រយៈពេល ៦ ឆ្នាំមកហើយចាប់តាំងពីក្រុម Stray Kids បានបង្ហាញខ្លួន គេមិនបានឃើញផលិតកម្ម JYP Entertainment បញ្ចេញក្រុមចម្រៀងបុរសថ្មីណាមួយឡើយ ប៉ុន្តែពេលនេះ ពួកគេគ្រោងនឹងបង្ហាញក្រុមចម្រៀងបុរសថ្មីមួយមានឈ្មោះថា NEXZ។

ផលិតកម្ម JYP Entertainment បានប្រកាសកាលពីថ្ងៃទី១ ខែឧសភាថា ក្រុមចម្រៀង NEXZ នឹងបង្ហាញខ្លួនផ្លូវការជាលើកដំបូងជាមួយនឹងបទចម្រៀង “Ride the Vibe” នៅថ្ងៃទី ២០ ខែឧសភា និងបានទម្លាក់វីដេអូខ្លីមួយដែលបង្ហាញមុខសមាជិកទាំង ៧ រួមមានដូចជា Tomoya, Yu, Haru , Seita , Hyui, Yuki និង So Geon ។
មុនប្រកាសចេញមុខផ្លូវការនេះដែរ ក្រុមរបស់ពួកគេបានចេញបទចម្រៀងសាកល្បងមួយបទមានចំណងជើងថា “Miracle” កាលពីខែធ្នូ។
គួរបញ្ជាក់ថា សមាជិកក្រុមថ្មីមួយនេះគឺជាអ្នកឈ្នះទាំងប្រាំពីររូបពីកម្មវិធីប្រកួតប្រជែងតារាខេប៉ុបនៅប្រទេសជប៉ុន “Nizi Project Season 2” ដែលបានចាក់ផ្សាយកាលពីខែកក្កដាដល់ខែធ្នូឆ្នាំមុន។ សមាជិកទាំងអស់នៃក្រុមគឺជាជនជាតិជប៉ុន លើកលែងតែ So Geon ម្នាក់គត់ដែលជាជនជាតិកូរ៉េប៉ុន្តែក៏កើតនៅប្រទេសជប៉ុនដូចគ្នា។
នាយកក្រុមហ៊ុន JYP Entertainment លោក Park Jin-young បានពន្យល់អំពីឈ្មោះក្រុមនេះថា NEXZ មានន័យថា “Next Generation” ឬ “អ្នកជំនាន់ក្រោយ” និងឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់ពួកគេដើម្បី “បើកអនាគតនៃជំនាន់ថ្មី”។ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា ថាតើ Boy Group ថ្មីរបស់ JYP លើកនេះខ្លាំងៗនិងជោគជ័យប៉ុណ្ណា!

























Account
Security
Favourite Content