កាលពីថ្ងៃទី ២៩ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចែករំលែកលើគណនី Truth Social ថា លោកនឹងយកពន្ធ ១០០ភាគរយពីខ្សែភាពយន្តទាំងអស់ដែលផលិតនៅក្រៅប្រទេស ដោយអះអាងថា ប្រទេសដទៃកំពុងតែលួចយកវិស័យផលិតភាពយន្តនេះពីសហរដ្ឋអាមេរិក។

ផ្អែកតាមសារព័ត៌មាន Reuters ឆន្ទៈនៃការពង្រីកគោលនយោបាយពាណិជ្ជកម្មរបស់ លោក Donald Trump នាគ្រានេះ បានជះផលប៉ះពាល់ទៅលើភាពយន្តហូលីវូដដែលកំពុងតែសហការផលិតជាមួយនឹងប្រទេសដទៃ ក៏ដូចជាខ្សែភាពយន្តបរទេសផ្សេងទៀតផងដែរ។
លោក Trump បាននិយាយថា៖ “អាជីវកម្មផលិតភាពយន្ដរបស់យើងត្រូវបានប្រទេសផ្សេងទៀតលួចពីសហរដ្ឋអាមេរិក ដូចជា ការដែលគេលួចយកស្ករគ្រាប់ពីកូនក្មេងអ៊ីចឹង” ។
យ៉ាងណាមិញ បច្ចុប្បន្ននៅមិនទាន់មានព័ត៌មានលម្អិតទេថា ប្រធានាធិបតីអាមេរិកទី ៤៥ និងទី ៤៧រូបនេះ នឹងទម្លាក់កាងារប្រមូលពន្ធទៅខាងស្ថាប័នណា ខណៈពេលដែល ភាគីសេតវិមាន ក៏ដូចជាស្ទូឌីយោធំៗ រួមមាន Warner Bros Discovery, Paramount Skydance និង Netflix មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters នោះទេ។

យោងតាមទិន្នន័យពី ProdPro សម្រាប់ឆ្នាំ ២០២៤ ទឹកប្រាក់ចំណាយក្នុងការផលិតភាពយន្តនៅលើទឹកដីសហរដ្ឋអាមេរិកបានធ្លាក់ចុះ ២៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២។ គិតជាដុល្លារអាមេរិក នៅក្នុងឆ្នាំកន្លងទៅនេះ ការចំណាយនៅក្នុងសហរដ្ឋអាមេរិកមានចំនួន ១៤.៥៤ពាន់លាន ចក្រភពអង់គ្លេសចំនួន ៥.៩១ពាន់លាន ប្រទេសកាណាដាចំនួន ៥.៤១ពាន់លាន ប្រទេសអូស្ត្រាលីរួមគ្នានឹងនូវែលសេឡង់ចំនួន ២.០៤ពាន់លាន ខណៈការចំណាយសរុប ៣ប្រទេសរួមគ្នា នៅឯអាល្លឺម៉ង់ ហុងគ្រី និងឆេកមានចំនួន ១ពាន់លាន។
ទិន្នន័យនេះ ស្របទៅនឹងការឱ្យដឹងរបស់នាយកប្រតិបត្តិស្ទូឌីយោម្នាក់កាលពីដើមឆ្នាំ ២០២៥ ដែលថា ភាពយន្តទំនើបរបស់អាមេរិកបានប្រើប្រាស់ការផលិត ប្រាក់ហិរញ្ញប្បទាន និងការកាត់តនៅតាមបណ្ដាប្រទេសជាច្រើន ដូចជាប្រទេសកាណាដា ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលប្រទេសទាំងនេះបានទាក់ទាញភាពយន្តដែលចំណាយដើមទុនច្រើន ក៏ព្រោះតែមានការលើកទឹកចិត្តផ្នែកពន្ធដារ (Tax Incentives)។
ទន្ទឹមគ្នានេះ កិច្ចសហការផលិតជាមួយស្ទូឌីយ៉ូបរទេសក៏កាន់តែជារឿងធម្មតាផងដែរ។ ជាពិសេសនៅអាស៊ី និងអឺរ៉ុប ដែលដៃគូក្នុងប្រទេសទាំងនោះផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងបណ្តាញចែកចាយភាពយន្តជាដើម។
នាយកប្រតិបត្តិស្ទូឌីយោរូបដដែលបានព្រមានវិញថា ការដាក់កំហិតពន្ធលើភាពយន្តដែលផលិតនៅបរទេស អាចប៉ះពាល់ដល់បុគ្គលិកជនជាតិអាមេរិកាំងរាប់ពាន់នាក់ដែលកំពុងតែបំពេញការងាររបស់ខ្លួននៅក្រៅប្រទេស។

គួររំឭកថា លោក Donald Trump បានបំផុសគំនិតនៃការប្រមូលពន្ធនេះដំបូងនៅក្នុងខែឧសភា ឆ្នាំ ២០២៥ ជាមួយនឹងព័ត៌មានលម្អិតតិចតួច ដែលធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុនកម្សាន្តជាច្រើនរូបមិនច្បាស់ថា តើការប្រមូលពន្ធនេះ នឹងអនុវត្តចំពោះភាពយន្តពីប្រទេសជាក់លាក់ណាមួយ ឬអនុវត្តសម្រាប់គ្រប់ភាពយន្តនាំចូលទាំងអស់។
នៅគ្រានោះ សម្ព័ន្ធសហជីព និងសមាគមភាពយន្តអាមេរិកក៏បានផ្ញើលិខិតមួយច្បាប់ទៅលោក Donald Trump ដើម្បីពិចារណាទៅលើ ការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងបំណងអាចទាក់ទាញគម្រោងភាពយន្ត និងការផលិតកម្មវិធីទូរទស្សន៍ផ្សេងៗឱ្យត្រឡប់មកផលិតលើទឹកដីសហរដ្ឋអាមេរិកវិញ៕



























Account
Security
Favourite Content