នៅថ្ងៃទី ១២ ខែឧសភា មហោស្រពភាពយន្តទីក្រុង Cannes លើកទី៧៨ បានប្រកាសហាមប្រាមមិនឱ្យ អ្នកចូលរួមស្លៀកឈុតសិចស៊ី និងឈុតដែលវែងអូសដី ដើម្បីការពាររបៀបរៀបរយរបស់កម្មវិធី។

យោងតាមសេចក្ដីប្រកាសនៅលើគេហទំព័ររបស់មហោស្រពដោយផ្ទាល់ អ្នកចូលរួមទាំងអស់ គឺមិនអនុញ្ញាត្តឱ្យស្លៀកពាក់បញ្ចេញសាច់ ឬមានប្រវែង និងទំហំធំខ្លាំងពេកនោះទេ ក្រោយហេតុផលថា ឈុតសម្លៀកបំពាក់ទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់របៀបរៀបរយ និងការរៀបចំកន្លែងអង្គុយនៅក្នុងទីតាំងប្រារព្ធកម្មវិធី។
មហោស្រពភាពយន្តរបស់បារាំងមួយនេះ ក៏បានបញ្ជាក់ទៀតថា បើសិនជាតារារូបណាមិនគោរពតាមការកំណត់ថ្មីនេះ ក្រុមការងារនឹងមិនអនុញ្ញាត្តឱ្យចូលរួមក្នុងបរិវេណកម្មវិធីឡើយ។ ក្នុងការឆ្លើយតបជាមួយនឹងសារព័ត៌មាន The Hollywood Reported តំណាងនៃមហោស្រពបានឆ្លើយតបថា ការចេញច្បាប់ថ្មីនេះ មិនមែនធ្វើឡើងដើម្បីគ្រប់គ្រងលើការស្លៀកពាក់របស់អ្នកចូលរួមនោះទេ តែគឺដើម្បីការពារកុំឱ្យមានការអាក្រាតកាយ សមស្របទៅតាមច្បាប់របស់ប្រទេសបារាំង។


ទន្ទឹមគ្នានេះ កាសែត Osen បានរៀបរាប់ថា ការចេញច្បាប់ថ្មីនេះ អាចនឹងជាវិធានការណ៍មួយ ឆ្លើយតបនឹងតារាស្រី ដូចជា Bella Hadid និង Kendall Jenner ដែលបានស្លៀករ៉ូបស្បៃ បង្ហាញរាងកាយផ្នែកខាងលើ។ យ៉ាងណាមិញ មហោស្រពនេះ មិនបានផ្ដល់ព័ត៌មានជាក់លាក់ទេថា ឈុតនីមួយៗអាចបញ្ចេញសាច់បានកម្រិតប៉ុណ្ណា និងគួរមានប្រវែងប៉ុន្មាននោះទេ។
គួរឱ្យដឹងផងដែរថា មហោស្រពភាពយន្ត Cannes ឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែឧសភា វេលាម៉ោង ៧: ១៥នាទីយប់ ជាមួយនឹងពិធីបើកនៅឯ Palais des Festivals ក្នុងទីក្រុង Cannes ភាគខាងត្បូងប្រទេសបារាំង រហូតដល់ថ្ងៃទី២៤ ក្នុងខែតែមួយនេះ។

ជារៀងរាល់ឆ្នាំ កម្រាលព្រំក្រហមរបស់មហោស្រពភាពយន្តទីក្រុង Cannes គឺជាទីតាំងមួយដែលតារាសម្ដែងពីជុំវិញពិភពលោកបង្ហាញម៉ូដសម្លៀកបំពាក់របស់ខ្លួន។ ដូច្នេះ ការប្រកាសផ្លាស់ប្ដូរច្បាប់ភ្លាមៗបែបនេះ អាចនឹងប៉ះពាល់ដល់ការតុបតែងខ្លួន និងហ្វេសសិនរបស់តារាដែលគ្រោងនឹងចូលរួមមិនតិចនោះ៕






















































Account
Security
Favourite Content