ក្រោយពីចាក់បញ្ចាំងភាគបញ្ចប់នៃរដូវកាលទី១ Twelve ភាពយន្តភាគដែលប្រមូលម្ដុំទៅដោយតារាល្បីៗ និងមានគម្រោងផលិតដល់ទៅ ៤រដូវកាល បែរជាទទួលបានលទ្ធផលមិនសូវល្អ ខណៈទស្សនិកជនក៏រិះគន់លើគុណភាពរបស់រឿង។

ចាប់តាំងពីមុនពេលចាក់បញ្ចាំងភាគដំបូងនៅចុងខែសីហា Twelve ទទួលបានការរំពឹងទុកខ្ពស់ថា ភាពយន្តនេះនឹងក្លាយជាភាពយន្តល្បីមួយប្រចាំឆ្នាំ ដោយមានគម្រោងថា អាចនឹងផលិតបន្តចំនួន ៣រដូវកាលទៀត។
ក្ដីរំពឹងខាងលើបានកើតឡើង ដោយសារតែ Twelve គឺជាភាពយន្តដែល KBS បានបណ្ដាក់ទុនយ៉ាងច្រើន ដោយបានជ្រើសរើសតារាសម្ដែងលំដាប់ៗ ដូចជា Ma Dong Seok, Seo In Guk, Park Hyung Sik, Lee Joo Bin និង Sung Dong Il ដែលម្នាក់ៗសុទ្ធសឹងតែមានទំនោរអាចនាំរឿងនេះទទួលជោគជ័យ។
ជាងនេះទៅទៀត ភាពយន្តខាងលើក៏មានសាច់រឿងពិសេសថ្មី ដោយបានទាញយកសត្វប្រចាំឆ្នាំទាំង ១២ មកធ្វើជាតួអង្គសំខាន់ក្នុងសាច់រឿង ដែលជាវីវបុរសត្រូវប្រយុទ្ធប្រឆាំងនឹងសភាវ:អាក្រក់ ដើម្បីការពារមនុស្សលោក។

យ៉ាងណាមិញ នៅពេលដែលចាក់ផ្សាយចំនួនអ្នកទស្សនាបានធ្លាក់ចុះជាបន្តបន្ទាប់។ ដើមឡើយ ភាពយន្តនេះទទួលបានចំនួនអ្នកទស្សនា ៨.១ភាគរយ មុននឹងធ្លាក់មក ៥.៩ភាគរយនៅក្នុងភាគទី២ បន្តដោយ ៣.១ភាគរយ ២.៦ភាគរយ រហូតធ្លាក់ចុះមកត្រឹម ២.៤ ភាគរយក្នុងភាគបញ្ចប់ ខណៈភាពយន្តរឿង Bon Appétit, Your Majesty ដែលចាក់ផ្សាយក្នុងថ្ងៃតែមួយ ថ្ងៃទី១៤ ខែកញ្ញា ទទួលបានអ្នកទស្សនាដល់ទៅ ១៥.៤ ភាគរយ។
សារព័ត៌មាន Allkpop បានរាយការណ៍ពីមតិរិះគន់ ដោយអ្នកខ្លះបានយល់ឃើញថា ការអភិវឌ្ឍសាច់រឿងដូចជាគម្រោងកូនក្មេង ហើយបច្ចេកទេស CGI នៅធ្វើមិនទាន់បានល្អនៅឡើយ។ ឯទស្សនិកជនផ្សេងទៀត យល់ឃើញថា តួធំដូចជា Ma Dong Seok ខ្វះភាពលេចធ្លោ ដោយការសម្ដែងរបស់លោក ប្រៀបដូចជាការចម្លងពីស្នាដៃចាស់ៗអ៊ីចឹង។
តាមរយៈសារព័ត៌មាន Dispatch លទ្ធផលនេះ បានប៉ះពាល់ដល់គម្រោងក្នុងពេលអនាគតដែលមានផែនការផលិតរដូវកាលបន្ទាប់ទៀត។ ជាក់ស្ដែង ក្រុមការងាររបស់រឿង Twelve ធ្លាប់បានចែករំលែកថា៖ “រដូវកាលទី ១ សាច់រឿងបង្ហាញថា ទេវតាបាត់បង់ថាមពលរបស់ពួកគេ ខណៈដែលរដូវកាលទី ២ យើងនឹងឃើញពួកគេត្រឡប់មកវិញ។ កម្មវិធីនេះត្រូវបានគ្រោងទុកជាគម្រោងដែលមានច្រើនដូវកាល ប៉ុន្តែឥឡូវនេះវាមិនអាចទៅរួចនោះទេ”៕



























Account
Security
Favourite Content