លើកដំបូងក្រោយរយៈពេល ៩ ឆ្នាំ ក្រុមចម្រៀងខេប៉ុប Hightlight ទើបតែបានចេញអាល់ប៊ុមចម្រៀងដោយប្រើប្រាស់ឈ្មោះដើមរបស់ពួកគេគឺ Beast ម្ដងទៀត បន្ទាប់ពីត្រូវប្រើឈ្មោះ Hightlight រហូតមកដោយសារបញ្ហាកម្មសិទ្ធិបញ្ញា។

អាល់ប៊ុមថ្មីមានចំណងជើងថា “From Real to Surreal” ដែលចេញផ្សាយកាលពីល្ងាចថ្ងៃទី២៨ ខែមេសា បានក្លាយជាអាល់ប៊ុមដំបូងក្នុងរយៈពេល ៩ឆ្នាំដែលក្រុមចម្រៀងមានសមាជិក ៤ នាក់មួយនេះបានចេញក្រោមឈ្មោះថា Beast ដែលជាឈ្មោះដើមរបស់ពួកគេពេលបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ២០០៩។ អាល់ប៊ុមនេះដែរបានចេញផ្សាយរយៈពេលប្រហែលមួយឆ្នាំបន្ទាប់ពីអាល់ប៊ុម “Switch On” និងជាអាល់ប៊ុមចម្រៀងទី២០ ក្នុងអាជីពរបស់ពួកគេ។
ផ្ដោតទៅលើការសន្យារបស់សមាជិកក្រុមក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រទាំងក្នុងពិភពពិត និងពិភពស្រមើស្រមៃ អាល់ប៊ុមខ្នាតតូចថ្មីនេះមានបទចម្រៀងសរុបចំនួន ៤ បទរួមមានបទ “Chains” ជាបទនាំមុខ និងបទផ្សេងទៀតដូចជា “Endless Ending”, “Good Day to You” និង “Follow Me”។

គួររំឭកថា ក្រុមចម្រៀងដែលបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៩ មួយនេះដើមឡើយមានសមាជិកសរុប ៦ នាក់ និងមានឈ្មោះថា Beast ប៉ុន្តែបន្ទាប់ពីចែកផ្លូវជាមួយក្រុមហ៊ុន Cube Entertainment ក្នុងឆ្នាំ២០១៧ ពួកគេក៏លែងមានសិទ្ធិប្រើឈ្មោះចាស់របស់ខ្លួន។ ក្រោយមកសមាជិកក្រុមបានរួមគ្នាបង្កើតក្រុមហ៊ុនថ្មីផ្ទាល់ខ្លួនមានឈ្មោះថា Around Us Entertainment និងចាប់ផ្ដើមសកម្មភាពថ្មីដោយប្រើឈ្មោះ Hightlight។
នៅឆ្នាំ២០១៦ មុនពួកគេចាប់ផ្ដើមក្រុមហ៊ុននិងឈ្មោះថ្មីនេះ អតីតសមាជិក Hyun-seung ក៏បានបានចាកចេញពីក្រុម ហើយនៅឆ្នាំ២០១៩ សមាជិក Jun-hyung ក៏បានចាកចេញពីក្រុមម្នាក់ទៀត បន្ទាប់ពីមានឈ្មោះពាក់ព័ន្ធក្នុងរឿងអាស្រូវក្លឹប Burning Sun ។
រហូតដល់ខែមេសា ឆ្នាំមុន ទើបសមាជិកក្រុមបួននាក់ដែលនៅសល់រួមមាន Doojoon, Yoseob, Gikwang និង Dongwoon បានឈានដល់កិច្ចព្រមព្រៀងជាមួយ Cube Entertainment ដើម្បីប្រើប្រាស់ឈ្មោះ Beast ម្ដងទៀត ៕



























Account
Security
Favourite Content