ក្រុមចម្រៀងប្រុសកូរ៉េ Tomorrow X Together ឬត្រូវបានស្គាល់ផងដែរតាមរយៈឈ្មោះកាត់ TXT បានបង្ហាញអារម្មណ៍រំភើបខណៈពួកគេកំពុងចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍លើកដំបូងនៅអឺរ៉ុប ក្នុងសប្ដាហ៍នេះ បន្ទាប់ពីបានសម្រាកពីការងារទាំងអស់រយៈពេល២ខែកន្លងមក។

កាលពីខែមករា ផលិតកម្មរបស់ពួកគេគឺ Big Hit Music ដែលជាទ្រនំរបស់ក្រុម BTS ដែរបានប្រកាសថា TXT នឹងផ្អាកការងាររយៈពេលវែងដើម្បីបានសម្រាក និងចំណាយពេលជាមួយគ្រួសាររបស់ពួកគេ បន្ទាប់ពីប្រធានក្រុមគឺ Soobin បាននិយាយថាលោកត្រូវសម្រាកដោយហេតុផលសុខភាព។
នៅក្នុងបទសម្ភាសមួយ មុនពេលឡើងសម្ដែងលើឆាកនៃពហុកីឡដ្ឋាន O2 Arena ឯទីក្រុងឡុងដ៍ សម្រាប់ការសម្តែងលើកដំបូងរបស់ពួកគេនៅចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ សមាជិក Hueningkai បាននិយាយថានេះជាលើកទីមួយហើយដែលពួកគេបានសម្រាកការងាររយៈពេលយូរបែបនេះ ចាប់តាំងពីពួកគេ Debut (បង្ហាញមុខលើកដំបូង)។

ការប្រគំតន្ត្រីទេសចរណ៍អឺរ៉ុបរបស់ពួកគេបានចាប់ផ្ដើមនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញនៅថ្ងៃទី ២០ ខែមីនា ហើយបន្ទាប់ពីការសម្ដែងនៅអង់គ្លេស ពួកគេនឹងបន្តទៅសម្ដែងទីក្រុងផ្សេងទៀតដូចជាទីក្រុងបែឡាំង ប្រទេសអាល្លឺម៉ង់ ទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងអាំស្ទែដាំ ប្រទសហូឡង់។
ទន្ទឹមនឹងការមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍ សមាជិកក្រុមមួយរូបគឺ Beomgyu ក៏គ្រោងនឹងចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនជាអាល់ប៊ុម mixtape មានចំណងជើងថា “Panic” នៅថ្ងៃទី២៧ ខែមីនានេះផងដែរ។
បង្ហាញខ្លួនដំបូងក្នុងខែមីនា ឆ្នាំ ២០១៩ រយៈពេល ៦ ឆ្នាំកន្លងមកនេះ សមាជិក TXT ទាំង ៥ រូបបានកសាងភាពល្បីល្បាញយ៉ាងរឹងមាំជាមួយនឹងរសជាតិបទចម្រៀងបែបប៉ុបរ៉ុក ដោយមានបទល្បីៗដូចជា “Blue Hour”, Sugar Rush Ride” និង “0X1=LOVESONG (You Know I love You)” ។
បើយោងតាមស្ថាប័នឧស្សាហកម្មតន្ត្រី IFPI អាល់ប៊ុម “Minisode 3: Tomorrow” របស់ពួកគេបានជាប់ចំណាត់ថ្នាក់ជាអាល់ប៊ុមលក់ដាច់បំផុតទី ១០ ទូទាំងពិភពលោក ក្នុងឆ្នាំ ២០២៤ ៕

























Account
Security
Favourite Content