តារាចម្រៀងអាមេរិក Britney Spears បានក្លាយជាតន្ត្រីករចុងក្រោយគេ ដែលបានលក់សិទ្ធិអាល់ប៊ុមចម្រៀងរបស់ខ្លួន រួមទាំងបទល្បីៗដូចជា “Baby One More Time” និង “Oops! I Did It Again”។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកជាច្រើនបានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ។

យោងតាមប្រភពដែលដកស្រង់ដោយគេហទំព័រព័ត៌មានតារា TMZ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានគេជឿថាមានតម្លៃប្រហែល ២០០ លានដុល្លារអាមេរិក ទោះបីជាចំនួនទឹកប្រាក់ពិតប្រាកដមិនត្រូវបានបញ្ជាក់លម្អិតនៅក្នុងឯកសារផ្លូវច្បាប់ក៏ដោយ។
ទឹកប្រាក់នេះមានតម្លៃប្រហាក់ប្រហែលនឹងការលក់អាល់ប៊ុមចម្រៀងរបស់តារាចម្រៀងកាណាដា Justin Bieber កាលពីឆ្នាំ ២០២៣ ដែរ។
តាមរយៈការលក់សិទ្ធិលើកនេះ តារាចម្រៀងស្រីវ័យ ៤៤ ឆ្នាំ Britney Spear បានចូលរួមក្នុងបញ្ជីសិល្បករកាន់តែច្រើនឡើងៗ ដែលបានលក់សិទ្ធិលើតន្ត្រីរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមមាន Bruce Springsteen និង Bob Dylan ក៏ដូចជា Shakira និងក្រុម KISS ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ថា សិទ្ធិទាំងនេះត្រូវបានទិញដោយក្រុមហ៊ុនផ្សាយតន្ត្រី Primary Wave ដែលមានស្នាដៃរបស់ Whitney Houston, Bob Marley, Prince និងសិល្បករដទៃទៀតនៅក្នុងបញ្ជីទ្រព្យរបស់ខ្លួន។
ការលក់នេះមានន័យថាក្រុមហ៊ុនដែលក្លាយជាម្ចាស់សិទ្ធិផ្សាយចម្រៀងនឹងទទួលបានប្រាក់កម្រៃសម្រាប់ការចាក់ផ្សាយគ្រប់ពេល ការលក់អាល់ប៊ុម ឬការប្រើប្រាស់នៅក្នុងការផ្សាយពាណិជ្ជកម្ម និងខ្សែភាពយន្តនានា។
ទីផ្សារសិទ្ធិតន្ត្រីដែលកំពុងរីកចម្រើនអនុញ្ញាតឱ្យសិល្បករអាចរកប្រាក់ចំណូលពីអាល់ប៊ុមរបស់ពួកគេ ដែលជាទ្រព្យសកម្មរយៈពេលវែងដ៏ទាក់ទាញសម្រាប់វិនិយោគិននៅក្នុងយុគសម័យ Streaming (ការស្តាប់អនឡាញ)។
ក្រុមហ៊ុនផលិតចម្រៀងធំៗដូចជា Sony, Universal និង Warner ក៏បានពង្រីកវិសាលភាពនៅក្នុងអាជីវកម្មប្រភេទនេះផងដែរ រួមជាមួយនឹងវិនិយោគិនឯកទេសគឺ Recognition Music Group និង Concord Music Publishing ។
Britney Spears បានចាប់ផ្តើមមានឈ្មោះល្បីល្បាញនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុន្តែបានដកខ្លួនចេញពីវិស័យតន្ត្រីស្ទើរទាំងស្រុងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នៅឆ្នាំ ២០២១ តុលាការសហរដ្ឋអាមេរិកបានបញ្ចប់សិទ្ធិអាណាព្យាបាលរបស់ឪពុក Britney Spears ដែលធ្វើឱ្យលោកអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់នាងអស់រយៈពេល ១៣ ឆ្នាំក្រោមមូលហេតុថានាងមានសតិអារម្មណ៍មិននឹងន ដែលតារាចម្រៀងរូបនេះបានពណ៌នាថាជាការរំលោភបំពាននាងទាំងស្រុង ៕


























Account
Security
Favourite Content