ឆមាសទីពីរនៃឆ្នាំ 2025 នឹងជារដូវកាលក្ដៅគគុកម្ដងទៀតសម្រាប់វិស័យ K-pop ខណៈដែលសិល្បករជួរមុខពីទីភ្នាក់ងារធំៗទាំងបួនគឺ SM, JYP, YG និង HYBE សុទ្ធតែកំពុងត្រៀមខ្លួនវិលត្រលប់មកឆាកតន្ត្រីវិញ។ នាំមុខគេក្នុងបញ្ជីគឺ aespa, Twice, Blackpink និង BTS ខណៈការវិលត្រលប់ជុំគ្នារបស់ក្រុម BTS បន្ទាប់ពីការបំពេញកាតព្វកិច្ចយោធាត្រូវបានគេរំពឹងខ្ពស់ថានឹងធ្វើឱ្យទីផ្សារ K-pop កម្រើកខ្លាំងម្ដងទៀត។

ក្នុងចំណោមតារាល្បីៗខាងលើ Aespa ក្រុមចម្រៀងស្រីល្បីរបស់ SM Entertainment នឹងធ្វើការវិលត្រលប់មុនគេ។ បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់កំពូលកាលពីឆ្នាំមុនជាមួយបទល្បីៗជាច្រើនដូចជា “Armageddon” , “Supernova” និង “Whiplash”, aespa គ្រោងនឹងចេញបទចម្រៀងថ្មីនៅក្នុងខែមិថុនានេះហើយ។
ភាពជោគជ័យរបស់ aespa ក៏ត្រូវបានបង្ហាញឱ្យឃើញផងដែរតាមរយៈការលក់អាល់ប៊ុម ដោយអាចលក់ដាច់ខ្ទង់លានៗចំនួន ៥ អាល់ប៊ុមជាប់គ្នា។ អ្នកវិភាគផ្នែកតន្ត្រីរបស់កូរ៉េលោក Lim Hee-yun បាននិយាយថា៖ “ការប្រគំតន្ត្រីនាពេលថ្មីៗនេះរបស់ aespa មានឈ្មោះថា “Synk: Parallel Line” ដែលចាប់ផ្ដើមនៅទីក្រុងសេអ៊ូលកាលពីខែមីនាឆ្នាំមុន បានបង្ហាញនូវឥទ្ធិពលរបស់ពួកគេម្ដងទៀតដោយអាចលក់សំបុត្រដាច់អស់ៗនៅសហរដ្ឋអាមេរិក និងអឺរ៉ុប”។


ងាកទៅមើលខាង YG វិញ ព័ត៌មាននៃការត្រលប់មកវិញជុំគ្នារបស់ Blackpink បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះឡើងដល់កម្រិតខ្ពស់រយៈពេល 52 សប្តាហ៍ ដោយគិតត្រឹមថ្ងៃច័ន្ទសប្ដាហ៍នេះមានតម្លៃ 63 ដុល្លារក្នុងមួយហ៊ុន។ ស្ថាបនិក និងជាផលិតករ YG លោក Yang Hyun-suk បានទម្លាយពីបទចម្រៀងថ្មីដែលត្រៀមចេញសម្រាប់ Blackpink ហើយបានប្រកាសថាពួកគេនេះនឹងបង្ហាញការសម្តែងថ្មីៗក្នុងដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Deadline” ដែលចាប់ផ្តើមនៅថ្ងៃទី 5 និង 6 ខែកក្កដា។ ទន្ទឹមនោះ YG បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីត្រួតពិនិត្យការត្រឡប់មកវិញរបស់ Blackpink តែម្ដង។
អាល់ប៊ុមពេញចុងក្រោយរបស់ក្រុម “Born Pink” ត្រូវបានចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំ 2022។ ទោះបីជាសកម្មភាពក្រុមត្រូវបានផ្អាកជាង 2 ឆ្នាំក៏ដោយ ប៉ុន្តែសមាជិក Jennie, Rosé និង Lisa នៅតែស្ថិតក្នុងការចាប់អារម្មណ៍ខ្ពស់សម្រាប់សកម្មភាពទោល ដែលពង្រឹងការទាក់ទាញជាសកលសម្រាប់ក្រុមរបស់ពួកគេទាំងមូល។

