ផ្អែកតាមទិន្ន័យពីក្រុមហ៊ុនចែកចាយ Trafalgar ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្តឯកសាររបស់ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour ‘D-Day’ The Movie” បានក្លាយជាភាពយន្តបែបប្រគំតន្ត្រីដែលអាចរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន និងជាភាពយន្តប្រគំតន្ត្រីដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តសម្រាប់សិល្បករទោល K-pop។

ភាពយន្តនេះអាចរកចំណូលបានសរុប ១០,១៦ លានដុល្លារនៅទូទាំងពិភពលោក បន្ទាប់ពីបានចាក់បញ្ចាំងក្នុងរោងកុនចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមេសា ដោយអាចរកចំណូលបាន ២,៥៨ លានដុល្លារក្នុងប្រទេសម៉ិកស៊ិក និងបានឈរនៅលេខ ១០ ក្នុងបញ្ជីភាពយន្តរកចំណូលបានខ្ពស់បំផុតនៅរោងកុនអាមេរិកចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមេសា ដោយរកចំណូលសរុបសរុបចំនួន ២,៣ លានដុល្លារនៅអាមេរិកខាងជើង។
ខ្សែភាពយន្តនេះបានបង្ហាញពីរឿងរ៉ាវក្រោយឆាករបស់ Suga ឬ Agust D នៅក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Suga Agust D” និងបានបង្ហាញពីការសម្ដែងខ្លះៗពីការប្រគំតន្ត្រីនេះដែលមានអ្នកទស្សនាសរុប ២៩ ម៉ឺននាក់ ដោយមានការសម្ដែងសរុប ២៥ លើក នៅទីក្រុងចំនួន ១០។
ក្រៅពីភាពយន្តដែលចេញបញ្ចាំងតាមរោងកុន កាលពីឆ្នាំមុន Suga ក៏បានចេញផ្សាយភាពយន្តឯកសារមួយដែរនៅលើវេទិកាស្រ្ទីមមីង Disney+ មានចំណងជើងថា “Suga: Road to D-Day” ដែលបង្ហាញការធ្វើដំណើរជុំវិញពិភពលោករបស់គេដើម្បីស្រាវជ្រាវគំនិតសរសេរបទចម្រៀងសម្រាប់អាល់ប៊ុម “D-Day” ៕

























Account
Security
Favourite Content