នៅថ្ងៃទី៧ ខែមករានេះ Variety បានចុះផ្សាយថា Teagan Croft នឹងមកសម្ដែងជាតួអង្គព្រះនាង Rapunzel ខណៈ Milo Manheim នឹងសម្ដែងជាតួអង្គចោរ Flynn Rider នៅក្នុងរឿង Tangled ទម្រង់មនុស្សសម្ដែង។


ភាពយន្តគំនូរជីវចលពីចក្រវាល Disney Princess និយាយពីព្រះនាងដែលមានសក់វេទមន្តវែងអន្លាយរឿង Tangled នឹងផលិតជាភាពយន្តមនុស្សសម្ដែង ដោយមានតារាស្រី Teagan Croft មកសម្ដែងជាតួឯកស្រី។ ជាក់ស្ដែង តារាស្រីជនជាតិអូស្រ្តាលីរូបនេះ ត្រូវបានសាធារណជនស្គាល់មុខរួចមកហើយ តាមរយៈការសម្ដែងនៅក្នុងរឿង Titans និងរឿង True Spirit ជាដើម។
ដោយឡែកសម្រាប់តួអង្គប្រុសដែលជាមេចោរពេញដោយមន្តស្នេហ៍ Flynn Rider វិញ បានធ្លាក់ទៅលើ Milo Manheim តារាប្រុសដែលធ្លាប់រួមការងារជាមួយនឹង Disney ជាច្រើនឆ្នាំរួចមកហើយ តាមរយៈរឿង Zombies នឹងគម្រោងផ្សេងៗទៀត។

គួរឱ្យដឹងផងដែរថា រឿង Tangled បានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ២០១០។ គិតមកទល់នឹងបច្ចុប្បន្ន គំនូរជីវចលនេះអាចរកចំណូលសរុបបានដល់ទៅ ៥៩១ លានដុល្លារអាមេរិក ខណៈមានការគាំទ្រខ្លាំង រហូត Disney បានផលិតនូវភាពយន្តខ្លី Tangled Ever After និងរឿងភាគ Rapunzel’s Tangled Adventure បន្ថែមទៀត។
នៅក្នុងទម្រង់មនុស្សសម្ដែងនេះ Michael Gracey ដែលជាម្ចាស់ស្នាដៃរឿង The Greatest Showman នឹងចូលខ្លួនមកដឹកនាំ ក្រោមការសរសេរអត្ថបទភាពយន្តដោយ Kaytin Robinson អ្នកសរសេរអត្ថបទភាពយន្តរឿង Thor: Love and Thunder និង I Know What You Did Last Summer។ បន្ថែមពីនេះ Tangled ក៏បាន Kristin Burr មកធ្វើជាផលិតករផងដែរ ខណៈលោកស្រីគឺជាផលិតកររឿង Cruella និង Freakier Friday ពីមុនមក។




























Account
Security
Favourite Content