សិល្បករខេប៉ុប Jennie និង aespa ទទួលបានការកោតសរសើរពីកម្មវិធីលំដាប់ពិភពលោក Billboard Women in Music ក្លាយខ្លួនជា Global Force និង ក្រុមនារីប្រចាំឆ្នាំ ២០២៥នេះ។

កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅ ទស្សនាវដ្ដីផ្នែកតន្ត្រីល្បីឈ្មោះ Billboard ទើបតែបានបញ្ចប់កម្មវិធី Billboard Women in Music 2025 បានដោយជោគជ័យ ជាមួយនឹងការចូលរួមពីតារាចម្រៀងនារីលំដាប់ជួរមុខរបស់ពិភពលោកជាច្រើនរូប។
ជាក់ស្ដែង ក្រៅពីតារាចម្រៀងពីសហរដ្ឋអាមេរិក កាណាដា និង អ៊ីតាលី នៅក្នុងឆ្នាំនេះក៏មានការចូលរួមពីអ្នកចម្រៀងស្រីពីវិស័យប៉ុបរបស់កូរ៉េខាងត្បូងផងដែរ ដូចជា Aepsa និង Jennie ដោយអ្នកសិល្បករនារីទាំងនេះ សុទ្ធតែអាចដណ្ដើបានពានរង្វាន់ត្រឡប់ទៅផ្ទះវិញ។

តួយ៉ាង Karina, Giselle, Winnter និង Ningning សមាជិកក្រុម aespa ទទួលបានពានរង្វាន់ “ក្រុមចម្រៀងប្រចាំឆ្នាំ” ជាភាពជោគជ័យមួយបន្ថែមទៀតនៅលើឆាកសកល។ ដ្បិតទទួលបានការទទួលស្គាល់លំដាប់នេះទៅហើយក្ដី នៅពេលដែលឡើងទទួលរង្វាន់តារាស្រីទាំង ៤រូបនៅតែដាក់ខ្លួន ដោយបាននិយាយថា៖ “នេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោ ហើយពេលនេះពួកយើងពិតជាមានអារម្មណ៍ថាកក់ក្ដៅខ្លាំងមែនទែន។ ខ្ញុំសន្យាថា ពួកយើងនឹងអាចឡើងសម្ដែងពេញដោយថាមពលនៅលើឆាកតន្ត្រីនានា ឱ្យបានកាន់តែច្រើនជាងមុន”។
ដូចដែលបានសន្យា នៅក្នុងរាត្រីតែមួយ ក្រុមចម្រៀងពីផលិតកម្ម SM មួយនេះ ក៏បានឡើងបកស្រាយបទ Whiplash ជាមួយនឹងក្បាច់រាំពេញដោយកម្លាំង មិនខុសពីអ្វីដែលខ្លួនបាននិយាយ។

ដោយឡែក សម្រាប់ Jennie វិញ នៅក្នុងកម្មវិធីនេះ តារាស្រីសមាជិកក្រុម BLACKPINK បានឆក់យកពានរង្វាន់ Global Force មកគ្រប់គ្រងក្នុងដៃ ដោយពានរង្វាន់នេះបានបង្កើតឡើង សម្រាប់ស្រ្តីដែលហ៊ានស្រម៉ៃ និងបង្កើតពិភពលោកទៅតាមចក្ខុវិស័យរបស់ខ្លួន។
នៅពេលឡើងទទួលពានរង្វាន់ពេញដោយឥទ្ធិពលមួយនេះ តារាស្រីក៏មិនភ្លេចលើកសរសើរដល់ស្ត្រីដទៃទៀតថា៖ “គំនិតរបស់ខ្ញុំបានបំផុសដោយស្ត្រីដែលនៅក្នុងបន្ទប់នេះ និងស្ត្រីនៅជុំវិញពិភពលោក ដែលនៅតែបន្តបំបែករនាំង និងកសាងកេរ្តិ៍ឈ្មោះឱ្យពិភពលោកចងចាំ”។



គួរឱ្យដឹងផងដែរថា ក្រៅពី aespa និង Jennie នៅមានតារាស្រីជាច្រើនរូបទៀត ដែលអាចដណ្ដើមបានពានរង្វាន់ពីកម្មវិធីតែមួយនេះដូចគ្នា។ តួយ៉ាង Doechii ទទួលបានពានរង្វាន់ ស្រ្ដីប្រចាំឆ្នាំ, Angela Aguilar ទទួលបានពាន Breakthrough ស្របពេលដែរ Erykah Badu ទទួលបានពាន Icon។
ដោយឡែក តារាស្រី Glorilla ទទួលបានពាន Powerhouse ទន្ទឹមគ្នានឹង Gracie Abrams ទទួលបានពាន អ្នកនិពន្ធប្រចាំឆ្នាំ និង Megan Moroney ទទួលពាន Rulebreaker។ ឯពានរង្វាន់ Hitmaker, Rising Star និង Impact Award ធ្លាក់រៀងគ្នាទៅកាន់តារាស្រី Meghan Trainor, Muni Long និង Tyla។

គួរបញ្ជាក់ផងដែរថា Billboard Women in Music ជាកម្មវិធី ដែល Billboard បានបង្កើតឡើងដើម្បីប្រគល់ពានរង្វាន់ដល់ស្ត្រីដែលជាសិល្បករ អ្នកនិពន្ធ ផលិតករ និងនាយកប្រតិបត្តិពេញដោយឥទ្ធិពល និងបានរួមចំណែកនៅក្នុងឩស្សាហកម្មតន្ត្រី៕























Account
Security
Favourite Content