KBS បានចេញសេចក្ដីប្រកាសក្នុងការហាមឃាត់ចាក់ផ្សាយបទ Mantra របស់ Jennie និង Unconditional របស់ Jaehyun ក្រោមហេតុផលទំនុកច្រៀងនៃបទនេះល្មើសនឹងមាត្រា ៤៦ នៃបទប្បញ្ញត្តិពិនិត្យការផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែតុលានេះ។

មាត្រា ៤៦នេះបានចែងពីការហាមឃាត់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មនៃយីហោណាមួយនៅក្នុងបទចម្រៀង។ ជាក់ស្ដែងទំនុកច្រៀងនៅក្នុងបទ Mantra បានបញ្ចូលនូវឈ្មោះយីហោធំៗចំនួន ២គឺ យីហោប៊ឺហ្គឺ In-N-Out ក្នុងឃ្លា “Cause we had to do an In-N-Out Drive-by” និង ម៉ាកឡានទំនើប Land Rover Defender ក្នុងឃ្លា “Pretty girls packed in a Defender”។
បន្ថែមពីបទ Mantra KBS ក៏បានហាមឃាត់បទថ្មីមិនទាន់ចេញ Unconditional របស់ Jaehyun សមាជិក NCT ក្រោមហេតុផលតែមួយផងដែរ។ ដោយឡែកព័ត៌មានលម្អិតថាមានយីហោណាខ្លះបានបញ្ចូលនៅក្នុងបទមួយនេះនៅមិនទាន់ផ្សព្វផ្សាយនៅឡើយទេ។ មូលហេតុមកពីបទនេះនៅមិនទាន់ចេញផ្សាយនៅឡើយ ជាមួយនឹងគម្រោង ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលានេះ នៅវេលាម៉ោង ៦ល្ងាច ម៉ោងនៅក្នុងប្រទេសកូរ៉េ។

បើទោះបីជាមានការហាមឃាត់បែបនេះក្ដី ក្នុងករណីដែលសិល្បករ និងផលិតកម្មនៅតែចង់ចាក់ផ្សាយបទរបស់ខ្លួន ពួកគេអាចកែប្រែទំនុកច្រៀងត្រង់ចំណុចដែលមានបញ្ហានោះសាជាថ្មី នោះក្រុមការងាររបស់ KBS និងធ្វើការពិនិត្យម្ដងទៀត។ ទាក់ទងនឹងរឿងនេះ ផលិតកម្ម OA Entertainment ដែលជាទ្រនំរបស់ Jennie បានឆ្លើយតបថា៖ ពួកយើងគ្មានគម្រោងក្នុងការកែសម្រួលទំនុកច្រៀងទេ”។
ថ្វីបើមិនបានចាក់ផ្សាយក៏ពិតមែន តែបទចម្រៀងដែលផ្សព្វផ្សាយឱ្យមនុស្សម្នាក់ៗមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯងរបស់ Jennie នៅតែទទួលបានជោគជ័យនៅលើ Spotify ក៏ដូចជាឈរឈ្មោះលើតារាងធំៗទាំង ៣របស់ Billboard ទៀតផង។ តួយ៉ាងបទនេះ បានទទួលចំណាត់ថ្នាក់លេខ ២នៅលើ Billboard Global Excl. U.S., លេខ ៩៨នៅលើ Billboard Hot 100 និង លេខ ៣ នៅលើ Billboard Global 200។
គួរបញ្ជាក់ផងដែរថា នេះជារឿងធម្មតានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្រោះមុននឹងចេញផ្សាយនៅលើបណ្ដាញនីមួយៗក្រុមការងារដែលពាក់ព័ន្ធនឹងត្រូវពិនិត្យមើល និងធ្វើការចាប់ពិរុទ្ធ (Censorship) ទៅតាមស្ថានភាពជាក់ស្ដែង និងច្បាប់នៃប្រទេសនោះ ៕

























Account
Security
Favourite Content