កាលពីថ្ងៃទី ២៦ ខែកុម្ភៈ HYBE ដែលជាផលិតកម្មខេប៉ុបធំជាងគេនាពេលបច្ចុប្បន្នបានប្រកាសថា ខ្លួនបានកត់ត្រាការលក់សរុប ២,១៧ ទ្រីលានវ៉ុន (១,៦៣ ពាន់លានដុល្លារ) និងប្រាក់ចំណេញប្រតិបត្តិការ ២៩៥,៨ ពាន់លានវ៉ុន (២២២ លានដុល្លារ) ក្នុងឆ្នាំ ២០២៣។ ការលក់ និងប្រាក់ចំណេញប្រតិបត្តិការរបស់ HYBE បានកើនឡើង ២២,៦% និង ២៤,៩% ធៀបនឹងមួយឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ អត្រាកំណើនប្រចាំឆ្នាំជាមធ្យម (CAGR) ក្នុងរយៈពេលបីឆ្នាំកន្លងមកគឺ ៣១,៧% សម្រាប់ការលក់ និង ២៤,៧% សម្រាប់ប្រាក់ចំណេញប្រតិបត្តិការ។

របាយការណ៍បានបង្ហាញថា សិល្បកររបស់ HYBE Labels អាចលក់អាល់ប៊ុមបានចំនួន ៤៣,៦ លានច្បាប់ក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។ ក្នុងនោះ Seventeen បានលក់អាល់ប៊ុមក្នុងចំនួនខ្ពស់បំបែកកំណត់ត្រាដល់ ១៦ លានច្បាប់ ខណៈអាល់ប៊ុមទោលរបស់សមាជិក BTS លក់បាន ៨,៧ លានច្បាប់ទាំងក្នុង និងក្រៅប្រទេស ដែលបង្ហាញពីឥទ្ធិពលសកលដ៏ខ្លាំងរបស់ពួកគេ។ អាល់ប៊ុមរបស់សិល្បករផ្សេងទៀតក៏ទទួលបានប្រជាប្រិយភាពខ្លាំងដែរដូចជា TOMORROW X TOGETHER លក់បាន ៦,៥ លានច្បាប់ NewJeans លក់បាន ៤,២៦ លានច្បាប់ និង ENHYPEN លក់បាន ៣,៨៨ លានច្បាប់។

សម្រាប់ផ្នែក Streaming ឬស្ដាប់លើអនឡាញ បទចម្រៀងពី HYBE ក៏បង្ហាញតួលេខរីកចម្រើនគួរឱ្យកត់សម្គាល់ដែរ។ ជាក់ស្ដែង Jungkook បានជាប់ចំណាត់ថ្នាក់លើតារាង Billboard Hot 100 យ៉ាងយូរជាមួយនឹងបទ “Seven” “3D” និង “Standing Next to You” ។ NewJeans បានជាប់ចំណាត់ថ្នាក់ទី ១ និងទី ២ ក្នុងតារាង Streaming ប្រចាំឆ្នាំរបស់ប្រទេសកូរ៉េ ហើយក៏មានបទចម្រៀងចំនួន ៥ នៅលើ Billboard Hot 100 ផងដែរ។ នៅអាមេរិកខាងជើង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE America ដូចជា Big Machine Label Group (BMLG) និង QC Music ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងដែរ។ ជាលទ្ធផល ចំណូលពីការ Streaming របស់ HYBE បានឈានដល់ប្រហែល ៣០០ ពាន់លានវ៉ុន (២២៥ លានដុល្លារ) កាលពីឆ្នាំមុន ដែលកើនឡើង ៨០% ធៀបនឹងឆ្នាំកន្លងទៅ។
ដោយសារការរាតត្បាតជំងឺកូវីដ១៩ ការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីក៏កើនឡើងប្រហែល ៤០% ពី ១៩៤ លានដុល្លារកាលពីឆ្នាំ២០២២ ឡើងដល់ ២៧០លានដុល្លារកាលពីឆ្នាំ២០២៣។ ចំនួនអ្នកសម្ដែងបានកើនឡើងពី ៤ ក្រុមទៅ ៧ ក្រុម ហើយចំនួនការប្រគំតន្ត្រីសរុបបានកើនឡើងពី ៧៨ ឆាកទៅ ១២៥ ឆាក។ ការប្រគំតន្ត្រីដែលគួរឱ្យកត់សម្គាល់មានដូចជាការប្រគំតន្ត្រីរបស់ Sugar, Seventeen, TOMORROW X TOGETHER, ENHYPEN និង LE SSERAFIM ជាដើម។

ទន្ទឹមនេះ HYBE គ្រោងនឹងបង្ហាញមុខសិល្បករមួយចំនួននៅឆ្នាំនេះ ចាប់ផ្តើមជាមួយនឹងការបង្ហាញខ្លួនក្រុម TWS ពី Pledis Entertainment ក្នុងខែមករា ក្រុម I’LL-IT ពី Belief Lab និង KATEYES ពី HYBE x Geffen Records ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។ សិល្បករ HYBE ដែល debut រួចក៏មានគម្រោងចាប់ផ្តើមចេញអាល់ប៊ុមថ្មីចាប់ពីត្រីមាសទីពីរតទៅដែរ។
លើសពីនេះទៀតនៅខាងអាមេរិក ក្រុមហ៊ុន HYBE America បានចុះកិច្ចសន្យាថ្មីជាមួយតារារ៉េប Ozuna, Kaliii និងតារាជាច្រើនទៀតកាលពីឆ្នាំមុន ខណៈនៅឆ្នាំ ២០២៤ នេះពួកគេកំពុងរំពឹងកំណើនប្រាក់ចំណូលដ៏សំខាន់ជាមួយនឹងការចេញអាល់ប៊ុមពេញរបស់ Ariana Grande ៕























Account
Security
Favourite Content