កាលពីថ្ងៃទី ១៨ ខែមិថុនា Korea Herald និងសារព័ត៌មានកូរ៉េជាច្រើនទៀតបានរាយការណ៍ដោយដកស្រង់ប្រភពផ្ទៃក្នុងផ្សេងៗ រួមទាំងប្រភពពី HYBE និយាយថា BTS នឹងធ្វើការវិលត្រលប់ជាក្រុមពេញលេញនៅក្នុងខែមីនា ឆ្នាំ២០២៦។

ប្រភពមួយដែលមានមូលដ្ឋាននៅក្រៅប្រទេសបានឱ្យដឹងថា “ខណៈពេលដែលកាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានកំណត់ តែភាគរយច្រើនគឺនៅពាក់កណ្តាលខែមីនា ហើយពួកគេនឹងត្រលប់មកវិញមុនឬក្រោយក្រុម TXT ដែលស្ថិតក្នុងផលិតកម្មរួមគ្នាបន្តិច។
សេចក្ដីរាយការណ៍ដដែលបានអះអាងថា ENHYPEN ដើមឡើយមានគម្រោងនឹងត្រលប់មកវិញនៅខែមីនាឆ្នាំក្រោយ ប៉ុន្តែបានកំណត់ពេលមកខែមករាវិញ ដើម្បីកុំឱ្យមានការជាន់គ្នាជាមួយ BTS ។
នៅពេលត្រូវបានសួរបញ្ជាក់អំពីពាក្យចចាមអារ៉ាមនេះ BIGHIT MUSIC បានឆ្លើយតបយ៉ាងខ្លីថា ពួកគេមិនទាន់មានការសម្រេចចិត្តអំពីកាលវិភាគវិលត្រលប់របស់ BTS នៅឡើយទេ។
ត្បិតថាការវិលត្រលប់នៅខែមីនាហាក់ដូចជានៅឆ្ងាយបន្តិច តែនាយកប្រតិបត្តិ HYBE លោក Lee Jae Sang ធ្លាប់បានពន្យល់ក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនកាលពីថ្មីៗនេះថា សមាជិកក្រុមនឹងត្រូវការពេលវេលាដើម្បីរៀបចំ និងផ្តោតលើសកម្មភាពច្នៃប្រឌិតបន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេ។ លោកថាពួកគេនឹងធ្វើការជាមួយផលិតករលំដាប់កំពូលៗ ប៉ុន្តែសិល្បករក៏ត្រូវការពេលវេលាដើម្បីឆ្លុះបញ្ចាំង និងបញ្ចូលថាមពលឡើងវិញដែរ។
ទន្ទឹមនេះ Jin សមាជិកច្បងរបស់ក្រុមក៏នឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ទោលរបស់ខ្លួនមានឈ្មោះថា ‘Runseokjin_EP.Tour’ នៅថ្ងៃទី ២៨ និង ២៩ ខែមិថុនា ដោយការប្រគំតន្ត្រីទេសចរណ៍នេះនឹងមានកម្មវិធីចំនួន ១៨ ឆាកនៅទីក្រុងចំនួន ៩ ក្នុងប្រទេសផ្សេងៗហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ១០ ខែសីហា។ មើលតាមកាលវិភាគនេះ លទ្ធភាពនៃការវិលត្រលប់ជាក្រុមពេញលេញនៅឆ្នាំ ២០២៥ ហាក់ដូចជាទាប។
យ៉ាងណាក៏ដោយ ប្រភពផ្ទៃក្នុងមួយចំនួនបានបង្ហើបថា ពួកគេអាចនឹងមានបទចម្រៀង Pre-release ឬគម្រោងដាច់ដោយឡែកមួយ មុនពេលការត្រឡប់មកវិញជាផ្លូវការ ៕
























Account
Security
Favourite Content