ចូលបំពេញកាតព្វកិច្ចយោធាមួយរយៈហើយពិតមែន ប៉ុន្តែសមាជិកក្រុម BTS នៅតែមានស្នាដៃចម្រៀងចេញឱ្យអ្នកគាំទ្របានស្ដាប់ជាហូរហែ។

កាលពីថ្ងៃទី ២ ខែមិថុនា គេហទំព័រ Billboard បានប្រកាសថាអាល់ប៊ុមថ្មីរបស់ RM ក្រុម BTS មានចំណងជើងថា “Right Place, Wrong Person” បានបង្ហាញខ្លួនក្នុងសប្ដាហ៍ដំបូងនៅចំណាត់ថ្នាក់លេខ ៥ នៅលើតារាង Top 200 Albums ដែលជាចំណាត់ថ្នាក់អាល់ប៊ុមពេញនិយមបំផុតនៅសហរដ្ឋអាមេរិក។
ការជាប់ចំណាត់ថ្នាក់លើកនេះត្រូវបានចាត់ទុកជាកំណត់ត្រាខ្ពស់បំផុតរបស់ RM សម្រាប់ការបើកឆាកនៅលើតារាង Billboard 200 ខណៈដែលអាល់ប៊ុមមុនរបស់គេមានចំណងជើងថា “Indigo” បានបើកឆាកនៅចំណាត់ថ្នាក់ទី ១៥ ក្នុងតារាងនេះ មុនឡើងដល់ចំណាត់ថ្នាក់ខ្ពស់បំផុតលេខ ៣ នៅសប្ដាហ៍បន្តបន្ទាប់។ សមិទ្ធិផលនេះដែរធ្វើឱ្យ RM បានក្លាយជាតារាចម្រៀង K-pop ដំបូងគេដែលមានអាល់ប៊ុមពីរបានជាប់ក្នុងចំណាត់ថ្នាក់ Top Five នៃតារាង Billboard 200។
មិនតែប៉ុណ្ណោះ អាល់ប៊ុម “Right Place, Wrong Person” ក៏អាចសម្រេចការលក់បានច្រើនបំផុតផងដែរសម្រាប់ RM នៅសហរដ្ឋអាមេរិក។ យោងទៅតាមគេហទំព័រទន្ន័យតន្ត្រី Luminate អាល់ប៊ុមនេះអាចលក់ដាច់សរុបទាំងអនឡាញ និងអាល់ប៊ុមស៊ីឌីចំនួន ៥៤០០០ ច្បាប់ក្នុងសប្តាហ៍ដំបូងដែលបញ្ចប់នៅថ្ងៃទី ៣០ ខែឧសភា ខណៈត្រូវបានចាក់ស្ដាប់លើបណ្ដាញ Streaming ផ្សេងៗសរុបជាង ១០ លានដងក្នុងសប្ដាហ៍ដំបូង។
ងាកមកសមាជិកកូនពៅ Jungkook វិញ នៅថ្ងៃទី ៣ ខែមិថុនានេះ ក្រុមហ៊ុន BIGHIT MUSIC បានប្រកាសថារូបគេនឹងចេញបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្រមានចំណងជើងថា “Never Let Go” នៅចុងសប្តាហ៍នេះ។
បទ “Never Let Go” នេះត្រូវបានពិពណ៌នាថាជា “ការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគាំទ្ររបស់ Jungkook ដោយភ្ជាប់មកជាមួយនូវសារ ‘កុំលែងដៃគ្នា’” ជា “និមិត្តសញ្ញានៃការដឹងគុណចំពោះក្តីស្រលាញ់គ្មានព្រំដែនពី ARMY គ្រប់ទិសទីជុំវិញពិភពលោក”។ បទថ្មី “Never Let Go” របស់ Jungkook នឹងចេញនៅថ្ងៃទី ៧ ខែមិថុនា។


ដំណឹងរីករាយមួយទៀតសម្រាប់ ARMY គឺ Jin នឹងក្លាយជាសមាជិកដំបូងរបស់ BTS ដែលបានបញ្ចប់កាតព្វកិច្ចយោធា គឺនៅថ្ងៃទី ១២ ខែមិថុនាខាងមុខ បន្ទាប់ពីបានចូលជួរកងទ័ពក្នុងខែធ្នូ ឆ្នាំ ២០២២។ ដើម្បីជាការអបអរសាទរ តារារូបនេះនឹងរៀបចំកម្មវិធីជួបអ្នកគាំទ្រ រយៈមួយថ្ងៃបន្ទាប់ពីការបញ្ចប់កាតព្វកិច្ចនេះ។ ការជួបជុំអ្នកគាំទ្រនេះដែរគឺជាផ្នែកមួយការប្រារព្ធខួបនៃការបង្ហាញខ្លួនលើកដំបូងរបស់ BTS ៕
























Account
Security
Favourite Content