ក្នុងឆ្នាំ២០២៤នេះ ភាពយន្ដបែបវាយតប់ និងក្បាច់គុនរបស់ហុងកុងអាចរកចំណូលបានយ៉ាងច្រើន បន្ទាប់ពីធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងឈុតឆាកប្រយុទ្ធដ៏រំភើប សិល្បៈក្បាច់គុនប្រកបដោយភាពច្នៃប្រឌិត និងសាច់រឿងទាក់ទាញ។ ក្នុងឆ្នាំ ២០២៤ នេះភាពយន្តបាញ់ប្រហារនិងវាយតប់ប្រហែល ៣០ រឿងត្រូវបានចាក់បញ្ចាំងទូទាំងប្រទេស ហើយប្រាក់ចំណូលទៀតសោតក៏ច្រើនក្រាស់ក្រែលដែរ។
ក្នុងចំណោមភាពយន្តវាយតប់ប្រហែល ៣០ រឿងដែលចេញបញ្ចាំងនៅប្រទេសចិនក្នុងឆ្នាំនេះ ភាពយន្តដែលជោគជ័យនាំមុខគេនោះគឺភាពយន្តក្បាច់គុន “Twilight of the Warriors: Walled In” ដែលអាចរកចំណូលបានជាង ៩៣ លានដុល្លារអាមេរិក ចាប់តាំងពីចេញបញ្ចាំងក្នុងខែឧសភា។ កែសម្រួលពីប្រលោមលោកល្បីរឿង ‘City of Darkness’ របស់អ្នកនិពន្ធ Yuyi ខ្សែភាពយន្តនេះនិយាយពីរឿងរ៉ាវរបស់ក្រុមអ្នកលេងដែលត្រូវតស៊ូដើម្បីរស់រានមានជីវិតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅហុងកុង។
លោក Soi Cheang ដែលជាអ្នកដឹកនាំរឿងនេះបានឱ្យដឹងថាគន្លឺះជោគជ័យនៃភាពយន្តនេះក៏មិនខុសពីរឿងជោគជ័យផ្សេងៗដែរ គឺបានមកពីការរួមបញ្ចូលគ្នាយ៉ាងល្អនូវធាតុផ្សំផ្សេងៗដូចជាឈុតវាយតប់ស្ដែងៗ រូបភាពទាក់ភ្នែក និងសាច់រឿងពាក់ព័ន្ធឧក្រិដ្ឋកម្មមានខ្លឹមសារគួរឱ្យចង់តាមដាន។
ភាពយន្តក្បាច់គុនមួយទៀតដែលបានទទួលការចាប់អារម្មណ៍ក្នុងឆ្នាំនេះគឺរឿង ‘Eye for an Eye 2’ សម្តែងដោយតារាក្បាច់គុន Mo Tse ដែលរៀបរាប់អំពីដំណើរផ្សងព្រេងស្វែងរកយុត្តិធម៌របស់អ្នកប្រយុទ្ធពិការភ្នែក ខណៈភាពយន្តវាយតប់លេចធ្លោបន្ទាប់ទៀត គឺរឿង “Customs Frontline” ជារឿងបែបឧក្រិដ្ឋកម្មសម្ដែងដោយតារាហុងកុងជើងចាស់ Jacky Cheung និង Nicholas Tse ។
កាន់តែពិសេសទៀតនោះ មុនដាច់ឆ្នាំ២០២៤ អ្នកគាំទ្រកុនហុងកុងនឹងបានរំភើបជាមួយភាពយន្តវាយតប់ធំមួយទៀតគឺរឿង “The Prosecutor” របស់តារាសម្ដែង Donnie Yen ដែលនឹងចាក់បញ្ចាំងនៅប្រទេសចិននៅថ្ងៃទី២៧ ខែធ្នូនេះ។ ភាពយន្តនេះត្រូវបានចាត់ទុកថាជាភាពយន្តមួយដែលមានអ្នករង់ចាំទស្សនាច្រើនបំផុត ខណៈរឿងមិនទាន់ចាក់បញ្ចាំង ប៉ុន្តែអាចរកចំណូលបានរហូតដល់ ១៤ លានដុល្លាររួចទៅហើយពីការកក់សំបុត្រទុកមុន ៕




























Account
Security
Favourite Content