ក្រុមហ៊ុនចម្រៀងធំបំផុតរបស់កូរ៉េ HYBE ទើបតែបានប្រកាសពីប្រាក់ចំណូលត្រីមាសទី 3 ឆ្នាំ 2025 ដោយអាចរកបានចំនួន 727.2 ពាន់លានវ៉ុន (497 លានដុល្លារ) ជាការកើនឡើង 37.8% ធៀបនឹងត្រីមាសដដែលកាលពីឆ្នាំមុន និងនាំឱ្យប្រាក់ចំណូលសរុបរបស់ពួកគេសម្រាប់រយៈពេលបីត្រីមាសដំបូងនៃឆ្នាំ 2025 ឡើងដល់ 1.93 ទ្រីលានវ៉ុន (1319 លានដុល្លារ)។


កត្តាសំខាន់មួយដែលរួមចំណែកដល់ការកើនឡើងប្រាក់ចំណូលនៃត្រីមាសនេះគឺការរៀបចំព្រឹត្តិការណ៍ដែលមានការចូលរួមពីសិល្បករ ដូចជាការប្រគំតន្ត្រី ការជួបជុំអ្នកគាំទ្រ និងកម្មវិធីផ្សេងៗទៀត ដែលបានបង្កើតប្រាក់ចំណូលបានចំនួន 477.4 ពាន់លានវ៉ុន (326 លានដុល្លារ) ស្មើនឹង 66% នៃប្រាក់ចំណូលដែលបានពីការលក់ទាំងអស់ ជាពិសេសសម្រាប់កម្មវិធីរបស់សិល្បករល្បីៗដូចជា Jin ក្រុម BTS, SEVENTEEN, TXT និង ENHYPEN។
ចំណែកប្រាក់ចំណូលពីការលក់អាល់ប៊ុមបានថយចុះបន្តិចមកត្រឹម 189.8 ពាន់លានវ៉ុន (129 លានដុល្លារ) ដោយសារតែរយៈពេលត្រីមាសកន្លងទៅមិនសូវមានការចេញអាល់ប៊ុមថ្មីៗនោះទេ ក៏ប៉ុន្តែសម្រាប់ការលក់វត្ថុអនុស្សាវរីយ៍ និងការចុះសមាជិកក្លឹបអ្នកគាំទ្រវិញគឺអាចរកប្រាក់ចំណូលបានសរុបដល់ 249.8 ពាន់លានវ៉ុន (170 លានដុល្លារ)។
ចំពោះវេទិកាសកល Weverse ក៏មានគម្រោងពង្រីកបន្ថែមទៀតទៅក្នុងប្រទេសចិនផងដែរ ដែលត្រូវបានគេរំពឹងថានឹងអាចជំរុញប្រាក់ចំណូលបន្ថែមទៀត ហើយការដែលក្រុម BTS ត្រលប់មកជុំគ្នាវិញក៏ត្រូវបានគេរំពឹងថានឹងជំរុញកំណើនប្រាក់ចំណូលបន្ថែមទៀតដែរ។
យ៉ាងណាក៏ដោយ ក្នុងត្រីមាសកន្លងទៅ ក្រុមហ៊ុន HYBE នៅតែខាតទុនបន្ថែមជាង 42.2 ពាន់លានវ៉ុន (28.8 លានដុល្លារ) ដោយសារការចំណាយលើការកសាងអាជីវកម្មផ្នែកអាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញា និងការរៀបចំរចនាសម្ព័ន្ធអាជីវកម្មនៅអាមេរិកខាងជើងឡើងវិញ។ ពួកគេជឿជាក់ថា ការបណ្ដាក់ទុននេះនឹងជំរុញការរីកចម្រើនរយៈពេលវែង ដោយសារការបង្ហាញខ្លួនក្រុមថ្មីក្នុងពេលដំណាលគ្នាក៏អាចបង្កើតប្រាក់ចំណេញផងដែរ ទោះបីក្នុងរយៈពេលខ្លីដោយ។
លោក Lee Jae-sang នាយកប្រតិបត្តិ HYBE បានថ្លែងថា៖ “ដោយសារវិស័យ K-pop ស្នូលរបស់ HYBE ត្រូវបានរំពឹងថានឹងរក្សាប្រាក់ចំណេញបានក្នុងកម្រិតពី 10% ទៅ 15% នៅឆ្នាំនេះ ដូច្នេះមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុននៅតែរឹងមាំ”។ លោកបន្ថែមថា៖ “ដោយសារប្រតិបត្តិការប្រាក់ចំណេញភាគច្រើនត្រូវបានគេរំពឹងថានឹងបានរួចរាល់នៅត្រីមាសទីបួននៃឆ្នាំនេះ ដូច្នេះការកែលម្អរចនាសម្ព័ន្ធប្រាក់ចំណូលនឹងចាប់ផ្តើមនៅក្នុងឆ្នាំបន្ទាប់” ៕

























Account
Security
Favourite Content