ទោះបីជាកន្លងមក ផលិតកម្ម LD Entertainment ទទួលរងការរិះគន់ និងពាក្យទិទានផ្សេងៗពាក់ព័ន្ធការផលិតស្រឡាយរឿង «នាងនាថ» ហើយដាក់ចំណងជើងរឿងថា «ប្រវត្តិស្នេហ៍នាងនាថ» ក៏ពិតមែន ប៉ុន្តែផលិតកម្មហាក់មិនខ្វាយខ្វល់អំពីអ្វីដែលបានកើតឡើងឡើយ ដោយគិតតែពីផ្តោតសំខាន់លើសាច់រឿង និងការផលិតឱ្យមានគុណភាពខ្ពស់សម្រាប់អ្នកទស្សនា។

ខណៈពាក្យរិះគន់នៅតែបន្តកើតមានជារឿយៗ ក៏ផលិតកម្ម LD Entertainment រក្សាជំហរការផលិតរឿងនេះយ៉ាងរឹងមាំ ហើយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Leak Ly Da ជាចាងហ្វាងផលិតកម្ម បានប្រកាសជំហររក្សាចំណងជើងរឿង «ប្រវត្តិស្នេហ៍នាងនាថ» ដូចដើម ហើយផលិតកម្ម អិលឌី គ្មានគោលការណ៍ដូរចំណងជើងទៅតាមការស្នើសុំរបស់ក្រុមហ៊ុនបរទេសឬ ប្រទេសណាមួយឡើយ។
ភ្ជាប់ជាមួយរូបថត poster ថ្មីរបស់រឿង «ប្រវត្តិស្នេហ៍នាងនាថ» ដែលមានតារាភាពយន្តមីយ៉ាន់ម៉ា Paing Takhon និងកញ្ញា មាលា ជាតួឯក លោក លៀក លីដា រៀបរាប់ឡើងថា «ផលិតកម្មអិលឌី គ្មានគោលការណ៍ដូរចំណងជើងទៅតាមការស្នើសុំរបស់ក្រុមហ៊ុនបរទេសរឺប្រទេសណាមួយឡើយ ព្រោះរឿងនេះ ជារឿងនិទាន ចំណាស់មួយដែលយើងបានស្ដាប់បានដឹងតាំងពីដើមមកនៅក្នុងប្រទេសរបស់យើង»។

បន្ទាប់ពីឃើញការបង្ហោះខាងលើ សិល្បករ-សិល្បការិនីជាច្រើន រួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចូលទៅបញ្ចេញមតិគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់ ចាងហ្វាង លៀក លីដា និងទទូចចង់ឃើញស្នាដៃរឿង «ប្រវត្តិស្នេហ៍នាងនាថ» ឱ្យឆាប់ទៀតផង។
សូមជម្រាបថា រឿង «ប្រវត្តិស្នេហ៍នាងនាថ» បានបិទបញ្ចប់ការថតដោយជោគជ័យកាលពីពេលថ្មីៗកន្លង ត្រៀមនឹងបង្ហាញវត្តមានតាមរោងភាពយន្តទំនើបណាពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះផងដែរ លោក លៀក លីដា បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១១ ខែមេសា ថា រឿង «ប្រវត្តិស្នេហ៍នាងនាថ និងមានដាក់បញ្ចូលនូវសិល្បៈវប្បធម៌ដូចជា ល្ខោនខោស្បែក ក្បាច់គុនខ្មែរតម្លៃនៃសន្តិភាព ការត្បាញសូត្រ ទូកង និងរបៀបធ្វើដាវប្រគាក់កាំបិតខ្មែរ ជាដើម»៕




























Account
Security
Favourite Content