អាល់ប៊ុមទោលរបស់ Lisa គឺ Alter Ego ដែលទើបតែចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅនេះ ទទួលបានការគាំទ្រច្រើនលើឆាកអន្តរជាតិ ក្លាយជាស្នាដៃជោគជ័យបំផុតមួយក្នុងនាមជា សិល្បករទោល។

ជាក់ស្ដែង នៅថ្ងៃដំបូងដែលអាល់ប៊ុមចេញផ្សាយ តារាខេប៉ុបសញ្ជាតិថៃរូបនេះ អាចទទួលបានការចូលស្ដាប់រហូតដល់ទៅ ២៣.៤៩ លានដង ក្លាយជា “អាល់ប៊ុមពីតារារ៉េបស្រីដែលមានអ្នកស្ដាប់ច្រើនបំផុតនៅថ្ងៃទី១” លើកម្មវិធី Spotify ដោយចំនួននេះ បានធ្វើឱ្យ Lisa អាចយកឈ្នះតារារ៉េបស្រីរបស់អាមេរិក Cardi B ដែលទទួលបានចំនួនការចូលស្ដាប់ប្រមាណ ១៥.៤ ដង នៅពេលបញ្ចេញអាល់ប៊ុម Invasion of Privacy ក្នុងរយៈពេលតែមួយ។
ក៏ប៉ុន្តែភាពជោគជ័យរបស់ Alter Ego មិនទាន់បញ្ចប់ត្រឹមនេះទេ ដោយ Lisa និង BLACKPINK បានក្លាយជា “សិល្បករនារីដែលមានចម្រៀងក្នុងលំដាប់កំពូលទាំង ១០ ច្រើនបំផុតនៅលើតារាង Spotify Global 200 Charts” រួមគ្នានឹងតារាចម្រៀងស្រីជួរមុខលំដាប់ពិភពលោកផ្សេងទៀត ដូចជា Taylor Swift, Ariana Grande, Olivia Rodrigo, Sabrina Carpenter, Billie Eilish និង Adele។



លទ្ធផលទាំងនេះហើយ ដែលអាចធ្វើឱ្យ Lisa មានលទ្ធភាពទទួលបានតំណែងជា “សិល្បករខេប៉ុបនារីទោលទីមួយ និងតែមួយគត់” ដែលទទួលបានការចូលស្ដាប់ច្រើនកម្រិតបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Spotify ជាមួយនឹងចំនួនការចូលស្ដាប់សរុប ៣.៥ ពាន់លានដង។ បន្ថែមពីនេះទៀត តារាស្រីវ័យ ២៧ឆ្នាំ ក៏អាចក្ដោបឱកាសឈរឈ្មោះជាតារាស្រីលំដាប់លេខ ៥ នៅលើតារាង “Global Digital Artist” ជាមួយគ្នានឹងសមាជិករួមក្រុម BLACKPINK ម្នាក់ទៀត គឺ Rosé ក្នុងលេងរៀងទី ៩ ព្រមគ្នានឹងតារាធំៗ ដូចជា Kendrick Lamar, The Weeknd, Lady Gaga និងBruno Mars ជាដើម។
គួរបញ្ជាក់ផងដែរថា Alter Ego ជាអាល់ប៊ុមទោលទី១ ដែល Lisa បានធ្វើឡើងក្រោមផលិតកម្មផ្ទាល់ខ្លួន Lloud ដោយអាល់ប៊ុមមួយនេះអនុញ្ញាតឱ្យអ្នកគាំទ្រអាចស្វែងយល់ពីជ្រុងផ្សេងទៀតរបស់ Lisa តាមរយៈតួអង្គទាំង ៥ គឺ Roxi, Kiki, Vixi, Sunni និង Speedi៕




























Account
Security
Favourite Content