការនិយាយសរសើរពីមាត់មួយទៅមាត់មួយក៏ជាកត្តាជំរុញចិត្តឱ្យអ្នកមិនធ្លាប់មើលកុន ចង់ចេញមកមើលយ៉ាងច្រើនដូចគ្នា ៕

























Account
Security
Favourite Content