កាលពីថ្ងៃទី ៣០ ខែមករា ទីភ្នាក់ងារសារព័ត៌មានកូរ៉េបានរាយការណ៍ថា Fantagio ដែលជាក្រុមហ៊ុនកម្សាន្តឈានមុខមួយរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ភាពយន្តភាគប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ‘Dae Jang Geum’ ឬ “ជីវិតនាងចាំងគីម” នឹងត្រលប់មកវិញម្តងទៀតជាមួយនឹងវគ្គ ២ ដោយគ្រោងនឹងចាប់ផ្តើមថតនៅក្នុងខែតុលាឆ្នាំនេះ។ អ្វីដែលពិសេសនៃវគ្គទី ២ គឺតារាសម្ដែងជួរមុខ Lee Young-Ae នឹងត្រឡប់មកសម្ដែងជាតួចាំងគីមម្ដងទៀត ហើយ Fantagio ក៏បានចុះកិច្ចសន្យាជាមួយអ្នកនិពន្ធរឿងរួចហើយដែរ។

សាច់រឿងសម្រាប់វគ្គ ២ នេះនឹងបង្ហាញកាន់តែស៊ីជម្រៅអំពីដំណើរជីវិតរបស់ ចាំងគីម បន្ទាប់ពីបានក្លាយជាពេទ្យហ្លួងស្រីជាផ្លូវការ។ នៅឆ្នាំ ២០២៤ នេះគឺជាខួបគម្រប់ ២០ ឆ្នាំដែលរឿងភាគមួយនេះបានចាក់ផ្សាយ ដែលធ្វើឱ្យការថតភាគថ្មីនាពេលខាងមុខនេះពិតជាពិសេសខ្លាំងសម្រាប់តារាសម្ដែង ក៏ដូចជាអ្នកគាំទ្រ។ គេរំពឹងថា ភាពយន្តភាគថ្មីនេះនឹងចេញផ្សាយនៅដើមឆ្នាំ ២០២៥។
គួររំឭកថា “ជីវិតនាងចាំងគីម” កាលពីវគ្គដំបូង មានសាច់រឿងនិយាយអំពីជីវិតរបស់ ពេទ្យហ្លួងស្រីដំបូងគេក្នុងរជ្ជកាល ‘ស្តេច Jungjong’ នៃរាជវង្ស Joseon ប្រទេសកូរ៉េខាងត្បូង។ ចាំងគីមត្រូវបានឪពុកម្ដាយចិញ្ចឹមនាំចូលទៅធ្វើជាស្រីបម្រើក្នុងព្រះបរមរាជវាំង និងមានបំណងប្រាថ្នាឡើងកាន់តំណែងខ្ពស់បំផុតក្នុងដំណាក់ព្រះក្រយា ប៉ុន្តែដោយសារមានឧបសគ្គផ្សេងៗជាច្រើន ទីបំផុតនាងក៏បានក្លាយជាពេទ្យហ្លួងស្រីដ៏ល្បីឈ្មោះទៅវិញ។
ភាពយន្តភាគនេះត្រូវបានចាត់ទុកជា Soft Power ដែលបានបង្ហាញពីវប្បធម៌អាហារ និងការប្រើប្រាស់ថ្នាំបុរាណក្នុងសម័យ Joseon បានល្អបំផុត និងទទួលបានការគាំទ្រខ្លាំងជាអន្តរជាតិរហូតត្រូវបានទិញសិទ្ធិចាក់បញ្ចាំងនៅ ៩១ ប្រទេសជុំវិញពិភពលោក ដោយអាចរកចំណូលសរុបបាន ១០៣ លានដុល្លារ ខណៈចំណាយដើមទុនផលិតអស់ ១៥លានដុល្លារ ៕

























Account
Security
Favourite Content