បន្ទាប់ពី Blackpink ក្រុមនារី Twice របស់ JYP Entertainment នឹងចេញអាល់ប៊ុមពេញទី 4 របស់ខ្លួនមានចំណងជើងថា “This is For” នៅថ្ងៃទី 11 ខែកក្កដា ដែលជាស្នាដៃចម្រៀងថ្មីដំបូងរបស់ពួកគេក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយ បន្ទាប់ចេញអាល់ប៊ុម EP មួយកាលពីខែមករា និងជិត 3 ឆ្នាំ 8 ខែបើគិតចាប់តាំងពីអាល់ប៊ុមពេញចុងក្រោយរបស់ពួកគេ “Formula of Love: O+T=〈3” បានចេញក្នុងខែវិច្ឆិកា ឆ្នាំ 2021។
ថ្មីៗនេះ Twice បានបង្ហាញខ្លួនក្នុងនាមជាភ្ញៀវកិត្តិយសក្នុងការប្រគំតន្ត្រីរបស់ក្រុមចម្រៀងអង់គ្លេស Coldplay នៅទីក្រុងសេអ៊ូលដែលមានអ្នកទស្សនាប្រហែលបីសែននាក់។ ជាមួយសន្ទុះគាំទ្រឥតឈប់ឈរ ពួកគេក៏គ្រោងនឹងឡើងសម្ដែងក្នុងនាមជាសិល្បករសំខាន់ក្នុងកម្មវិធីមហោស្រពតន្ត្រី Lollapalooza នៅទីក្រុង Chicago សហរដ្ឋអាមេរិកនៅថ្ងៃទី 2 ខែសីហាខាងមុខផងដែរ។ ខណៈខួបគម្រប់ 10 ឆ្នាំរបស់ក្រុមខិតជិតមកដល់ សមាជិកទាំងអស់ក៏មានគម្រោងរៀបចំព្រឹត្តិការណ៍សម្រាប់អ្នកគាំទ្រ និងការប្រគំតន្ត្រីទេសចរណ៍បន្ថែមនៅចុងឆ្នាំនេះផងដែរ។


និយាយពីខាង HYBE វិញ សមាជិកទាំងអស់របស់ BTS នឹងបានបញ្ចប់កាតព្វកិច្ចយោធាគ្រប់គ្នាក្នុងខែនេះ។ បន្ទាប់ពី Jin និង J-Hope ត្រូវបានរំសាយពីជួរទ័ពកាលពីខែមិថុនា និងតុលាឆ្នាំមុន នៅឆ្នាំនេះ RM និង V នឹងត្រូវរំសាយនៅថ្ងៃទី 10 ខែមិថុនា បន្ទាប់មក Jimin និង Jungkook នៅថ្ងៃទី 11 ខែមិថុនា។ ចំណែក Suga ដែលបច្ចុប្បន្នកំពុងបម្រើការជាភ្នាក់ងារសេវាកម្មសង្គម ក៏គ្រោងនឹងរំសាយចេញនៅថ្ងៃទី 21 ខែមិថុនាដែរ។ ខួបគម្រប់ 12 ឆ្នាំរបស់ពួកគេនៅថ្ងៃទី 13 ខែមិថុនា ទំនងជានឹងឱកាសដ៏សំខាន់មួយដែលអ្នកគាំទ្រអាចនឹងឃើញការត្រលប់ជុំគ្នាវិញរបស់សមាជិកទាំង 7។
លោក Choi Kwang-ho អគ្គលេខាធិការនៃសមាគមមាតិកាតន្ត្រីកូរ៉េបានព្យាករថាការលក់អាល់ប៊ុមខេប៉ុបជារួមអាចនឹងធ្លាក់ចុះ 10 ភាគរយសម្រាប់ឆ្នាំនេះ ប៉ុន្តែបើមានការវិលត្រលប់មកវិញរបស់ BTS នោះនឹងអាចជួយធ្វើឱ្យទីផ្សារអាល់ប៊ុមស៊ីឌីរបស់កូរ៉េមានសន្ទុះរស់រវើកខ្លាំងឡើងវិញ។ យោងតាមតារាង Circle Chart ការលក់អាល់ប៊ុមបានធ្លាក់ចុះប្រហែល 40 ភាគរយក្នុងខែមករា ឆ្នាំ 2025 បើធៀបនឹងរយៈពេលដូចគ្នានៅមួយឆ្នាំមុន។ យ៉ាងណាមិញ ការវិលត្រលប់មកវិញរបស់ក្រុមចម្រៀងនារី IVE ក្នុងខែកុម្ភៈ និងការផ្សព្វផ្សាយទោលរបស់ Jennie នៅក្នុងខែមីនាបានស្ដារស្ថានភាពវិញ ដោយនាំមកនូវការលក់ប្រចាំត្រីមាសដំបូងបានស្មើនឹងឆ្នាំមុន ៕

























Account
Security
Favourite Content