Kai តារាខេប៉ុប សមាជិក EXO កំពុងផលិតអាល់ប៊ុមខ្នាតតូចទី ៤ របស់ខ្លួន ដោយគ្រោងនឹងចេញផ្សាយជាផ្លូវការនៅខែមេសា ខាងមុខនេះ បន្តកសាងកេរ្តិ៍ឈ្មោះក្នុងនាមជា សិល្បករទោល។

សារព័ត៌មាន Starnews បានឱ្យដឹងនៅថ្ងៃទី ៥ ខែមីនា នេះថា អាល់ប៊ុមទោលថ្មីនេះកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការផលិត ដោយ Kai កំពុងតែរង់ចាំថតវីដេអូចម្រៀងនៅសប្ដាហ៍ក្រោយនេះ។
ដ្បិតសាមីខ្លួន និងផលិតកម្មនៅមិនទាន់បង្ហើបពីឈ្មោះអាល់ប៊ុម និងព័ត៌មានលម្អិតក្ដី តែជាក់ស្ដែង អាល់ប៊ុមខ្នាតតូចនេះ ជាស្នាដៃទី ១ បន្ទាប់ពីតារាប្រុសវ័យ ៣១ឆ្នាំរូបនេះ បានជាប់រវល់នឹងភារកិច្ចបម្រើជាតិ តាំងតែពីខែឧសភា ឆ្នាំ២០២៣ មុននឹងបានបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សូមរំឭកផងដែរថា អាល់ប៊ុមទោលចុងក្រោយបង្អស់របស់ Kai “Rover” បានចេញផ្សាយតាំងតែពីឆ្នាំ ២០២៣ មកម្ល៉េះ និងទទួលបានការគាំទ្រយ៉ាងច្រើនក្រាស់ក្រែល ដោយជាប់ឈ្មោះនៅលើតារាងរបស់ iTunes ក្នុងនាមជាអាល់ប៊ុមកំពូលនៅបណ្ដាប្រទេសចំនួន ៤០ ជុំវិញពិភពលោក។
អាល់ប៊ុមដដែលនេះក៏ទទួលបានតំណែងជាអាល់ប៊ុមកំពូលលេខ ១ នៅលើតារាង អាល់ប៊ុមក្នុងស្រុក និងនៅលើ Music Bank របស់ស្ថានីយទូរទស្សន៍ KBS ទន្ទឹមគ្នានឹង QQ Music Digital Album Sales Chart ក្នុងប្រទេសចិនផងដែរ។ នេះបើយោងតាម Allkpop។
ក្រៅពីអាល់ប៊ុមថ្មី Kai ក៏នឹងមានស្នាដៃមួយទៀតជាមួយនឹងមុខមាត់ជា ពិធីករនៅក្នុងកម្មវិធី “Jeongwaja” ឬ “Changing Majors” រដូវកាលទី ៦ ដែលគ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា ឆាប់ៗនេះ៕
























Account
Security
Favourite Content