នៅថ្ងៃទី១៧ ខែកញ្ញានេះ ការិយាល័យ Aewol-eup នៃទីក្រុង Jeju បានឱ្យដឹងថា ការិយាល័យរបស់ខ្លួនបានសម្រេចផាកពិន័យក្រុមការងារផលិតរឿងថ្មី Delusion ចំនួន ១លានវ៉ុន ឬប្រមាណ ៧៣០ដុល្លារអាមេរិក ក្រោយក្រុមការងារបានចាត់ចែងសំរាមមិនបានត្រឹមត្រូវ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅលើកោះ Jeju។

ដើមហេតុនៃការផាកពិន័យនេះ បានកើតឡើង ខណៈពេលដែលក្រុមការងារពីផលិតកម្ម Showbox បានទៅថតរឿងនៅឯបរិវេណភ្នំ Oreum កោះ Jeju និងមិនបានចាត់ចែងសំរាមឱ្យបានត្រឹមត្រូវ ក្នុងនោះរួមមានដបទឹក កំប៉ុងហ្គាស និងថង់ប្លាស្ទិកជាច្រើនប្រភេទទៀត មុននឹងមានអ្នកផ្ដិតយករូបភាពកាកសំណល់ទាំងនោះ មកចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម។
ការិយាល័យ Aewol-eup បានសម្រេចថា ករណីនេះបានរំលោភលើមាត្រា ៨ នៃច្បាប់គ្រប់គ្រងកាកសំណល់ ដោយបញ្ជាក់ថា៖ “កាកសំណល់ទាំងនោះ បានបង្កើតឡើងក្នុងអំឡុងពេលប្រតិបត្តិការអាជីវកម្ម។ បច្ចុប្បន្នយើងកំពុងចាត់វិធានការកែតម្រូវទៅតាមច្បាប់ពាក់ព័ន្ធ”។

ជាលទ្ធផល ការិយាល័យនេះ បានសម្រេចផាកពិន័យក្រុមការងារផលិតភាពយន្តនេះចំនួន ១លានវ៉ុន ឬប្រមាណ ៧៣០ដុល្លារអាមេរិក។ ទន្ទឹមគ្នានេះ រដ្ឋបាលប្រចាំក្រុងក៏បានបង្ហាញពីគម្រោងក្នុងការការពារកុំឱ្យហេតុការណ៍ដដែលកើតឡើងម្ដងទៀត ថា៖ “នៅក្នុងកិច្ចសហប្រតិបត្តិការថតភាពយន្តនាពេលអនាគត នៅក្នុងព្រៃជាតិក្រោមដែនសមត្ថកិច្ចនៃសេវាកម្មព្រៃឈើកូរ៉េ យើងនឹងពង្រឹងលក្ខខណ្ឌកិច្ចសហប្រតិបត្តិការ និងពិនិត្យមើលឱ្យបានហ្មត់ចត់ថា បន្ទាប់ពីថតហើយ តើក្រុមការងារបានធ្វើឱ្យតំបន់នេះស្ថិតមកនៅសភាពដើមវិញដែរឬទេ?”។
សូមរំឭកផងដែរថា កន្លងមក ផលិតកម្ម Showbox បានចេញការសុំទោសម្ដងរួចមកហើយ ជាមួយនឹងហេតុផលថា៖ “យើងបានថតរហូតដល់យប់ជ្រៅ ហើយដោយសារតែភាពងងឹត ពួកយើងមិនអាចសម្អាតកន្លែងនោះឱ្យបានហ្មត់ចត់ទេ។ យើងបានសុំទោសដល់អាជ្ញាធរមូលដ្ឋាន និងបានប្រមូលកាកសំណល់ទាំងនោះភ្លាមៗ”៕



























Account
Security
Favourite Content