ក្រុមចម្រៀង Stray Kids បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាក្រុម K-pop បុរសដំបូងគេដែលបានឡើងសម្ដែងក្នុងនាមជាសិល្បករសំខាន់ក្នុងកម្មវិធីមហោស្រពតន្ត្រីអឺរ៉ុបដ៏មានកិត្យានុភាពពីរគឺ I-Days នៅទីក្រុង Milan ប្រទេសអ៊ីតាលី និង BST Hyde Park នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលគ្រោងធ្វើឡើងនៅខែកក្កដា។

I-Days ជាមហោស្រពដ៏ល្បីល្បាញដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៩៩ ហើយពីមុនមានសិល្បករល្បីៗដូចជា Green Day, Liam Gallagher, Blink 182 និង Justin Bieber ចូលរួមសម្ដែង។ សម្រាបបញ្ជីឈ្មោះសិល្បករនៅឆ្នាំនេះរួមមានក្រុមចម្រៀងជើងចាស់ Metallica, Doja Cat, Lana Del Rey, Bring Me The Horizon និង Sum41 ខណៈក្រុម Stray Kids គឺស្ថិតក្នុងបញ្ជីសិល្បករនាំមុខ ដែលជាមោទនភាពមួយសម្រាប់វិស័យ K-pop ។

ការបង្ហាញខ្លួនរបស់កំពូលក្រុមចម្រៀងបុរសជំនាន់ទី៤ របស់ផលិតកម្ម JYP មួយនេះនៅមហោស្រព BST Hyde Park ក្នុងទីក្រុងឡុងដ៍ក៏ជាសមិទ្ធិផលដ៏អស្ចារ្យមួយផងដែរ ខណៈដែលពួកគេបានក្លាយជាក្រុម K-pop បុរសដំបូងគេដែលដណ្តើមបានតំណែងកំពូលនៅក្នុងមហោស្រពតន្ត្រីដ៏មានកិត្យានុភាពបំផុតមួយរបស់ពិភពលោកមួយនេះ។

គួរបញ្ជាក់ថា ប្រជាប្រិយភាព និងវត្តមានលើឆាកអន្តរជាតិរបស់ Stray Kids ពេលនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងដូចជាពេលថ្មីៗនេះ ពួកគេបានចូលរួមកម្មវិធី ‘Yellow Coin Collection Campaign’ នៅ Accor Arena ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយព្រឹត្តិការណ៍នេះដឹកនាំដោយជំទាវទីមួយបារាំង Brigitte Macron និងមានគោលបំណងរៃអង្គាសថវិកាសម្រាប់កុមារ និងក្មេងជំទង់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អាល់ប៊ុមពេញទី ៣ របស់ពួកគេ ‘★★★★★(5-STAR)’ ក៏បានបង្កើតប្រវត្តិសាស្ត្រដូចគ្នាដោយឈរនៅលើតារាង ‘Billboard 200’ របស់អាមេរិក បីសប្តាហ៍ជាប់គ្នា ខណៈបទចម្រៀង “S-Class” និងបទ “TOPLINE (Feat. Tiger JK)” បានរួមចំណែកដល់ភាពជោគជ័យនេះ រួមជាមួយនឹងបទ “God’s Menu” ដែលធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេកាន់តែរឹងមាំ។
ងាកមកមើលលើ Youtube វីដេអូចម្រៀងបទ “LALALALA” បានក្លាយជាវីដេអូចម្រៀងទី១២ របស់ពួកគេដែលមានការចូលទស្សនាលើស ១០០លានដង។
បន្ទាប់ពីទទួលបានពានរង្វាន់ “ក្រុម K-Pop ល្អបំផុត” ពីកម្មវិធី MTV Video Music Award របស់អាមេរិក ក៏ដូចជាពានរង្វាន់ “អាល់ប៊ុម K-Pop” ពីកម្មវិធី Billboard Music Award ថ្មីៗនេះពួកគេក៏បានជាប់បេក្ខភាពនៅក្នុងកម្មវិធី ‘2024 iHeartRadio Music Awards’ សម្រាប់ពានរង្វាន់២ផ្នែកគឺ “សិល្បករ K-Pop ប្រចាំឆ្នាំ” និង “បទចម្រៀង K-Pop ប្រចាំឆ្នាំ” និងបានជាប់ជាបេក្ខភាព “ក្រុមចម្រៀងប្រចាំឆ្នាំ” នៅឯកម្មវិធីពានរង្វាន់ ‘People’s Choice Awards ផងដែរ ៕























Account
Security
Favourite Content