Yuna ត្រៀមបង្ហាញសមត្ថភាពច្រៀង និងរ៉េបពេញទីនៅក្នុងអាល់ប៊ុមទោលដំបូងរបស់ខ្លួន ដែលគ្រោងចេញផ្សាយក្នុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ ខណៈកំពុងក្ដោបឱកាសក្នុងការងារជាតារាសម្ដែងផងដែរ។

ផ្អែកតាមសារព័ត៌មាន Sports Kyunghyang ចុះផ្សាយនៅថ្ងៃ៦ ខែមករា នេះថា Yuna នឹងបញ្ចេញអាល់ប៊ុមទោលទី១ របស់ខ្លួន ដើម្បីអាចបង្ហាញសមត្ថភាព និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់នាង លើសពីអ្វីដែលបានបង្ហាញក្នុងនាមជាសមាជិកក្រុម ITZY។
បច្ចុប្បន្ន តារាស្រីវ័យ ២២ ឆ្នាំបានចាប់ផ្ដើមថតវីដេអូចម្រៀងហើយ។ ទន្ទឹមគ្នានេះ នាងក៏កំពុងតែមមាញឹកជាមួយនឹងការងារក្រុម ខណៈ ITZY នឹងមានកម្មវិធីប្រគំតន្ត្រីទេសចរណ៍ទី ៣ Tunnel Vision ដែលនឹងចាប់ផ្ដើមចេញដំណើរចាប់ពីថ្ងៃ១៣ ខែកុម្ភៈ តទៅ ជាមួយនឹងការសម្ដែងដំបូងនៅក្នុងទីក្រុងសេអ៊ូល។

ក្រៅពីការងារចម្រៀង Yuna ក៏បានចាប់ឱកាសក្នុងការងារសម្ដែងផងដែរ ដោយតារាស្រីត្រូវបានទូរទស្សន៍ tvN ជ្រើសរើសឱ្យសម្ដែងនៅក្នុងរឿង Undercover Miss Hong និង My Favorite Employee ដែលគ្រោងចាក់ផ្សាយនៅក្នុងឆ្នាំ ២០២៦ នេះដូចគ្នា។
គួរឱ្យដឹងផងដែរថា Yuna គឺជាសមាជិកទី ២ របស់ ITZY ដែលមានអាល់ប៊ុមទោល ពោលគឺបន្ទាប់ពី Yeji ដែលបានចេញអាល់ប៊ុម AIR កាលពីខែមីនា ឆ្នាំមុន។ ជាក់ស្ដែង ស្នាដៃរបស់ Yeji ក៏ទទួលបានជោគជ័យមិនធម្មតាដែរ ដោយទស្សនាវដ្ដី Dazed បានបញ្ចូលអាល់ប៊ុមនេះទៅក្នុងតារាង “បទចម្រៀងខេប៉ុបល្អបំផុតទាំង ៣០ ប្រចាំឆ្នាំ២០២៥”៕



























Account
Security
Favourite Content