របាំព្រះរាជទ្រព្យធ្លាប់ជាពិធីដ៏ពិសិដ្ឋមួយ ដែលដើមឡើយគេសម្តែងតែចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងព្រះមហាក្សត្រីតែប៉ុណ្ណោះ។ តែបច្ចុប្បន្នរបាំដ៏វិសេសវិសាលមួយនេះក្លាយជាភាសាសកល ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជា “របាំអប្សរា”។
របាំព្រះរាជទ្រព្យ គឺជារបាំមួយដែលបង្ហាញពីសភាពនៃចិត្ត ដែលអ្នករបាំបានបន្សាំខ្លួនទៅនឹងតន្ត្រី ជាមួយនឹងរូបរាងកាយ និងសិល្បៈ ប្រៀបដូចជាចំណងភ្ជាប់រវាងផែនដី និងមេឃា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ភាពយន្តឯកសារ «ទេពហត្ថា» ដែលចងក្រងអស់រយៈពេល ៥ឆ្នាំ និងដឹកនាំសម្តែងដោយលោក Xavier de Lauzanne ជាភាពយន្តនឹងធ្វើឲ្យអ្នកទស្សនាបានយល់អំពីរបាំព្រះរាជទ្រព្យ ដែលបានបង្កើតជាវប្បធម៌ និងអត្ដសញ្ញាណកម្ពុជាតាំងពីដូនតារៀងមក។
ភាពយន្ដឯកសារមួយនេះមានរយៈពេល ១ ម៉ោង ២៦ នាទីដែលផ្ដោតលើសាច់រឿងសំខាន់ ២ គឺប្រវត្ដិរបាំព្រះរាជទ្រព្យតាំងពីឆ្នាំ ១៩០៦ និងការបង្កើតក្បាច់របាំ «នាងវឌ្ឍនាទេវី» ដោយព្រះរៀមនរោត្ដម ព្រះនាង បុប្ផាទេវី។
ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាន លោក Xavier បានឱ្យដឹងនៅថា៖ «ទេពហត្ថាជាភាពយន្ដឯកសារដ៏ល្អអស្ចារ្យដែលចំណាយពេល៥ឆ្នាំ។ ពីទស្សនៈទៅកាន់សំណេរអត្ថបទរឿងនិងពីការសម្ដែងរហូតដល់ផលិតកម្មវាជាដំណើរដ៏វែងឆ្ងាយ មិនគួរឱ្យជឿដូចទៅនឹងដំណើរសាច់រឿងដែលមិនអាចទាយទុកបាន»។ ក្នុងឱកាសនោះលោកបន្តថា៖ «យើងចង់ផលិតភាពយន្ដ១ដែលផ្ដិតយកទាំងសោភណភាពនៃរបាំបុរាណខ្មែរ និងស្ថានភាពប្រវត្ដិសាស្ដ្រ។ ពិតជាគួរឱ្យកោតស្ញប់ស្ញែងចំពោះសិល្បករ ដែលស្ថិតក្នុងសម័យសង្គ្រាមដ៏បំផ្លិចបំផ្លាញ ដោយនៅតែពុះពារបង្ហាត់បង្រៀន និងស្ដារទម្រង់សិល្បៈឱ្យរស់រាន និងប្រែក្លាយជាប្រភពធនធាននៃក្ដីសង្ឃឹម និងរីកចម្រើនឡើងវិញ»។
ចំណែក សេរី វណ្ណកុសន ជាតួអង្គក្នុងភាពយន្ត «ទេពហត្ថា» និងជាតួអង្គឯកក្នុងទស្សនីយភាព «នាងវឌ្ឍនាទេវី» បានឱ្យដឹងថា កញ្ញាចូលចិត្ដរបាំក្បាច់បុរាណដោយសារតែឮភ្លេង និងឮចម្រៀងធ្វើឱ្យកញ្ញាសប្បាយចិត្ដ ទោះបីជាខ្លួនជានារីពូកែអៀនខ្មាសក្តី។
វណ្ណកុសន បានបន្តឲ្យដឹងថា៖ «ប្រសិនបើសម្ដេចព្រះរៀម នរោត្ដមបុប្ផាទេវីមិនផ្ដល់ទំនុកចិត្ដមកលើខ្ញុំនោះទេខ្ញុំនឹងគ្មានអ្វីដែលខ្ញុំមានសព្វថ្ងៃនេះដែរ»។
តាមទំព័រហ្វេសប៊ុក របស់ភាពយន្ត «ទេពហត្ថា» បានបញ្ជាក់ឲ្យដឹងថា ភាសានៃរបាំព្រះរាជទ្រព្យខ្មែរមិនអាចចងក្រងទុកជាតម្រាបានទេ ប៉ុន្តែអាចត្រឹមសម្ដែងចេញ និងផ្ទេរទៅកាន់មនុស្សជំនាន់ក្រោយបាន ចំណែកឯអត្តសញ្ញាណវិញក៏ដូចគ្នាដែរ។
គួរបញ្ជាក់ថា ភាពយន្តឯកសារ «ទេពហត្ថា» ឬជាភាសាអង់គ្លេស «The Perfect Motion» នឹងមកដល់គ្រប់រោងភាពយន្តនៅប្រទេសកម្ពុជានាថ្ងៃទី ០១ មេសា ២០២៣ ឆាប់ៗខាងមុខនេះ៕






















Account
Security
Favourite Content