បន្ទាប់ពី J-hope បានចេញបទ “Killin’ It Girl (feat. GloRilla)” កាលពីសប្តាហ៍មុន មកដល់ថ្ងៃទី២៤ ខែមិថុនា គេហទំព័រអាមេរិក Billboard ក៏បានរាយការណ៍ថាបទចម្រៀងនេះបានបង្ហាញខ្លួនដំបូងនៅចំណាត់ថ្នាក់លេខ ៤០ នៅលើតារាង Billboard Hot 100 ដែលជាកំណត់ត្រាខ្ពស់បំផុតរបស់លោកនៅលើតារាងនេះ និងធ្វើឱ្យលោកក្លាយជាសិល្បករទោល K-pop ដែលមានបទជាប់នៅតារាង Billboard Hot 100 ច្រើនបំផុត។

ផ្អែកតាមសេចក្ដីរាយការណ៍ខាងលើ មកទល់ពេលនេះ J-hope មានបទចម្រៀងជាប់ចំណាត់ថ្នាក់លើតារាង Billboard Hot 100 ចំនួនប្រាំបីបទរួមមាន៖បទ “Killin’ It Girl”, បទ “On The Street”, បទ “Mona Lisa”, បទ “Sweet Dreams”, បទ “Chicken Noodle Soup”, បទ “More”, បទ “LV Bag” និងបទ “Arson” ។
ក្រៅពីជាប់ចំណាត់ថ្នាក់លើតារាង Billboard Hot 100 ដែលជាតារាងចម្រៀងពេញនិយមនៅសហរដ្ឋអាមេរិក បទ “Killin’ It Girl” ក៏បានជាប់ចំណាត់ថ្នាក់នៅលើតារាង Billboard ពីរផ្សេងទៀតគឺតារាងចម្រៀងពេញនិយមសកល Billboard Global 200 នៅចំណាត់ថ្នាក់លេខ ៣ តាមរយៈចំនួនចូលស្ដាប់ (Streaming) សរុប ៥៥.១ លានដង និងការលក់សរុបចំនួន ៤៣០០០ ច្បាប់នៅទូទាំងពិភពលោក និងនៅសហរដ្ឋអាមេរិក។
មួយទៀត បទចម្រៀងនេះបានជាប់នៅលើតារាង Billboard Global Exclu. US ដែលជាតារាងដែលប្រមូលទិន្នន័យពីជុំវិញពិភពលោក ប៉ុន្តែមិនរាប់បញ្ចូលសហរដ្ឋអាមេរិកទេ។ ជាលទ្ធផលទិន្នន័យបានបង្ហាញថា បទចម្រៀងនេះទទួលបានការចូលស្ដាប់ ឬ Streaming ចំនួន ៤៨.៦ លានដង និងលក់បាន ២៥០០០ ច្បាប់ចម្លង ជាការបញ្ជាក់ឱ្យឃើញសាជាថ្មីពីឥទ្ធិពលលំដាប់សកលរបស់សមាជិក BTS រូបនេះក្នុងនាមជាសិល្បករទោល ៕



























Account
Security
Favourite Content