នៅកំលុងពេលប្រគំតន្ត្រី HIT ME HARD AND SOFT ឯទីក្រុង Manchester ប្រទេសអង់គ្លេស Billie Eilish បានប្រកាសថាខ្លួនកំពុងមានកិច្ចសហការជាពិសេស ជាមួយនឹងអ្នកដឹកនាំរឿង Avatar លោក James Cameron។

ជាក់ស្ដែង នៅក្នុងដំណើរប្រគំតន្រ្តីទេសចរណ៍ដែលធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែកក្កដា កន្លងទៅ Billie Eilish បានប្រកាសចំពោះមុខអ្នកគាំទ្រថា៖ “អ្នកប្រហែលជាបានសង្កេតឃើញហើយ ថ្ងៃនេះមានកាមេរ៉ាច្រើនជាងធម្មតា។ ខ្ញុំមិនអាចនិយាយអីបានច្រើនទេ តែអ្វីដែលខ្ញុំអាចប្រាប់បាននៅពេលនេះ គឺថា ខ្ញុំកំពុងតែធ្វើការជាមួយនឹងមនុស្សពិសេសម្នាក់ ឈ្មោះថា James Cameron ហើយវានឹងចេញមកជាប្រភេទ 3D”។
ដោយមានភារកិច្ចនៅក្នុងទីក្រុង Manchester រយៈពេល ៤ថ្ងៃ តារាស្រីវ័យ ២៣ឆ្នាំបាននិយាយបន្ថែមថា៖ “អ្នកគឺជាផ្នែកមួយនៅក្នុងគម្រោងដែលខ្ញុំបានសហការជាមួយគាត់ ហើយគាត់កំពុងតែអង្គុយនៅកន្លែងណាមួយនៅទីនេះ។ អ៊ីចឹងហើយ ខ្ញុំប្រហែលត្រូវពាក់ខោអាវមួយឈុតនេះ ៤ថ្ងៃជាប់គ្នាតែម្ដង”។

ខណៈព័ត៌មានលម្អិតអំពីគម្រោងថ្មី នៅលាក់ជាការណ៍សម្ងាត់នៅឡើយ អ្នកគាំទ្រកំពុងរង់ចាំទស្សនាថា កិច្ចសហការរវាងម្ចាស់បទ Birds of a Feather និងអ្នកដឹកនាំរឿង Titanic រូបនេះ អាចជា វីដេអូចម្រៀងថ្មី ភាពយន្តឯកសារ ភាពយន្តពីកម្មវិធីប្រគំតន្រ្តី ឬក៏យ៉ាងណាមិញ។
សូមរំឭកផងដែរថា Billie Eilish ក៏មិនមែនសិល្បករថ្មីថ្មោងនៅក្នុងវិស័យភាពយន្តប៉ុន្មានដែរ ព្រោះកន្លងមក នាងក៏ធ្លាប់មានស្នាដៃភាពយន្តផ្ទាល់ខ្លួនរួចមកហើយ រួមមានភាពយន្តពីខនសឺត Happier Than Ever: A Love Letter to Los Angeles និងភាពយន្តឯកសារ Billie Eilish: The World’s a Little Blurry៕

























Account
Security
Favourite Content